ព័ត៌មានជាតិ
ហូលពិតានខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ន ប្រជាជនខ្មែរមិនសូវនិយមប្រើប្រាស់
ហូលពិតានរបស់ខ្មែរ ដែលមានប្រវត្តិដ៏យូរលង់តាំងពីជំនាន់ដូនតាខ្មែរ អាចប្រឈមនឹងការបាត់បង់ ខណៈបច្ចុប្បន្ននេះ ប្រជាជនខ្មែរមិនសូវនិយមប្រើប្រាស់ ជាក់ស្តែងនៅក្នុងសារមន្ទីរជាតិមានហូលពិតានត្រឹមតែ ៧០ ផ្ទាំង ដែលភាគច្រើនបានមកពីការបរិច្ចោគ និងការធ្វើអំណោយរបស់សប្បុរសជនជាតិ-អន្តរជាតិ។

អ្នកស្រី គង់ គន្ធារី អនុប្រធានការិយាល័យអភិរក្ស ទទួលបន្ទុកផ្នែករោងជាង វាយនភណ្ឌ បានប្រាប់ឱ្យ កម្ពុជាថ្មី ដឹងថា ហូលពិតានរបស់ខ្មែរ អាចនឹងប្រឈមនឹងការបាត់បង់ ដោយសារតែក្រោយឆ្នាំ ១៩៧៩ នៅពេលសម័យកម្ពុជាប្រជាធិបតេយ្យដួលរលំទៅវិញ ហូលពិតានខ្មែរ ស្ទើរតែបាត់បង់អស់ពីក្នុងសារមន្ទីរជាតិ ដោយមិនបានដឹងមូលហេតុច្បាស់លាស់ នោះឡើយ។
អ្នកស្រី បានបន្ថែមទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ សារមន្ទីរជាតិ មានហូលពិតានសរុបចំនួន ៧០ផ្ទាំង ដែលសុទ្ធសឹងបានមកពីការបរិច្ចោគ និងការធ្វើអំណោយរបស់សប្បុរជនជាតិ-អន្ដរជាតិ មកកាន់សារមន្ទីរជាតិ ដើម្បីរក្សាទុកជាសម្បត្តិមនុស្សជាតិ តទៅថ្ងៃខាងមុខទៀត។

អ្នកស្រី គង់ គន្ធារី បានបញ្ជាក់ទៀតថា ដើមឡើយ ហូលពិតានខ្មែរ ត្រូវបានប្រជាជនខ្មែរ និយមប្រើប្រាស់នៅតាមពិធីបុណ្យសាសនា និងតាមវត្តអារាមមួយចំនួន ពិសេសហូលពិតាន ភាគច្រើន មានលក្ខណៈពិសេសជាងហូលដទៃទៀត ព្រោះអ្នកតម្បាញត្បាញជាខ្សែរឿងអំពីព្រះពុទ្ធសាសនា និងជាគោមក្បាច់លម្អពិសេសៗសម្រាប់ដាក់តាំងក្នុងពិធីបុណ្យសាសនារបស់ខ្មែរ កាលពីសម័យបុរាណ។ ក្រៅពីនេះ ហូលពិតានខ្មែរ ខ្លះទៀត ក៏មានរចនាចេញជារូបផ្សេងៗ សម្រាប់ដាក់តាំងលម្អនៅតាមគេហដ្ឋានរបស់ប្រជាជនខ្មែរ ផងដែរ។

ជាមួយគ្នានោះ អ្នកស្រី គង់ គន្ធារី បានសំណូមពរឱ្យប្រជាពលរដ្ឋខ្មែរដែលមានហូលពិតាន ឬសំពត់ហូលផាមួងចាស់ៗលែងប្រើ អាចបរិច្ចាគមកសារមន្ទីរជាតិ ដើម្បីរក្សាទុក នឹងសម្រាប់តាំងបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីចូលរួមទស្សនានៅក្នុងសារមន្ទីរជាតិ។
សូមជម្រាបថា ដើម្បីចែករំលែកព័ត៌មានបន្ថែមពីសមុច្ច័យតម្បាញហូលពិតាន និងបង្ហាញការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ សារមន្ទីរជាតិបានរៀបចំពិព័រណ៍មិនអចិន្ត្រៃយ៍ ស្ដីពី៖ «ហូលពិតាន» ចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា ដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤៕
អត្ថបទ ៖ សួស សិត




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក