ព័ត៌មានជាតិ
បក្សនយោបាយ សាទរចំពោះការធ្វើកំណែទម្រង់ការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»
គណបក្សនយោបាយ បានបង្ហាញការសាទរចំពោះការប្រកាស ធ្វើកំណែទម្រង់របស់រាជរដ្ឋាភិបាល អាណត្តិទី ៧ ក្នុងការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»។ ការបង្ហាញការសាទរនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសអំពីការធ្វើកំណែទម្រង់ការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «អ្នកចេះ គឺជាប់»។

លោកបណ្ឌិត ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញានេះថា ការធ្វើកំណែទម្រង់សម្រាប់ការប្រឡងចូលក្របខណ្ឌរដ្ឋ ឲ្យមានយុត្តិធម៌ និងមានភាពត្រឹមត្រូវ គឺជារឿងដ៏ល្អប្រសើរមួយ ដើម្បីជ្រើសរើសយកមន្ត្រីដែលមានចំណេះដឹង ជំនាញ និងគុណភាព ពិតប្រាកដ។ ប្រធានគណបក្សយុវជនកម្ពុជា បានបន្តថា ប្រសិនបើការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ គឺមន្ត្រីរាជការទាំងអស់ សុទ្ធតែជាមន្ត្រីរាជការប្រកបដោយចំណេះដឹង ជំនាញ និងបំពេញកិច្ចការងារប្រកបដោយគុណភាព។

តែយ៉ាងណាក៏ដោយលោកបណ្ឌិត ពេជ្រ ស្រស់ បានស្នើបែបនេះថា «ការកំណែទម្រង់បែបនេះ ខ្ញុំលើកទឹកចិត្តឲ្យកំណែទម្រង់ ឲ្យមានតម្លាភាពពិតប្រាកដមែនទែន ហើយឲ្យមានយុត្តិធម៌ និងត្រឹមត្រូវ កុំឲ្យមានជនឆ្លៀតឱកាស រឹតបន្តឹងហើយ បើកច្រកកន្លែងផ្សេង ដើម្បីប្រព្រឹត្តអំពើពុករលួយ នោះធ្វើឲ្យកើតនូវរឿងផ្សេងទៀត»។
ចំណែកឯលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចវិញ ក៏បានប្រកាសការសាទរយ៉ាងខ្លាំង ចំពោះការប្រកាសធ្វើកំណែទម្រង់ ការប្រឡងចូលក្របខណ្ឌរដ្ឋរបស់រាជរដ្ឋាភិបាល អាណត្តិទី ៧នេះ។ លោក រ៉ាដែន មានប្រសាសន៍ប្រាប់កម្ពុជាថ្មីដែរថា លោក សាទរយ៉ាងក្រៃលែងចំពោះកំណែទម្រង់ ប្រកបដោយភាពជាក់លាក់ ក្នុងយន្តការ នៃការប្រឡងថ្នាក់ជាតិ ដោយយុត្តិធម៌ និងតម្លាភាព។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបន្ថែមបែបនេះថា «ជាការពិតណាស់ មិនមែនតែសម្រាប់រូបខ្ញុំទេ ប្រាកដណាស់ សិស្ស និស្សិត បញ្ញវន្ត និងអាណាព្យាបាលគ្រប់រូបរីករាយ ចំពោះការប្រកាសនេះ ព្រោះថា ក្នុងកំណែទម្រងនេះ យើងនឹងស្វែងរកបាន នូវអ្នកមានចំណេះ ជំនាញច្បាស់លាស់ ក្នុងស្ថាប័ន ក្រសួងមួយ និងប្រសិទ្ធិភាពការងារ។ ព្រះរាជា ណាចក្រកម្ពុជា កាន់តែវិវត្តទៅមុខ ប្រកបដោយការរីកចម្រើន លូតលាស់ ជាពិសេសយុវជនមានការងារធ្វើ និងមានជំនាញច្បាស់លាស់»។
ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការនី កាលពីថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពីការធ្វើកំណែទម្រង់ការប្រឡងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់» ដោយសម្ដេចបានមានប្រសាសន៍បែបនេះថា «យើងត្រូវពិនិត្យធ្វើយ៉ាងណា ឲ្យត្រឹមត្រូវតម្លាភាព យុត្តិធម៌ ធានាថាអ្នកចេះជាប់ នេះហើយជាគោលការណ៍របស់យើង»។
ចំណែកឯឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានបញ្ជាក់កាលពីពេលថ្មីៗនេះដែរថា កំណែទម្រង់ការប្រឡងក្របខណ្ឌមន្ត្រីរាជការ៖ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព»។
ឯកឧត្ដម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ឯកឧត្ដម មានតួនាទី និងទំនួលខុសត្រូវខ្ពស់ចំពោះសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងនាមជារដ្ឋមន្ត្រីមុខងារសាធារណៈ នៅក្នុងការសម្រេចកិច្ចការកែទម្រង់លើការប្រឡងនេះ ឲ្យបានហ្មត់ចត់ជាទីបំផុត និងជាពិសេសក្នុងគោលដៅដើម្បីសមធម៌ និងយុត្តិធម៌សង្គម ឆ្ពោះទៅកាន់កំណែទម្រង់មួយ ដែលអាចទទួលបានទាំងអស់គ្នា៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


