ព័ត៌មានជាតិ
ពលការិនី អរគុណ រាជរដ្ឋាភិបាល ដែលយកចិត្តទុកដាក់ មើលថែ តាំងពីនៅអារ៉ាប៊ីសាអូឌីត រហូតមកដល់ស្រុកខ្មែរ
ក្រុមពលការិនីខ្មែរ ៦ នាក់ទៀត ទើបធ្វើមាតុភូមិនិវត្តន៍មកពីប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០២៤ បានសម្តែងការសប្បាយរីករាយ និងអរគុណរាជរដ្ឋាភិបាលដែលបានជួយយកចិត្តទុកដាក់ មើលថែទាំពួកគាត់រហូតបានត្រឡប់មកជួបជុំជាមួយសាច់ញាតិបងប្អូនវិញនៅក្នុងប្រទេសកំណើត។

ពលការិនីខ្មែរទាំង ៦ នាក់នេះ បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញ ប្រកបដោយសុខសុវត្ថិភាព និងបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ ទៀត។
ពលការិនី ញ៉េប សុភា បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើតវិញ ជាពិសេសការយកចិត្តទុកដាក់ខ្លាំងពីរាជរដ្ឋាភិបាលកម្ពុជាចំពោះពលការិនី។

អ្នកស្រី បញ្ជាក់ថា «ពេលខ្ញុំបានត្រឡប់មកវិញ ខ្ញុំឃើញពួកគាត់បានយកចិត្តទុកដាក់ជាមួយពួកខ្ញុំខ្លាំងមែនទែន។ ពីដំបូងឡើយ ខ្ញុំអត់ទាន់ជួប ខ្ញុំអត់នឹកស្មានដល់…ដល់ពេលបានជួបហើយបាន មានអារម្មណ៍រំភើបចេញពីបេះដូងដែលឃើញពួកគាត់ស្វះស្វែងជួយប្រជាពលរដ្ឋខ្មែរយើងដែលនៅស្រុកគេត្រឡប់មកប្រទេសយើងវិញ»។
ចំណែក ពលការិនី ខា សុខៃ ដែលជាពលការិនីខ្មែរម្នាក់ទៀត ក៏បានបង្ហាញពីការសប្បាយចិត្តជាខ្លាំងដែលបានមកដល់ស្រុកកំណើត និងបានជួបជុំគ្រួសារបងប្អូនឡើងវិញ។ ពលការិនីរូបនេះ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលជួយឲ្យពួកគាត់បានវិលត្រឡប់មកស្រុកខ្មែរវិញដោយសុវត្ថិភាព។

ពលការិនី ខា សុខៃ បញ្ជាក់ថា «ខ្ញុំមានតែអរគុណ សម្ដេច ដែលបានជួយខ្ញុំឲ្យបានមកខ្មែរ ជួយទិញសំបុត្រយន្តហោះតាំងពីនៅអារ៉ាប់រហូតមកដល់ខ្មែរ។ ខ្ញុំសប្បាយចិត្តជាខ្លាំងដោយសារមកដល់ដីខ្មែរ បានជួបម៉ាក់ប៉ាបងប្អូនទាំងអស់»។
ដោយឡែក ពលការិនី ផង សុភី ក៏បានបង្ហាញអារម្មណ៍សប្បាយចិត្តផងដែរ បន្ទាប់ពីខ្លួនអាចវិលត្រឡប់មកកាន់ស្រុកកំណើតវិញ។

ពលការិនី ផង សុភា និយាយថា «ឥលូវនេះ ខ្ញុំបានមកដល់ប្រទេសខ្មែរដោយសុវត្ថិភាពហើយ ខ្ញុំក៏សូមអរគុណដល់បងៗ ដែលខំស្វះស្វែងដើម្បីឲ្យពួកខ្ញុំបានមកដល់ប្រទេសខ្មែរ។ ខ្ញុំសង្ឃឹមថាបងប្អូនដែលនៅក្រោយ កុំបោះបង់ការទុកចិត្តនៅលើនាយករដ្ឋមន្ត្រី ព្រមទាំងបងៗ ក្រសួងការងារ ព្រោះពួកគាត់ព្យាយាម និងឲ្យពួកយើងបានមកដល់ស្រុកខ្មែរវិញមិនខាន តែយើងត្រូវអត់ធ្មត់បន្តិច»។
សូមបញ្ជាក់ថា គិតត្រឹមលើកនេះទៀត មានពលការិនីចំនួន ៦៣ នាក់ហើយ ដែលបានវិលត្រឡប់មកមាតុប្រទេសវិញ ក្រោមការជួយសម្របសម្រួលពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថានទូតខ្មែរប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីត និងភាគីពាក់ព័ន្ធ តាមការស្នើឱ្យជួយអន្តរាគមន៍ពីពលរដ្ឋខ្មែរនៅអារ៉ាប៊ីសាអូឌីត។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រួមនឹងគ្រប់ភាគីពាក់ព័ន្ធ នឹងនៅតែបន្តធ្វើកិច្ចសម្របសម្រួលដើម្បីជួយពលការិនីខ្មែរដែលនៅសល់ឱ្យបានត្រឡប់មកស្រុកកំណើតវិញក្នុងពេលឆាប់ៗ នេះ៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


