ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ប្រកាសត្រៀមសុនខហិតគ្រឿងញៀន៤០០ក្បាល ដើម្បីបង្ក្រាបគ្រឿងញៀនឆ្លងដែន
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានប្រកាសត្រៀមសុនខហិតគ្រឿងញៀនចំនួន៤០០ក្បាល ដើម្បីប្រគល់ទៅឱ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ក្នុងការរឹតបន្តឹងការបង្ក្រាបគ្រឿងញៀនឆ្លងដែន។

ថ្លែងចេញពីកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ក្នុងខេត្តបាត់ដំបង ក្បែរព្រំដែនប្រទេសថៃ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ពីភាពចាំបាច់ខ្លាំងក្នុងការរឹតបន្តឹងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមបណ្ដាខេត្តជាប់ព្រំដែន។
ដោយផ្អែកលើបទពិសោធន៍ និងលទ្ធផលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេសជាបន្តបន្ទាប់ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាគច្រើននៃគ្រឿងញៀន និងសាធាតុគីមីផ្សុំដែលបាននឹងកំពុងចរាចរណ៍ កែច្នៃ និងប្រើប្រាស់នៅកម្ពុជា គឺមានប្រភពចេញពីការលួចលាក់ដឹកឆ្លងចូលមកតាមព្រំដែនគោក ក្នុងគោលដៅបម្រើទីផ្សារក្នុងប្រទេស និងបន្តទៅបណ្ដាប្រទេស និងតំបន់ផ្សេងៗទៀតទាំងតាមផ្លូវគោក និងផ្លូវទឹកសមុទ្រ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងនីតិកាលទី៧នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញឆន្ទៈនយោបាយមុតស្រួចលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយបានកែសម្រួលរចនាសម្ព័ន្ធអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់ចេញទស្សនដឹកនាំ សម្អាតផ្ទះយើង ជាពិសេសបទបញ្ជាលេខ០១ ប.ប. អនុវត្តការធ្វើតេស្តរកសាធាតុញៀនលើមន្ត្រីរាជការ កងកម្លាំង និងអ្នកបម្រើការងារគ្រប់ក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាភាពស្អាតស្អំ និងឈានដល់ការបណ្ដេញចេញពីក្របខណ្ឌរដ្ឋ លើរាល់អ្នកដែលរកឃើញថា បានប្រើប្រាស់ និងពាក់ព័ន្ធបទល្មើសគ្រឿងញៀន។

សម្រាប់ក្រសួងមហាផ្ទៃដែលផ្ដើមការធ្វើតេស្តលើមន្ត្រី និងកងកម្លាំងក្រោមឱវាទតាំងពីដើមនីតិកាលទី៧មកនោះ ត្រូវបានលោក ស សុខា បញ្ជាក់ថា គឺនឹងមិនបញ្ចប់វិធានការ សម្អាតផ្ទះយើង នេះឡើយ ដរាបណាបញ្ហាគ្រឿងញៀននៅតែបន្តមានក្នុងសង្គមកម្ពុជា។ លោក សង្កត់ធ្ងន់ថា ចំពោះបញ្ហាគ្រឿងញៀន គឺសម្រាប់ជនទូទៅអាចអនុវត្តវិធានការផ្សព្វផ្សាយអប់រំបាន ប៉ុន្តែសម្រាប់អ្នកដែលបាននឹងកំពុងប្រើប្រាស់ គឺមានតែវិធានការច្បាប់ និងការយកទៅបន្សាបស្ដារនីតីសម្បទា ដោយគ្មានការយោគយល់ និងលើកលែងប៉ុណ្ណោះ ទើបអាចធានាប្រសិទ្ធភាព លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនបាន។
ភ្ជាប់នឹងការរឹតបន្តឹងការចរាចរណ៍លួចលាក់ឆ្លងកាត់ព្រំដែននេះដែរ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី បានណែនាំដល់រដ្ឋបាលខេត្ត មន្ត្រី និងកងកម្លាំងពាក់ព័ន្ធ ត្រូវក្ដោបការយកចិត្តទុកដាក់ស៊ើបអង្កេត ស្រាវជ្រាវ តាមបណ្ដាទីតាំងជួលនានាដែលអំណោយផលដល់ការសំងំកែច្នៃផលិតគ្រឿងញៀន ដូចជា អគារច្រើនជាន់ ឬរោងតាមដីឡូតិ៍ដាច់ពីទីប្រជុំជន ក្លិបកំសាន្ត ខារ៉ាអូខេ រង្គសាល ដោយបន្ថែមពីលើមុខសញ្ញាគ្រឿងញៀន ក៏ត្រូវតែបង្ក្រាបដែរការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


