ព័ត៌មានជាតិ
លោក ទេសរដ្ឋមន្ត្រី លី ធុជ តាងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញប្រកាសស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន
សៀមរាប ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីប្រកាសស្រុកពួក ខេត្តសៀមរាប ជាស្រុកអស់មីន ដែលពិធីនេះមានការចូលរួមពី លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ តំណាងស្ថានទូតចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ នាយកទីភ្នាក់ងារស្វីសប្រចាំកម្ពុជា ប្រធានអង្គការហេឡូត្រាស្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស។

លោក ទេសរដ្ឋមន្ត្រី បានលើកឡើងថា ពិធីនាថ្ងៃនេះ គឺជាពិធីដ៏វិសេសវិសាលមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករជាតិ-អន្តរជាតិ សហការរួមគ្នាដើម្បីបញ្ចប់នូវទុក្ខសោកវេទនារបស់ប្រជាពលរដ្ឋពីការគំរាមកំហែងដោយសារគ្រាប់មីន ហើយក៏ជាថ្ងៃដែលម្ចាស់ជំនួយទាំងអស់បង្ហាញនូវទឹកចិត្តអាណិតអាសូរ និងក្តីស្រឡាញ់ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅលើតំបន់មានការគំរាមដោយសារមីន។

លោកទេសរដ្ឋមន្ត្រី បន្តទៀតថា ការងារបោសសម្អាតមីននេះ គឺធ្វើឡើងដើម្បីឱ្យអនាគតរបស់ប្រជាពលរដ្ឋ និងក្មួយៗទាំងអស់មានការរីកចំរើន ជីវភាពរស់នៅកាន់តែប្រសើរឡើង និងរួចផុតពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ស្របតាមបំណងប្រាថ្នារបស់ សម្តេចធិបតី ដែលតែងតែយកចិត្តទុកដាក់ដល់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ស្រុកពួក គឹជាស្រុកទី៣ បន្ទាប់ពីក្រុងសៀមរាប និងស្រុកក្រឡាញ់ ដែលធ្វើការបោសសម្អាតមីនចុងក្រោយរបស់អង្គការ HALO Trust ក្នុងទំហំផ្ទៃដី ៣.៥១២.៦៤៨ ម៉ែត្រក្រឡា និងរួមជាមួយអង្គភាពស៊ីម៉ាក់ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គការ NPA ។ ក្នុងនាមសម្តេចធិបតី និងប្រជាជនខេត្តសៀមរាប ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសអាល្លឺម៉ង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក អៀរឡង់ និងស្វីស ក៏ដូចជាការលះបង់របស់អ្នកដោះមីនទាំងអស់ ដែលបានចូលរួមគាំទ្រ និងបំពេញការងារដោយផ្ទាល់ ក្នុងការធានាលោកដល់ប្រជាពលរដ្ឋនៅស្រុកពួក ខេត្តសៀមរាប។

លោកទេសរដ្ឋមន្ត្រី បានរលឹកបន្ថែមទៀតថា ថ្មីៗនេះ កម្ពុជា បានទទួលការគាំទ្រ និងវាយតម្លៃខ្ពស់ពីបណ្តាប្រទេសជារដ្ឋភាគីនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលមាន ១៦៤ ប្រទេស បោះឆ្នោតជ្រើសតាំងជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឆ្នាំ២០២៤ នៃអនុសញ្ញា ដោយជ្រើសយកខេត្តសៀមរាប ជាទីតាំងរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរនេះ ដែលនេះគឺជាកាដូពិសេសមួយជូនបងប្អូនប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល របស់ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងស្របនឹងការដាក់ចេញយុទ្ធសាស្ត្ររបស់ សម្តេច ទស្សនាសៀមរាបឆ្នាំ២០២៤ ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប។ ការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នឹងបង្ហាញទៅកាន់ពិភពលោក ឱ្យបានដឹងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រែក្លាយអតីតតំបន់សមរភូមិប្រយុទ្ធ និងមានការគំរាមដោយសារមីន ឱ្យទៅជាតំបន់ដែលពោរពេញដោយស្នាមញញឹម និងមានសុខសន្តិភាពពេញលេញ។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតទាំងអស់ បានសម្តែងនូវការគាំទ្រ និងអបអរសាទរចំពោះការទទួលបានភាពជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ ហើយបណ្តាប្រទេសជាមិត្តទាំងនោះ នឹងបន្តប្តេជ្ញាចិត្តចូលរួម និងឈរជាមួយរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការស្វាគមន៍ និងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។ ឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូត បានចាត់ទុកការបញ្ចប់ការងារបោសសម្អាតមីននៅស្រុកពួក ខេត្តសៀមរាប គឺជាផ្នែកមួយក្នុងរួមចំណែក និងឈាន់ឆ្ពោះទៅរកការសម្រេចបាននូវចក្ខុវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥៕







-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ