ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ បើបុគ្គលម្នាក់ មានចក្ខុវិស័យ ជំនាញ តែអត្តចរិតមិនល្អ ក៏គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដឹកនាំកិច្ចការឲ្យមានប្រសិទ្ធភាពឡើយ
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សង្កត់ធ្ងន់ថា បើបុគ្គលម្នាក់ មានចក្ខុវិស័យ ជំនាញ តែអត្តចរិតមិនល្អ ក៏បុគ្គលនោះ គ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំកិច្ចការនានា ឲ្យមានគុណភាព និងប្រសិទ្ធភាពឡើយ។

ការសង្កត់ធ្ងន់នេះ ក្នុងឱកាស ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុង«ពិធីបិទវគ្គបណ្ដុះបណ្ដាលមន្ត្រីជាន់ខ្ពស់ ជំនាន់ទី ១ និងបើកវគ្គបណ្ដុះបណ្ដាលតម្រង់ទិសដំបូងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ ២០២៣ នៃក្រសួងអប់រំ យុវជន និងកីឡា” នៅសាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣។

ឯកឧត្ដម ហ៊ុន ម៉ានី មានប្រសាសន៍ថា ដើម្បីសម្រេចបានចក្ខុវិស័យទៅថ្ងៃអនាគត បុគ្គលគ្រប់រូប ចាំបាច់ត្រូវមានសមត្ថភាពបច្ចេកទេសរៀងៗ ខ្លួន ហើយត្រូវដុសខាត់សម្រួច ចំណេះ ជំនាញរបស់ខ្លួនជាប្រចាំ។ ឯកឧត្ដម សង្កត់ធ្ងន់ថា «ដោយឡែក ទោះបីជាបុគ្គលម្នាក់ មានចក្ខុវិស័យ មានជំនាញ តែមិនមានអត្តចរិតល្អ ក៏បុគ្គលម្នាក់នោះ មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំកិច្ចការនានា មានគុណភាព និងប្រសិទ្ធភាពនោះឡើយ»។

ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងថា «បុគ្គលគ្រប់រូប សុទ្ធតែមានចក្ខុវិស័យផ្ទាល់ខ្លួន ដើម្បីការរីកចម្រើនទៅថ្ងៃអនាគត។ ហើយសម្រាប់ព្រះរាជាណាចក្រកម្ពុជា យើងមានចក្ខុវិស័យសម្រាប់ប្រទេសជាតិរបស់យើង នោះគឺ ចក្ខុវិស័យឆ្នាំ ២០៣០ និង ២០៥០»។

ឯកឧត្ដម ហ៊ុន ម៉ានី រំលឹកថា ឯកឧត្ដម តែងតែចងចាំសារដាស់តឿនរបស់ សម្ដេចតេជោ មួយឃ្លាថា «ជាតិជាមន្ត្រីល្អ ដាក់ខ្លួនឲ្យទាប ឫកពាឲ្យសុភាព មារយាទឲ្យខ្ពស់ កុំបាត់ម្ចាស់ការ»។ ឯកឧត្ដម បន្ថែមថា ថ្ងៃនេះ ឯកឧត្ដម បានចែករំលែកសារនេះជាមួយសិក្ខាកាម នៃសាលាភូមិន្ទរដ្ឋបាល ដែលជាមន្ត្រីជាន់ខ្ពស់ និងមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្របខ័ណ្ឌថ្មី ឆ្នាំ ២០២៣។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានបន្តថា ជាការពិត ការបណ្ដុះបណ្ដាលអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈមានសារៈសំខាន់ តែមន្ត្រីដែលមានឥរិយាបថការងារល្អ ការបំពេញការងារប្រកបដោយក្រមសីលធម៌ វិន័យ គុណភាព និងគុណធម៌ នឹងធានាបាននូវការឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាជនទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ មិនខុសពីអ្វី ដែល ឯកឧត្ដម តែងតែបានលើកឡើងជារឿយៗ នោះទេ អ្នកដឹកនាំត្រូវការកត្តាចំនួនបី ដើម្បីជំរុញគុណភាព នៃភាពជាអ្នកដឹកនាំល្អ ក្នុងនោះរួមមាន ៖ ចក្ខុវិស័យ (Vision) ជំនាញ (Expertise) និងអត្តចរិតល្អ (Character)៕
អត្ថបទ ៖ ពិសី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៧ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


