ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់កម្ពុជា ចែករំលែកពីការកសាងសន្តិភាពដល់គណៈប្រតិភូបរទេស
ឆ្លៀតក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) មន្រ្តីជាន់ខ្ពស់កម្ពុជា បានចែករំលែកបទពិសោធពីការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍជាតិ ដល់គណៈប្រតិភូបរទេសប្រមាណ ៩០រូប ដែលបានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
គួរជម្រាបថា កិច្ចប្រជុំ IDC-CDI កំពុងរៀបចំឡើងនៅទឹកដីខេត្តសៀមរាបរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ក្នុងព្រឹត្តិការណ៍នេះ មានគណៈប្រតិភូជាន់ខ្ពស់ប្រមាណ ៨៧ រូប មកពីបណ្តាប្រទេសចំនួន ២៤ ក្នុងទ្វីបទាំង៥ ដែលបានអញ្ជើញចូលរួមពិភាក្សា ចែករំលែកបទពិសោធ និងចំណេះដឹង ដើម្បីស្វែងរកសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី។

នាពិធីបើកវេទិកាពិសេសស្តីពី “ សន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី “ នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា លោក អ៊ុច បូររិទ្ធ ដែលសមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ប្រធានអនុគណៈកម្មការរៀបចំកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ IDC-CDI មានប្រសាសន៍ថា កម្ពុជាបានឆ្លងកាត់សង្គ្រាមអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ប៉ុន្តែក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់អតីតនាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា មានចក្ខុវិស័យវែងឆ្ងាយក្នុងការកសាងសន្តិភាព ផ្សះផ្សាជាតិ ទើបធានាបាននូវសន្តិភាពពេញសម្រាប់កម្ពុជានាពេលបច្ចុប្បន្ននេះ។ លោកបានបញ្ជាក់ថា៖« ការកសាងសន្តិភាព ការផ្សះផ្សា និងការអភិវឌ្ឍជាតិ គឺជាកេរ្តិ៍ដំណែលដ៏អស្ចារ្យបំផុតរបស់សម្តេចតេជោ ដែលបានបន្សល់ទុកសម្រាប់កម្ពុជា»។
បើតាមលោក អ៊ុច បូររិទ្ធ ដោយសារអាស៊ីមានវប្បធម៌ និងប្រពៃណីចម្រុះ ការលើកកម្ពស់ការយល់ដឹង និងការអត់ឱនជាអន្តរវប្បធម៌ ក៏ដូចជាការទទួលយកភាពចម្រុះដោយការគោរពគ្នាទៅវិញទៅមក គឺពិតជាចាំបាច់សម្រាប់ការរក្សាការបង្រួបបង្រួម ដើម្បីរក្សាសន្តិភាព និងស្ថិរភាព។
ជាមួយគ្នានេះ លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ប្រទេសកម្ពុជាមានបទពិសោធយ៉ាងទូលំទូលាយក្នុងការកសាងសន្តិភាព ហើយបានខ្នះខ្នែងចែករំលែកវាជាមួយប្រទេសផ្សេងៗ ជាពិសេសប្រទេសដែលប្រឈមមុខនឹងជម្លោះប្រដាប់អាវុធដែលអូសបន្លាយ។ លោកបានរំលេចថា៖«ដំណើរផ្លាស់ប្តូរពីសង្គ្រាមទៅកាន់សន្តិភាព គឺជាដំណើរការដ៏លំបាកមួយ ប៉ុន្តែយើងមិនត្រូវបោះបង់ក្តីសង្ឃឹម ហើយខិតខំរួមគ្នាដើម្បីស្វែងរកសន្តិភាព ដែលជាដំណោះស្រាយដ៏មានន័យចំពោះសង្គ្រាម»។

តាមរយៈវេទិកាពិសេសនេះ គណៈប្រតិភូ នឹងមានឱកាសពិភាក្សាអំពីសេចក្តីព្រាងធម្មនុញ្ញសន្តិភាព ដែលស្នើឡើងដោយប្រទេសកម្ពុជា ក្នុងគោលបំណងលើកកម្ពស់សន្តិភាព ការអត់ឱន និងការអភិវឌ្ឍប្រកបដោយចីរភាព។
ធម្មនុញ្ញសន្តិភាព គឺជាឧបករណ៍ច្បាប់មិនជាប់កាតព្វកិច្ចមួយ ដែលត្រូវបានបង្កើតឡើងដើម្បីពង្រឹងជាសកលនូវសាមគ្គីភាព និងភាពជាដៃគូអន្តរជាតិ ដើម្បីសន្តិភាព សុខដុមរមនា សេចក្តីថ្លៃថ្នូរ និងវិបុលភាព។ ធម្មនុញ្ញសន្តិភាព ឈរលើគោលការណ៍គ្រឹះចំនួន៣ ទី ១ ឯកភាពក្នុងភាពចម្រុះ អ្នកជិតខាងល្អ ការមិនឈ្លានពាន និងមិនជ្រៀតជ្រែក ទី២ ការដោះស្រាយជម្លោះដោយសន្តិវិធី និង៣ វប្បធម៌សន្តិភាព។
បច្ចុប្បន្ន អង្គការ CDI មានសមាជិកជាង ១០៩ គណបក្ស មកពី៨៣ ប្រទេស ដែលមានមនោគមវិជ្ជានយោបាយនិយមកណ្តាល មកពីទ្វីបអឺរ៉ុប អាមេរិកឡាទីន អាមេរិកខាងជើង អាហ្វ្រិក និងអាស៊ីប៉ាស៊ីហ្វិក។ គណបក្សប្រជាជនកម្ពុជាបានចូលជា សមាជិកពេញសិទ្ធិរបស់ CDI កាលពីខែមេសា ឆ្នាំ២០១៦ ហើយត្រូវបានបោះឆ្នោតជាអនុប្រធាន អង្គការ CDI ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីខែកក្កដា ឆ្នាំ២០១៨ចំនួន ៣ អាណត្តិមកហើយ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


