ព័ត៌មានជាតិ
វឌ្ឍនភាពផ្លូវល្បឿនលឿនភ្នំពេញបាវិត បញ្ចប់ការសាងសង់ការិយាល័យ កន្លែងស្នាក់នៅ រួមទាំងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនទៀត
បើតាមមន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យកម្ពុជាថ្មីដឹងថា ដំណើរការស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញបាវិតកំពុងវិវឌ្ឍន៍ទៅតាមគម្រោង ខណៈក្រុមការងារកំពុងបញ្ចប់ការដោះស្រាយផលប៉ះពាល់មួយចំនួនលើការដ្ឋានសាងសង់។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបង្ហាញពីវឌ្ឍនភាព នៃដំណើរសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត ក្រោយបើកការដ្ឋានស្ថាបនាបានជាងមួយឆ្នាំ។ ក្នុងនោះការងារសម្រេចបានមានដូចជា បញ្ចប់ការងារសាងសង់កន្លែងការិយាល័យ និងកន្លែងស្នាក់នៅចំនួន ៧ កន្លែង ទីតាំងបន្ទប់ពិសោធន៍ចំនួន ៥ កន្លែង ទីតាំងផលិតគ្រឿងសំណង់ចំនួន ៥ កន្លែង និងបានត្រៀមបុគ្គលិកនិងគ្រឿងចក្ររួចរាល់។

បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ក្រុមការងារបច្ចេកទេសកំពុងពិនិត្យសិក្សានិងដោះស្រាយផលប៉ះពាល់លើហេដ្ឋារចនាសម្ព័ន្ធសាធារណ:ដូចជា បង្គោលអគ្គិសនី ប្រព័ន្ធទឹកស្អាត បង្គោលខ្សែកាបប្រៃសណីយ៍។ ជាមួយគ្នានេះ កំពុងរង់ចាំភាគីវៀតណាមបង្កើតក្រុមការងារដើម្បីពិភាក្សាចំណុចតភ្ជាប់នៅព្រំដែន។
ជាមួយការបន្តដោះស្រាយផលប៉ះពាល់នានា ក្រុមការងារនឹងប្រគល់ទីតាំងជូនក្រុមហ៊ុនសាងសង់នៅក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។ លោក ផន រឹម បញ្ជាក់បន្ថែម។
កាលពីសប្តាហ៍មុន គណៈកម្មការអន្តរក្រសួងដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំដើម្បីពិនិត្យពីវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រុមហ៊ុនសាងសង់ CRBC ដើម្បីពិនិត្យលទ្ធផលការងារដែលសម្រេចបាន វឌ្ឍនភាពការងារដែលកំពុងអនុវត្ត និងផែនការការងារដែលគ្រោងនឹងធ្វើក្នុងជំហានបន្តបន្ទាប់ ដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត បានបើកការដ្ឋានសាងសង់កាលពីខែមិថុនាឆ្នាំ ២០២៣ ដែលជាគម្រោងផ្លូវល្បឿនលឿនទី ២ បន្ទាប់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានបញ្ចប់និងដាក់ឲ្យប្រើប្រាស់កាលពីអំឡុងខែតុលា ឆ្នាំ ២០២២។
ផ្លូវល្បឿនលឿនបាវិត មានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ ជាផ្លូវថ្មីទាំងស្រុងមាន ០៤ គន្លង មានទទឹងតួផ្លូវ ២៥,៥ ម៉ែត្រ។ ផ្លូវមួយខ្សែនេះសាងសង់ឡើងចាប់ចេញពីភ្នំពេញនៅចំណុចផ្លូវក្រវាត់ក្រុងទី ៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិតព្រំដែនកម្ពុជា-វៀតណាម ដែលគ្រោងចំណាយថវិកាសាងសង់ប្រហែលជិត ២ ពាន់លានដុល្លារអាមេរិក និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។
កាលពីខែតុលា ឆ្នាំ២០២៣ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូនកម្ពុជា បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំជាមួយមន្រ្តីក្រសួងដឹកជញ្ជូននៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជា ជាមួយនឹងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់វៀតណាម។ ក្នុងនោះភាគីទាំងពីរបានឯកភាពពន្លឿនការអនុវត្តការគម្រោងរួមទាំងការងារពាក់ព័ន្ធផ្សេងៗ ដើម្បីជាប្រយោជន៍រួមទាំងផ្នែកសេដ្ឋកិច្ចនិងសង្គម៕
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


