ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា ៖ នៅលើពិភពលោក សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសមាសភាពមួយដ៏សំខាន់នៃសេដ្ឋកិច្ច
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា សម្រាប់ប្រទេសនានា នៅលើពិភព លោក សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសមាសភាពមួយដ៏សំខាន់នៃសេដ្ឋកិច្ច ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបង្កើតអាជីវកម្ម មុខរបរ និងការងារ។ ការលើកឡើងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ ២០២៣ -២០២៨” នាព្រឹកថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា នៅទូទាំងពិភពលោក សេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាសមាសភាពមួយដ៏សំខាន់នៃសេដ្ឋកិច្ច ដែលបាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការបង្កើតអាជីវកម្ម មុខរបរ និងការងារ ព្រមទាំងជាប្រភពចំណូលដ៏ចម្បង ជាពិសេសសម្រាប់ប្រជាជនក្រីក្រ និងងាយរងហានិភ័យ ដែលមានលទ្ធភាពទាប ទាំងក្នុងទិដ្ឋភាពចំណូល ចំណេះដឹង ការយល់ដឹង និងជំនាញ។
ជាក់ស្ដែង យោងតាមរបាយការណ៍របស់ធនាគារពិភពលោកក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានបង្កើនការងារប្រមាណ ៧០ភាគរយ នៃទំហំការងារសរុប និងរួមចំណែកប្រមាណ ៣២ភាគរយ នៃផលិតផលក្នុងស្រុក នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកលូតលាស់ និងកំពុងអភិវឌ្ឍន៍។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍បន្តថា ក្នុងស្មារតីនេះ ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឲ្យក្លាយជាកាតាលីករក្នុងការរួមចំណែក សម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់ទៅនឹងវិបត្តិ ត្រូវបានកំណត់ជារបៀបវារៈគោលនយោបាយដ៏ចម្បង ទាំងនៅក្នុងបណ្ដាប្រទេសជឿនលឿន ទាំងនៅក្នុងបណ្ដាប្រទេសដែលមានសេដ្ឋកិច្ច កំពុងរីកលូតលាស់ និងកំពុងអភិវឌ្ឍន៍។
សម្ដេចនាយករដ្ឋមន្ត្រី បានបន្ថែមថា «ដូចគ្នានេះ នៅក្នុងពេលកន្លងទៅ រាជរដ្ឋាភិបាល ក៏បានដាក់ចេញ និងអនុវត្តកម្មវិធីអន្តរាគមន៍ជាបន្តបន្ទាប់ ដែលផ្ដល់បច្ច័យវិជ្ជមានដោយផ្ទាល់ និងដោយប្រយោលដល់អ្នកប្រកបរបរ និងធ្វើការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាកម្មវិធីសាច់ប្រាក់ពលកម្ម កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងការផ្ដល់ការថែទាំងសុខភាព ដោយឥតគិតថ្លៃ និងការផ្ដល់ការបណ្ដុះបណ្ដាលជំនាញជាដើម»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដែរថា និយមសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលក្ខណៈវិនិច្ឆ័យខុសគ្នាខ្លះ តែអ្វីដែលដូចគ្នាគឺទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធ សុទ្ធតែជាប្រជាលរដ្ឋខ្មែរ ដែលរាជរដ្ឋាភិបាលមានកាតព្វកិច្ច ដើម្បីជួយទៅដល់ពួកគាត់គ្រប់ៗគ្នា ហើយនេះជាគោលដៅធំមួយរបស់រាជរដ្ឋាភិបាល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


