ព័ត៌មានជាតិ
ការដ្ឋាន ១ កន្លែង ក្នុងខណ្ឌបឹងកេងកង យកសម្ភារៈដំណើរការសាងសង់ ដាក់លើចំណីផ្លូវ ប៉ះពាល់ពលរដ្ឋធ្វើដំណើរ
ទីតាំងការដ្ឋាន ១ កន្លែង បានយកសម្ភារៈសម្រាប់ដំណើរការសាងសង់ដាក់លើចំណីផ្លូវ ជាហេតុធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើរ បង្កការកកស្ទះចរាចរណ៍ និងគ្មានផ្លូវដើរសម្រាប់អ្នកថ្មើរជើង។

ជាក់ស្ដែងទីតាំងការដ្ឋានកំពុងសាងសង់ ១ កន្លែង ខាងលើ ស្ថិតនៅខាងក្រោយសាលាវិទ្យាល័យបឹងកេងកង តាមបណ្ដោយផ្លូវ ៧១ កែងផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមការសាកសួរ លោក វណ្ណារ៉ា ជាបុគ្គលិកក្រុមហ៊ុន នៅជិតទីតាំងការដ្ឋាន បានប្រាប់ឲ្យ កម្ពុជាថ្មី ដឹងថា ការដាក់គ្រឿងសំណង់(ប្រភេទដុំថ្ម) នៅលើផ្លូវដូច្នេះវាអាចបង្កនូវការកកស្ទះចរាចរណ៍ នៅពេលដែលប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ជាពិសេសនោះសូម្បីតែគាត់ផ្ទាល់ពេលដើរចេញមកទិញម្ហូបហូបក៏ពិបាកក្នុងការដើរដែរ ដោយសារតែដើរថ្មើរជើង ត្រូវដើរនៅលើចំណីផ្លូវ អាចនឹងបង្កគ្រោះថ្នាក់ជាយថាហេតុ។

ពាក់ព័ន្ធបញ្ហានេះ លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌបឹងកេងកង បានបញ្ជាក់ឲ្យ កម្ពុជាថ្មី ដឹងថា ចំពោះបញ្ហាសណ្ដាប់ធ្នាប់នេះ អាជ្ញាធរតែងតែចុះណែនាំ និងធ្វើកិច្ចសន្យាជាមួយទីតាំងការដ្ឋានជាប្រចាំ ប៉ុន្តែម្ចាស់ទីតាំងការដ្ឋាន និងអាជីវករមួយចំនួន មិនចូលរួមសហការជាមួយអាជ្ញាធរ ដោយចាំមើលពេលអាជ្ញាធរភ្លេចខ្លួន ម្ចាស់ទីតាំងការដ្ឋាន រួមអាជីវករ បានយកសម្ភារៈ ឬ អីវ៉ាន់ ដាក់នៅលើដីចំណីដដែល។

លោកអភិបាលរង បានបន្តថា លោកនឹងចាត់មន្ត្រីជំនាញ ចុះទៅពិនិត្យមើល និងឲ្យយកសម្ភារៈ ឬ អីវ៉ាន់ ចេញពីលើផ្លូវជាបន្ទាន់ ព្រមទាំងធ្វើកិច្ចសន្យាណែនាំបន្ថែមទៀត។

សូមបញ្ជាក់ថា លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែងតែក្រើនរំលឹកដល់អាជ្ញាធរទាំង ១៤ ខណ្ឌ ឲ្យយកចិត្តទុកដាក់ជាប់ជាប្រចាំពីបញ្ហា សណ្ដាប់ធ្នាប់ បរិស្ថានអនាម័យ សាធារណៈ ជាពិសេសការរំលោភយកផ្លូវធ្វើជាចំណត កន្លែងតាំងលក់ កន្លែងទុកដាក់សម្ភារៈ ជាដើម ដែលបង្កការកកស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់ អាចបង្កគ្រោះថ្នាក់បានដល់អ្នកធ្វើដំណើរ៕
អត្ថបទ ៖ ម៉េង





-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


