ព័ត៌មានជាតិ
អារ៉ាប៊ីសាអូឌីតអញ្ជើញប្រធានសភាកម្ពុជាទៅធ្វើទស្សនកិច្ច
ប្រធានសភាអារ៉ាប៊ីសាអូឌីតលោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ (Abdullah Bin Mohammed Bin Ibrahim Al-Sheikh) បានអញ្ជើញប្រធានសភាកម្ពុជា សម្ដេចសភាធិបតី ឃួន សុដារី ទៅធ្វើទស្សនកិច្ចនៅប្រទេសមជ្ឈឹមបូព៌ាមួយនេះនាពេលខាងមុខ។ លោកអាប់ឌុលឡា មានប្រសាសន៍ថានេះគឺជាការអញ្ជើញពិសេសពីសំណាក់ព្រះរាជណាចក្រអារ៉ាប៊ីសាអូឌីតចំពោះព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ នាវិមានសន្ដិភាព លោក អាប់ឌុលឡា ថាដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានេះជាលើកទី១ ដែលបានទទួលលទ្ធផលផ្លែផ្កាជាច្រើន ពិសេសលោកបានមើលឃើញថាកម្ពុជាជាប្រទេសដែលមានសក្តានុពល មានចក្ខុវិស័យវែងឆ្ងាយក្នុងគោលដៅធានានូវកំណើនប្រកបដោយចីរភាព និងបរិយាប័ន្ន ជាពិសេស ការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ លោកសង្ឃឹមថាដំណើរទស្សនកិច្ចផ្លូវការរបស់លោកនឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើន និងរឹងមាំ។
លោកប្រធានសភាក៏បានជម្រាបសម្ដេចធិបតីផងដែរថា សភានៃព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីត បានអញ្ជើញ សម្តេចប្រធានរដ្ឋសភា កម្ពុជា បំពេញទស្សនកិច្ចផ្លូវការនៅអារ៉ាប់ប៊ីសាអូឌីត ដែលនេះ«ជាការអញ្ជើញជាពិសេសរបស់ព្រះរាជាណាចក្រអារ៉ាប់ប៊ីសាអូឌីតចំពោះព្រះរាជាណាចក្រកម្ពុជា»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវគោលនយោបាយពង្រីកទំនាក់ទំនងជាមួយបណ្តាប្រទេសនានានៅមជ្ឈិមបូព៌ា ដែលក្នុងនោះ រួមមានទាំងប្រទេសអារ៉ាប់ប៊ីសាអូឌីត។ សម្ដេចថាការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ រវាងថ្នាក់ដឹកនាំ គឺបានបង្ហាញពីវឌ្ឍនភាពដ៏ល្អនៃទំនាក់ទំនង និងចូលរួមចំណែកដល់ការ ពង្រឹង និង ពង្រីក កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យប្រធានរដ្ឋសភា លោក កែវ ពិសិដ្ឋ បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃទី១ ខែកក្កដា បន្ទាប់ពីប្រធានរដ្ឋសភាទទួលបដិសណ្ឋារកិច្ច ពិភាក្សាការងារជាមួយ លោក អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីមអាល-សេក្ខ រួចមកថាពិតជាមានការអញ្ជើញសម្ដេចសភាធិបតីទៅធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីតមែន ដោយសម្ដេចសភាធិបតីបានទទួលយកការអញ្ជើញ ព្រមទាំងបញ្ជាក់ថានឹងបំពេញទស្សនកិច្ចនៅពេលវេលាសមស្របមួយនាពេលខាងមុខ។

គួរឱ្យដឹងដែរថា ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីតចាប់ផ្ដើមកសាងឡើងពីខែតុលា ឆ្នាំ២០១០ ខណៈអារ៉ាប៊ីសាអូឌីតក៏បញ្ជាក់ជំហរក្នុងការបើកស្ថានទូតរបស់ខ្លួននៅកម្ពុជាក្នុងពេលខាងមុខផងដែរ ដែលនឹងពង្រឹងដល់ទំនាក់ទំនងទ្វេភាគី សេដ្ឋកិច្ចពាណិជ្ជកម្ម និងទេសចរណ៍។
ការធ្វើដំណើរមកកម្ពុជាជាលើកដំបូងរបស់ប្រធានសភាអារ៉ាប៊ីសាអូឌីតគឺបន្ទាប់ពីមានការអញ្ជើញពីសម្ដេចប្រធានសភាកម្ពុជា ដែលជាសញ្ញាបង្ហាញពីការជឿទុកចិត្តពីសំណាក់ប្រទេសអារ៉ាប៊ីសាអូឌីតចំពោះកម្ពុជា ខណៈលោក អាប់ឌុលឡា មានប្រសាសន៍ថាជនជាតិកម្ពុជាជាជនជាតិដែលមានភាព ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


