ព័ត៌មានជាតិ
ប្រធានកិច្ចប្រជុំរដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ថា កម្ពុជា ជារដ្ឋគំរូនៃសកម្មភាពបោសសម្អាតមីន
លោក Thomas Gobel ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ និងជាប្រធានកិច្ចប្រជុំរដ្ឋភាគី លើកទី២១ នៃអនុសញ្ញាអូតាវ៉ា បានថ្លែងថា កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ដែលមានភាពគំរូក្នុងសកម្មភាពបោសសម្អាតមីន និងសង្គ្រោះជនពិការដោយសារមីន។

ក្នុងសន្និសីទកាសែត ក្រោយពិធីបើកជាផ្លូវការនៃសន្និសីទសាកលលើកទី៣ ស្ដីពីកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារ មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅព្រឹកថ្ងៃទី១៧ ខែតុលានេះ លោក Thomas Gobel បានសម្ដែងក្ដីរីករាយបានចូលរួមនៅក្នុងសន្និសីទសាកលពេលនេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក Thomas Gobel បានកោតសរសើរនូវការខិតខំរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន កាកសំណល់មិនទាន់ផ្ទុះ និងការសង្រ្គោះជនរងគ្រោះដោយសារ មីន នាពេលកន្លងមក។
មន្ត្រីទូតអាល្លឺម៉ង់រូបនេះ ដែលជាប្រធានកិច្ចប្រជុំរដ្ឋភាគី នៃអនុសញ្ញាអូតាវ៉ា ផងនោះ បានចាត់ទុកថា កម្ពុជា ជារដ្ឋភាគីគំរូមួយពាក់ព័ន្ធនឹងកិច្ចការដោះស្រាយបញ្ហាមីន។ លោក ថា តាមរយៈសន្និសីទ នៅថ្ងៃនេះ បានធ្វើឱ្យលោករៀនសូត្រ និងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀតពីជនរងគ្រោះថ្នាក់ដោយសារមីននៅកម្ពុជា។ ត្រង់ចំណុចនេះ លោកបានសង្កត់ធ្ងន់ថា គ្រាប់មីន ងាយស្រួលដាក់ណាស់ តែការដោះមីន ពិតជាពិបាក ហើយត្រូវការពេលវេលាជាច្រើនឆ្នាំ ខណៈ ជនរងគ្រោះថ្នាក់ដោយសារមីន ត្រូវទទួលរងគ្រោះថ្នាក់ពេញជីវិត។

តែយ៉ាងណាក្ដី លោក Thomas Gobel បានស្នើរដ្ឋភាគី និងរដ្ឋមិនមែនភាគី ត្រូវផ្ដោតយកចិត្តទុកដាក់លើសន្និសីទសាកលលើកទី៣នេះ ដោយផ្ដោតលើកិច្ចសង្គ្រោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងបរិបទនៃសិទ្ធិជនមានពិការភាព នាពេលនេះ សំដៅផ្តល់ធាតុចូលសម្រាប់ផែនការសកម្មភាពក្រោមអនុសញ្ញា ដោយផ្ដល់ជាវេទិកាកម្រិតសាកល ដើម្បីឱ្យសហគមន៍ និងជនដែលទទួលរងគ្រោះ បង្ហាញពីក្តីកង្វល់ និងបញ្ហារបស់ពួកគេ។
គួរជម្រាបថា ចំនួនជនរងគ្រោះថ្នាក់ដោយសារមីន បានធ្លាក់ចុះជាទីកត់សម្គាល់ បន្ទាប់ពីការចាប់ផ្តើមនៃអនុសញ្ញាស្ដីពីការហាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស ឬហៅថា អនុសញ្ញាអូតាវ៉ា ឬអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កាលពីប្រមាណ ២៥ឆ្នាំមុន។ ចំពោះសន្និសីទសាកលលើកទី៣នេះ បើទោះបីជារៀបចំឡើងដោយកម្ពុជាក្ដី តែសន្និសីទនេះ នឹងផ្ដោតទៅលើបញ្ហាសាកល ដែលបានប្រឈមនៅក្នុងការអនុវត្តកាតព្វកិច្ចផ្សេងៗនៃអនុសញ្ញាអូតាវ៉ា ជាពិសេសការអនុវត្តជំនួយដល់ជនរងគ្រោះដោយសារមីន៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៣ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


