ព័ត៌មានជាតិ
ជាង ៣០ឆ្នាំនេះ KOICA ផ្តល់ជំនួយជាង ៣៦០លានដុល្លារ អភិវឌ្ឍវិស័យចំនួន៤ នៅកម្ពុជា
រយៈពេល៣២ឆ្នាំកន្លងមកនេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)បានផ្តល់ជំនួយប្រមាណជាង ៣៦០លានដុល្លារ ដល់ប្រទេសកម្ពុជា សម្រាប់អភិវឌ្ឍលើវិស័យស្នូលចំនួន៤។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៥មករានេះ នៅទីស្តីការ CDC លោកស្រី Choi Moon Jung នាយិកាប្រចាំប្រទេសនៃការិយាល័យ កយកា-KOICA ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតការិយាល័យកម្ពុជា នៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០០៣ កយកា-KOICA បាននិងកំពុងជួយដល់ប្រទេសកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើវិស័យស្នូលចំនួន៤ ក្នុងនោះរួមមាន ការគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ការអប់រំ កសិកម្ម ការអភិវឌ្ឍន៍ជនបទ និងការដឹកជញ្ជូនតាមរយៈជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ផ្សេងៗ ដែលគម្រោង និងកម្មវិធីទាំងអស់មានតម្លៃប្រហែល ៣៦៦,៥ លានដុល្លារអាមេរិក ចាប់ពីឆ្នាំ ១៩៩១-២០២៣ ។

លោកស្រីបានបន្តថា នៅក្នុងជំនួបនោះ បានពិភាក្សាអំពីគម្រោងសម្រាប់ឆ្នាំ២០២៥ ផែនការសម្រាប់គម្រោងថ្មី ឆ្នាំ ២០២៦ និងការធ្វើបច្ចុប្បន្នភាពលើកម្មវិធីដែលកំពុងដំណើរការ។ ភាគីទាំងសងខាងក៏បានពិភាក្សាអំពីការរៀបចំ ពិធីសម្ពោធអគារថ្មីសម្រាប់មជ្ឈមណ្ឌលជាតិបណ្តុះធុរកិច្ចថ្មីនៃកម្ពុជា (NICC) នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)ផងដែរ។
លោកស្រី Choi Moon Jung បានកោតសរសើរដល់កម្ពុជា ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងមន្ត្រីរបស់ខ្លួន ជាពិសេសគណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDCB/CDC) សម្រាប់កិច្ចសហការដ៏ល្អ ក្នុងការធានាឲ្យទទួលបានជោគជ័យនៃគម្រោង និងកម្មវិធីរបស់ កយកា-KOICA នៅកម្ពុជា។
ចំណែកលោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា ក៏បានថ្លែងអំណរគុណចំពោះ កយកា-KOICA រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា។ លោកបានវាយតម្លៃខ្ពស់ចំពោះរាល់សមិទ្ធិផលដែលបានធ្វើដោយ កយកា-KOICA ។

ភាគីទាំងពីរក៏បានពិភាក្សាបន្តអំពីកិច្ចសហប្រតិបត្តិការលើជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) រវាងកម្ពុជា និងកូរ៉េក៏ដូចជាបានផ្តោតសំខាន់ទៅលើជំហានបន្ទាប់នៃការងាររវាង កយកា-KOICA ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអភិវឌ្ឍគម្រោងថ្មីសម្រាប់ឆ្នាំ ២០២៦៕
អត្ថបទ៖សំអឿន

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


