ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដឹកនាំប្រតិភូទៅចូលរួមសន្និសីទអ្នកជំនាញនីតិកម្មអាស៊ី នៅកូរ៉េខាងត្បូង
ដោយមានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាល, នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នៅកូរ៉េខាងត្បូង។

កម្មវិធីនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ច្បាប់និងបញ្ញាសិប្បនិម្មិត៖ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់នីតិកម្មនៅអាស៊ី»។
តាមកម្មវិធីដែលបានគ្រោងទុក ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងថ្លែងសុន្ទរកថាក្នុងពិធីបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងថ្លែងសុន្ទរកថាក្នុងសន្និសីទលើកទី១២ អ្នកជំនាញនីតិកម្មអាស៊ី។ ក្រៅពីនេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្មកូរ៉េ និងចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំរបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីផងដែរ។

ការចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ក្នុងគោលបំណងដើម្បីគាំទ្រនូវចក្ខុវិស័យនៃការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីមួយ ជាអង្គការអន្តរជាតិមួយសម្រាប់កិច្ចសហការផ្នែកនីតិកម្មក្នុងតំបន់អាស៊ីនៅឆ្នាំ២០៣០។ ទន្ទឹមនេះ ការចូលរួមសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី ក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហការក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាក្នុងវិស័យនីតិកម្ម ពោលគឺធ្វើសមាហរណកម្មវិស័យបញ្ញាសិប្បនិម្មិតនិងនីតិកម្ម និងការកសាងសមត្ថភាពលើវិស័យនីតិកម្មក្នុងបរិការណ៍នៃការវិវត្តឥតឈប់ឈរក្នុងវិស័យឌីជីថលនិងបញ្ញាសិប្បនិម្មិត។

ការចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ដើម្បីក្លាយជាសហស្ថាបនិកនៃក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងដើម្បីកសាង និងពង្រឹងសមត្ថភាពផ្នែកនីតិកម្មរបស់កម្ពុជាបន្ថែមទៀត ជាពិសេសលើការកសាងច្បាប់ដ៏មានប្រសិទ្ធភាព សំដៅពង្រឹងនីតិរដ្ឋ សន្តិសុខគតិយុត្ត និងសុខដុមនីយកម្មនៃប្រព័ន្ធច្បាប់កម្ពុជាជាមួយនឹងប្រព័ន្ធច្បាប់នៃបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងសកលលោក ដែលជាកាតាលីករដ៏សំខាន់ និងចាំបាច់ សម្រាប់គាំទ្រដល់កិច្ចអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ចកម្ពុជានៅក្នុងដំណាក់កាលថ្មី៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


