ព័ត៌មានជាតិ
តើការលេង បើក ផ្សព្វផ្សាយ និងកាងល្បែងស៊ីសង មានទោសកម្រិតណា?
តាមរយៈវីដេអូប្រមាណ២១នាទី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានពន្យល់អំពីកម្រិតទោសតាមច្បាប់ ចំពោះអ្នកលេងល្បែងស៊ីសងខុសច្បាប់ អ្នកបើកល្បែងស៊ីសងខុសច្បាប់ រួមទាំងអ្នកកាងល្បែងស៊ីសងខុសច្បាប់។

លោក ទូច សុឃៈ បានលើកឡើងថា តាមច្បាប់ស្តីពីការបង្ក្រាបល្បែង ឆ្នាំ១៩៩៦ មាត្រា៤ បានចែងថា ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី មួយម៉ឺនរៀល ដល់ប្រាំម៉ឺនរៀល ឬដាក់ពន្ធនាគារពីមួយសប្តាហ៍ដល់មួយខែ ហើយក្នុងករណីដែលមិនរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំម៉ឺនរៀល ដល់ប្រាំសែនរៀល និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។
អ្នកនាំពាក្យរង បន្តថា ចំពោះអ្នកបើកល្បែង អ្នកកាន់កាប់ល្បែង អ្នកចាត់ចែង និងភ្នាក់ងារល្បែងខុសច្បាប់ ក៏មិនខុសពីអ្នកលេងល្បែងនោះដែរ ដោយក្នុងមាត្រា៥ នៃច្បាប់ដដែល បានកំណត់ថា ជនទាំងនោះត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលានរៀល ដល់ម្ភៃលានរៀល និងដាក់ពន្ធនាគារពីមួយឆ្នាំ ដល់ប្រាំឆ្នាំ ហើយករណីមិនរាងចាល គឺត្រូវផ្តន្ទាទោសពិន័យជាប្រាក់ និងដាក់ពន្ធនាគារខាងលើនេះជាអតិបរិមា។

អ្នកនាំពាក្យរងបានឱ្យដឹងទៀតថា ចំពោះការលេងល្បែងស៊ីសង ឬវង់ល្បែងស៊ីសង ទាំងអនឡាញដែលមានក្មេងៗចូលរួមជាអនីតិជនម្នាក់ ឬច្រើននាក់ក៏ដោយ គឺតុលាការ នឹងដាក់ទោសទៅតាមស្ថានទម្ងន់ទោសដែលមានចែងក្នុងមាត្រា៦ ស្តីពីការបង្ក្រាបល្បែងស៊ីសង កាលណានៅក្នុងវង់ល្បែងមានអនិតិជនម្នាក់ ឬច្រើននាក់ នៅជាមួយផលទោសដែលបានចែងក្នុងមាត្រា៤ និងមាត្រា៥ នៃច្បាប់នេះត្រូវយកមកអនុវត្តដល់អតិបរមា។
ដោយឡែក ការប្រើប្រាស់ឧបករណ៍ផលិតសម្រាប់បម្រើក្នុងល្បែង និងនាំឧបករណ៍គ្រប់ប្រភេទ ដែលគ្មានការអនុញ្ញាតពីរដ្ឋាភិបាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំសែនរៀល ដល់ប្រាំលានរៀល និងដាក់ពន្ធនាគារពីមួយខែដល់មួយឆ្នាំ។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់ពន្ធនាគារជាអតិបរមានៃទោស។ ចំពោះប្រាក់ដែលរឹបអូសដូចដែលបានចែងក្នុងមាត្រា ៧ មាត្រា ៨ខាងលើ ត្រូវបញ្ជូនទៅតុលាការដើម្បីសម្រេចរឹបអូសជាសម្បត្តិរដ្ឋឬបំផ្លាញចោល។ នេះបើតាមការអធិប្បាយរបស់លោក ទូច សុឃៈ។

ក្នុងន័យនេះ លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា ក្រៅពីរាជរដ្ឋាភិបាល ទោះក្នុងរូបភាពណាក៏ដោយ អាជ្ញាធរគ្មានសិទ្ធិចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងនៅទីណាក៏ដោយជាដាច់ខាត។ បើមន្រ្តីឬភ្នាក់ងាររាជការណាដែលនៅតែចេញលិខិតអនុញ្ញាតឱ្យបើកល្បែងស៊ីសងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំទៅប្រាំឆ្នាំ។ចំពោះជនដែលចេញមុខការពារវង់ល្បែងឬបនល្បែងគ្រប់ប្រភេទនៅទីណាក៏ដោយត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ។
បើនិយាយពីការផ្សព្វផ្សាយល្បែងខុសច្បាប់ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ គូសបញ្ជាក់ថា គឺជារឿងដែលកាន់តែខុសច្បាប់ថែមទៀត និងផ្អែកតាមសារាចរណែនាំរបស់ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បញ្ជាក់ថា ការផលិតរូបភាព វីដេអូ និងមាតិកាទាក់ទងទៅនឹងល្បែងស៊ីសងគ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ ឬតាមអនឡាញ។
ក្នុងនោះ រាល់ការផ្សព្វផ្សាយ ឬចែករំលែកបន្តជាវីដេអូ និងខ្លឹមសារពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទមានន័យថា ជាការចូលរួមប្រព្រឹត្តល្មើសករណីល្បែងស៊ីសងខុសច្បាប់ដូចគ្នា។ សរុបជារួម ការប្រព្រឹត្តល្បែងស៊ីសង ទាំងអ្នកបង្កើតល្បែង អ្នកលេងល្បែង អ្នកកាងល្បែង អ្នកចាត់ចែង អ្នកផ្សំគំនិត អ្នកផ្សព្វផ្សាយល្បែង និងត្រូវទទួលទោស តាមច្បាប់ដែលបានកំណត់៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


