Connect with us

ព័ត៌មានជាតិ

ក្រោយការប្រកាសរបស់សម្ដេចធិបតី ពលរដ្ឋបានបរិច្ចាគថវិកាចូលមូលនិធិកសាងផ្លូវក្រវ៉ាត់ព្រំដែនយ៉ាងភ្លូកទឹកភ្លូកដី

បានផុស

នៅ

បន្ទាប់ពីមានការអំពាវនាវពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ឱ្យប្រជាពលរដ្ឋចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន មន្រ្តីរាជការ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈយ៉ាងច្រើនកុះករបាននាំគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុង«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជាបន្តបន្ទាប់ ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ណុប នរិន្ទ សមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសមាគមគ្រឹះស្ថានឧត្ដមសិក្សាបច្ចេកទេស និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកជន បានចូលរួមមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនចំនួន ១.០០០ដុល្លារ ជាការបង្ហាញនូវទឹកចិត្ត និងសកម្មភាពមួយទៀតដើម្បីជាតិមាតុភូមិ និងដើម្បីផលប្រយោជន៍រួមរបស់ជាតិទាំងមូល។

លោក បានលើកឡើងថា៖ «ខ្ញុំពិតជាសប្បាយរីករាយដែលបានចូលរួមចំណែកផ្ទាល់ជាមួយរាជដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍន៍ជាតិក្នុងស្មារតីសាមគ្គីជាតិខ្មែរដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាពជាដើម»។

លោក ហោ ស៊ុនឡេង ជាប្រជាពលរដ្ឋបានអនុវត្តដោយស្ម័គ្រចិត្តតបតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន សំដៅរួមគ្នាក្នុងឆ្លងមហាសាមគ្គីជាតិខ្មែរក្នុងការថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។ លោក ថា៖ «ខ្ញុំនិងភរិយា សូមចូលរួមជាមួយរាជរដ្ឋាភិបាលតាមរយៈការបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួនចូលរួមក្នុងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីថែរក្សាសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍតាមតំបន់ព្រំដែនឱ្យកាន់តែរឹងមាំ និងប្រកបដោយចីរភាព»។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា បានប្រកាសពីការផ្ដួចផ្ដើមគំនិតក្នុងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្ដោយព្រំដែនកម្ពុជា ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមដោយផ្ទាល់ទាំងអស់គ្នា។ សម្ដេចធិបតី ថា មូលនិធិនេះ ធ្វើឡើងក្នុងគោលដៅពីរ ពោលដើម្បីកៀរគរថវិកាបន្ថែម និងដើម្បីផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដើម្បីចូលរួមក្នុងបុព្វហេតុនេះ ដើម្បីរួមគ្នាកសាងផ្លូវក្រវាត់ព្រំដែន រួមគ្នាក្នុងការកសាងការពារបូរណភាពទឹកដីរបស់យើង។

ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយប្រកាសលេខទូរសព្ទ និងបង្ហាញគណនីធនាគារចំនួន៦ ដើម្បីផ្តល់ភាពងាយស្រួលដល់សាធារណជន ចូលរួមបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម