Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង កែសម្រួលសមាសភាពអនុគណៈកម្មាធិការដោះស្រាយ​ជនអនាថា

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាលខេត្ត​កោះកុង បាន​ចេញ​សម្រេច​កែសម្រួល​សមាសភាព​អនុ​គណៈកម្មាធិការ​ដោះស្រាយ​ជនអនាថា​ចំនួន ១៨ ដើម្បី​ដោះស្រាយ​បញ្ហា​ជនអនាថា រួម​នឹង​ការ​បញ្ចូល​ស្តារ​នីតិសម្បទា​ក្នុង​សហគមន៍ និង​បង្ការ​ទប់ស្កាត់​ការ​វិល​ត្រឡប់​មក​សុំទាន​វិញ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​លិខិតផ្លូវការ​របស់​លោក​ស្រី មិថុនា ភូ​ថង អភិបាលខេត្ត​កោះកុង កាលពី​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ ២០២៣ កន្លងទៅ បាន​បង្ហាញ​ថា សមាសភាព​អនុ​គណៈកម្មាធិការ​ដោះស្រាយ​ជូន​អនាថា​ត្រូវ​ធានា​បាន​នូវ​ការទប់ស្កាត់​នូវ​លំហូរ​ជនអនាថា​ចូល​ទីក្រុង ទីប្រជុំជន និង​ឆ្លងដែន​ចេញ​ចូលទៅ​ប្រទេស​ជិត​ខាង ការគ្រប់គ្រង និង​ដោះស្រាយ​បញ្ហា​ជនអនាថា​ទូទាំង​ខេត្ត​កោះកុង ស្របតាម​គោល​នយោបាយ​សេវា​សង្គមកិច្ច ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ការ​ធ្វើ​សមាហរណកម្ម​ចូល​ទៅ​ក្នុង​សហគមន៍​ឡើងវិញ។

លោកស្រី​អភិបាលខេត្ត ក៏​ណែនាំ​ឲ្យ​បង្កើត​យុទ្ធសាស្ត្រ​រួម​សម្រាប់​ដោះស្រាយ​បញ្ហា​ជនអនាថា​ផង​ដែរ ដោយ​ពង្រឹង​ពង្រីក​បណ្តាញ​ការពារ ការងារ​សម្រាប់​ជនរងគ្រោះ​ទាំងនោះ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ផ្តល់​សេវា​ដល់​ពួកគេ​ឲ្យ​មាន​លំនឹង​ក្នុង​កសាង​ជីវភាព​រស់នៅ​ដោយ​ខ្លួនឯង។

លោកស្រី មិថុនា ភូ​ថង បន្ថែមថា ការផ្តល់​ជា​ជម្រក​សុវត្ថិភាព ស្នាក់នៅ​បណ្ដោះអាសន្ន ដើម្បី​ទទួល​បាន​ការ​ផ្គត់ផ្គង់​ជីវភាព ថែទាំ​សុខភាព អប់រំ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រយៈពេល​ខ្លី និង​ដឹក​ជញ្ជូន​ជន​ទាំងនោះ​ឲ្យ​បាន​ដល់​មូលដ្ឋាន​គោលដៅ​រស់នៅ​អចិន្ត្រៃយ៍​របស់​ពួកគាត់​វិញ​។

អ្វីដែល​សំខាន់​នោះ សមាសភាព​អនុ​គណៈកម្មាធិការ ត្រូវ​កសាង​ផែនការ​ថវិកា​ប្រចាំ​ឆ្នាំ សម្រាប់​ចំណាយ​លើ​ការងារ​ផ្តល់​សេវា​ដល់​ជនអនាថា ដោយ​បញ្ចូល​ក្នុង​ខ្ទង់​ចំណាយ​ថវិកា​របស់​មន្ទីរ​សង្គម​កិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត និង​ទំនាក់ទំនង​ស្វែងរក​ថវិកា​ពី​ប្រភព​ផ្សេងៗ​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ គប្បី​រួមគ្នា​ពិនិត្យ និង​វាយតម្លៃ​លទ្ធផល​អនុវត្ត​គោលការណ៍​ផែនការ​កម្មវិធី និង​គម្រោង​នានា ព្រមទាំង​គ្រប់គ្រង​ស្ថិតិ និង​បូកសរុប​លទ្ធផល​ការងារ​ដោះស្រាយ​ជនអនាថា​ប្រចាំឆ្នាំ​ជូន​គណៈកម្មាធិការ​ជាតិ​ដោះស្រាយ​បញ្ហា​ជនអនាថា។

បញ្ហា​នេះ លោក គង់ សំរិទ្ធ ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវ​នីតិសម្បទា​ខេត្ត ថ្លែង​ថា បញ្ហា​ជនអនាថា​នៅក្នុង​ខេត្តកោះកុង ភាគច្រើន​មាន​ប្រភព​មក​ខាងក្រៅ​ខេត្ត​ដែល​ធ្វើ​សកម្មភាព​សុំ​ថវិកា​ពី​ប្រជាពលរដ្ឋ​តាម​ទី​សាធារណៈ។

លោក គង់ សំរិទ្ធ អះអាង​ដែរ​ថា ចំពោះ​តួលេខ គឺ​មិនទាន់​គ្រប់គ្រង​ស្ថិតិ គ្រា​ខេត្ត​ពុំមាន​មណ្ឌល​សុំ​ចត​សម្រាប់​ទុកដាក់​ថែរក្សា​ពួកគាត់ ដោយ​លោក​គ្រោង​សុំ​គោលការណ៍​ពី​ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំ​បង្កើត​ជា​មណ្ឌល​សុំ​ចិត្ត​នេះ​ឡើងវិញ ព្រោះ​មន្ទីរ​មាន​ដី​សម្រាប់​កសាង​រួចរាល់​ហើយ​ដែរ៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម