ព័ត៌មានជាតិ
អង្គភាពកម្ចាត់មីនជប៉ុន សរសើរកម្ពុជាដែលបានចែករំលែកជំនាញដោះមីនទៅកាន់ពិភពលោក
អង្គការសកម្មភាពកម្ចាត់មីនជប៉ុន(JMAS) ប្រចាំប្រទេសកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបោសសម្អាតមីនរបស់កម្ពុជា ក្នុងការចែករំលែកជំនាញទៅកាន់ពិភពលោក ខណៈអង្គការជប៉ុនមួយនេះដែលបានជួយកម្ពុជាអស់ រយៈ ពេលជាង២០ឆ្នាំ បានសន្យាបន្តពង្រីកគម្រោងបោសសម្អាតមីនបន្ថែមទៀត។ ការវាយតម្លៃរបស់ភាគីជប៉ុន ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងលោក YAMAZAKI Koji ប្រធាន JMAS និងសហការី នៅទីស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅកម្ពុជា។

ក្នុងជំនួបនោះ លោក YAMAZAKI Koji បានលើកឡើងអំពីការគាំទ្ររបស់ JMAS រយៈពេល ២២ឆ្នាំ ចាប់តាំងពីឆ្នាំ២០០២ ក្នុងសកម្មភាពបោសសម្អាតមីននិងគ្រាប់ និងការអភិវឌ្ឍសហគមន៍ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ និងស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីប្រមាណជា ៦៥គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលគ្រាប់មីនចំនួន ២១១៨៨គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៩៦៣៦៤ គ្រាប់។
លោកបញ្ជាក់ថា៖«JMAS នឹងបន្តពង្រីកគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តជាតិកម្ពុជា ព្រមទាំងស្នើសុំកម្ពុជាឱ្យបន្តផ្តល់នូវកិច្ចសហការ និងគាំទ្រនូវគម្រោងទាំងនេះ»។
ជាងនេះទៅទៀត លោក YAMAZAKI Koji បានទទួលស្គាល់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបោសសម្អាតមីនរបស់កម្ពុជា ក្នុងការចែករំលែកជំនាញទៅកាន់ពិភពលោក។

តាងនាមសម្តេចធិបតី នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការរួមចំណែក និងការគាំទ្ររបស់អង្គការ JMAS ជប៉ុន រយៈពេល ២២ឆ្នាំ ក្នុងសកម្មភាពបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមក្នុងខេត្តចំនួន៣។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះគម្រោងបោសសម្អាតមីនដើម្បីអភិវឌ្ឍន៍សហគមន៍នៅនឹងកន្លែងរបស់ JMAS ដូចជាហេដ្ឋារចនាសម្ព័ន្ធ សាលារៀន និងកសិកម្ម ជាដើម។
លោក លី ធុជ បញ្ជាក់ថា៖« ការចូលរួមរបស់ JMAS ពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់វិស័យកសិកម្ម»។
លោកបានគូសបញ្ជាក់ថា កាលពីដំណើរទស្សនកិច្ចសកម្មភាពរបស់ JMAS នៅក្នុងខេត្តស្ទឹងត្រែង នាចុងឆ្នាំ២០២១ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងរបស់ JMAS ក្រោមកិច្ចសហការជាមួយអង្គភាពស៊ីម៉ាក់ ដែលពិតជាបានឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគមន៍តាមកម្មវិធីបណ្តុះបណ្តាលក្នុងវិស័យកសិកម្មដល់សហគមន៍លើដីបោសសម្អាតរួច។

កាលពីខែមករា ឆ្នាំ ២០២៣ អ្នកជំនាញដោះមីនកម្ពុជា បានផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាឧបករណ៍បោសសម្អាត
មីនដល់អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់អ៊ុយក្រែន ក្រោមកិច្ចសហការជាមួយប្រទេសជប៉ុន។
ឆ្លងកាត់បទពិសោធន៍ដោះមីនជាច្រើនទសវត្ស និងទទួលបានជោគជ័យ អ្នកជំនាញដោះមីនកម្ពុជា ក៏ធ្លាប់បានចែករំលែកបទពិសោធន៍ និងជំនាញដោះមីនទៅកាន់ប្រទេសមួយចំនួនផងដែរ៕
អត្ថបទ៖ ឡាយ សាមាន
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


