ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានី ៖ ទោះកំពុងរស់នៅក្នុងសន្តិភាព តែកម្ពុជាមិនភ្លេចជនរងគ្រោះ និងសោកនាដកម្ម ដែលមាតុភូមិបានឆ្លងកាត់
ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ លើកឡើងថា «ទោះបីជាយើងកំពុងរស់នៅយ៉ាងសុខដុមរមនាក្រោមម្លប់ នៃសុខសន្តិភាពក៏ពិតមែន តែយើងមិនដែលភ្លេចនូវជនរងគ្រោះ និងសោកនាដកម្ម ដែលមាតុភូមិជាទីស្នេហារបស់យើងបានឆ្លងកាត់»។

នៅព្រឹកថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ នេះ តាមរយៈទំព័រហ្វេសប៊ុក ឯកឧត្ដម ហ៊ុន ម៉ានី បានលើកឡើងបន្តថា ការរំឭកឡើងវិញនូវប្រវត្តិសាស្ត្រជូរចត់ គឺជាការពញ្ញាក់ស្មារតីដល់យុវជនជំនាន់ក្រោយឲ្យស្វែងយល់ និងចងចាំអ្វីដែលជាស្លាកស្នាមប្រវត្តិសាស្ត្រ និងផលវិនាស នៃសង្គ្រាម ហើយខិតខំថែរក្សា និងលើកស្ទួយតម្លៃ នៃសន្តិភាពកំពុងមានសព្វថ្ងៃ។
ឯកឧត្ដម ហ៊ុន ម៉ានី លើកឡើងបន្តទៀតថា នាឱកាស ទិវាជាតិ នៃការចងចាំ ឯកឧត្ដម សូមគោរពដល់ដួងវិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែមថា រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ ប្រជាជន និងប្រជាជាតិកម្ពុជា បានធ្លាក់ក្នុងរណ្ដៅមរណៈដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។ ឯកឧត្ដម ក៏សូមឧទ្ទិសទិវាជាតិ នៃការចងចាំ នេះ ជូនដល់វីរយុទ្ធជន យុទ្ធនារីក្លាហានទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុសង្គ្រោះជាតិចេញពីវាលពិឃាដដ៏សាហាវឃោរឃៅមួយនេះ។
ជាថ្មីម្តងទៀត ឯកឧត្ដម សូមប្រជាពលរដ្ឋទាំងអស់គ្នា ចូលរួមសង្រួមកាយ វាចា ចិត្ត ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់គ្នា។

គួរជម្រាបថា ថ្ងៃនេះ គឺជាថ្ងៃទិវាជាតិ នៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗ រូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង ៣ លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។
ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឲ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ៕
អត្ថបទ ៖ ពិសី










-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


