ព័ត៌មានជាតិ
អាជីវករផ្សាររាត្រី បាត់ដំបង រអ៊ូរទាំរឿងអ្នកម៉ៅការសង់តូបអត់មានទ្វារ
ផ្សាររាត្រីក្រុងបាត់ដំបង រៀបចំឡើងដោយរដ្ឋបាលខេត្ត បានបង្វែរអាជីវករដែលកន្លងមកលក់នៅតាមមាត់ស្ទឹងសង្កែ ឲ្យចូលមកកាន់កន្លែងថ្មី កំពុងរងការរិះគន់ពីសំណាក់ក្រុមអាជីវករ ដោយសារតូបសាងសង់ឡើងសម្រាប់ឲ្យចូលទៅលក់ គ្មានទ្វារបិទបើកឡើយ។

គួរបញ្ជាក់ថា តូបផ្សាររាត្រីថ្មីនេះ បានសាងសង់ឡើងនៅលើសួនចំប៉ី ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោកណ្ដាល ក្រុងបាត់ដំបង។ តូបទាំងនេះ មានខ្នាតតូចៗ ទល់ខ្នងគ្នា ដោយនៅប៉ែកខាងកើត សម្រាប់អ្នកលក់ចំណីអាហារ ឯនៅប៉ែកខាងលិចសម្រាប់លក់សម្ភារៈប្រើប្រាស់ ដូចជា លក់ ខោអាវ ស្បែកជើង ទូរស័ព្ទ ។ល។
ប៉ុន្តែរយៈពេលប៉ុន្មានខែកន្លងទៅនេះ ក្រុមអាជីវករដែលនៅប៉ែកខាងលិច មិនទាន់បានចូលខ្លួនទៅលក់ទំនិញរបស់ខ្លួនឡើយ ដោយសារហេតុផលមានច្រើនយ៉ាង។ រហូតមានអាជីវករខ្លះ ដាក់ស្លាកជួលតូបថែមទៀតផង បញ្ហានេះទំនងជារត់មិនរួច ពិសេសតម្លៃតូប និងទំហំតូប វាមិនសមាមាត្រនឹងគ្នាទាល់តែសោះ។

អាជីវករមួយរូប មានមុខរបរលក់ និងជួសជុលទូរស័ព្ទ បាននិយាយថា តូបរបស់លោកបានត្រឹមតែដាក់ទូកញ្ចក់ដ៏តូចមួយ និងកៅអីពីរប៉ុណ្ណោះ សឹងតែរកផ្លូវចេញចូលមិនបាន។ ចំណែកបង្គន់អនាម័យដែលគេសាងសង់នៅចំកណ្ដាលនោះ សុទ្ធតែយកលុយទាំងអស់ ដោយបត់ជើងម្ដងមួយពាន់រៀល មិនមែនហ្វ្រីៗ ឲ្យអាជីវករឡើយ។

អាជីវករដដែល បានបន្តថា រឿងរាប់ខែហើយមិនទាន់មានក្រុមអាជីវករចូលមកលក់នោះ ដោយសារតែតូបនីមួយៗ ដែលក្រុមហ៊ុនម៉ៅការសាងសង់ឡើងគ្មានធ្វើទ្វារឲ្យទេ ដោយទុកចំហមុខក្រោយ។ ជាគោលការណ៍ តូប ត្រូវមានទ្វារសំណាញ់ដូចផ្សាររាត្រីចាស់ បើអាជីវករណាមិនពេញចិត្ត ឬគិតថាវាគ្មានសុវត្ថិភាព គឺ អាចឲ្យក្រុមហ៊ុនប្ដូរជាទ្វាររូតឡើងចុះបាន។ ប៉ុន្តែនេះសង្ស័យជាល្បិចរបស់ក្រុមហ៊ុន ព្រោះគេមិនដាក់ទ្វារសំណាញ់ឲ្យ ដោយសារគេចង់ឲ្យអាជីវករដាក់ទ្វាររូតទាំងអស់ ដោយក្នុងតម្លៃ ៨០០ ដុល្លារ (មុខ,ក្រោយ) ហើយក៏មិនអនុញ្ញាតឲ្យយកជាងពីខាងក្រៅមកធ្វើនោះឡើយ គឺមានសិទ្ធិតែជាងរបស់ក្រុមហ៊ុនប៉ុណ្ណោះ។

ក្រុមអាជីវករ បានបង្ហើបថា អ្នកម៉ៅការធ្វើផ្សាររាត្រីនេះ គឺជា លោកឧកញ៉ា ហេង តុលា ឯការជួលតូបមានតម្លៃខ្ពស់នេះ ត្រូវបង់ឲ្យរដ្ឋបាលខេត្ត ក្នុងនោះទាំងការជួលជាងតបណ្ដាញភ្លើងផ្សេងទៀត។ ជាមួយនោះ ត្រូវធ្វើទ្វារផ្សេងទៀត ដែលពួកគាត់បានរិះគន់ថា នេះទើបពិតជារដ្ឋបាលខេត្ត សង្ស័យចង់កៀបអាជីវករគ្រប់ច្រកតែម្ដង ហេតុដូច្នេះហើយទើបតូបជាច្រើនត្រូវបានអាជីវករទុកចោលដោយសារហួសសមត្ថភាព។
ពាក់ព័ន្ធនឹងរឿងរ៉ាវខាងលើនេះដែរ កម្ពុជាថ្មី មិនអាចសុំការបំភ្លឺពី លោកឧកញ៉ា ហេង តុលា បាននៅឡើយទេ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


