ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តី លី ធុជ៖ ប្រជាជនកម្ពុជារាប់ពាន់នាក់រងគ្រោះដោយសារមីន ទទួលបានការថែទាំសុខភាព
ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែកដល់កិច្ចការសង្គម។
នេះជាការថ្លែងរបស់ លោក លី ធុជ តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Ljubljana ប្រទេសស្លូវេនី ក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់អឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

លោកមានប្រសាសន៍ថា កម្ពុជាជាប្រជាជាតិមួយដែលធ្លាប់ទទួលបន្ទុកដ៏ធ្ងន់នៃគ្រាប់មីន បានប្រែក្លាយទៅជាពន្លឺនៃក្តីសង្ឃឹម និងភាពធន់។ លោកបញ្ជាក់ថា៖«តាមរយៈការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត»។
ពាក់ព័ន្ធនឹងសន្និសីទខាងលើវិញ លោក លី ធុជ លើកឡើងថា ការជួបជុំគ្នាដ៏មានសារៈសំខាន់នេះ គឺជាការរំឭកអំពីសកម្មភាពសមូហភាព និងឆន្ទៈរួបរួមគ្នាដើម្បីការងារមនុស្សជាតិ និងជម្នះរាល់ផលលំបាកបន្សល់ទុកនាសម័យសង្រ្គាម និងជម្លោះផ្សេងៗ ដែលសន្និសីទនេះ មិនត្រឹមតែផ្តោតលើជំនួយជនរងគ្រោះប៉ុណ្ណោះទេ គឺត្រូវគិតលើការលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ និងអនាគតរបស់អ្នករស់រានមានជីវិតពីគ្រាប់មីន និងជនរងគ្រោះគ្រប់រូប។

បើតាមទេសរដ្ឋមន្រ្តី សមិទ្ធផលសម្រេចបានកន្លងមកមានសារៈសំខាន់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ ខណៈ ពិភពលោកនៅតែប្រឈមមុខនឹងផលវិបាកដ៏អាក្រក់នៃគ្រាប់មីន ហើយជនរងគ្រោះដោយសារមីនជាច្រើន នៅតែបន្តប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានជំនួយដែលត្រូវការ។

លោក លី ធុជ បានបញ្ជាក់ថា ៖«ក្នុងនាមជាសហគមន៍សកលលោក យើងត្រូវប្តេជ្ញាចិត្តក្នុងការមិនទុកនរណាម្នាក់ចោល។ ពិភពលោកដែលមានសន្តិភាព មិនមែនគ្រាន់តែអវត្ដមាននៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានវត្តមាននៃភាពយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមសម្រាប់មនុស្សជាតិ»។
យោងរបាយការណ៍អាជ្ញាធរមីន រយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩២ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ៣០២៤ គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះរាជធានី-ខេត្តចំនួន ១៥ ត្រូវបានប្រកាសអស់មីន ហើយ គ្រាប់មីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះរាប់លានគ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោល។ រីឯចំនួនជនរងគ្រោះបានកាត់បន្ថយពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹមក្រោម ១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


