ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី៖ សំណុំរឿង ស្រី ស៊ីណា ជាសារបញ្ជាក់ថា ទោះងារឧកញ៉ា ក៏ត្រូវទទួលទោសទណ្ឌ
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងពាក់ព័ន្ធការកាត់ទោសអតីតឧកញ៉ា ស្រី ស៊ីណា ថា ជាសារបញ្ជាក់ថា ទោះមានងារជាឧកញ៉ា ក៏ត្រូវតែទទួលទោសទណ្ឌតាមច្បាប់ ដោយគ្មានការលើកលែង បើទោះទោសទណ្ឌ និងសំណង មិនអាចដូរយកអាយុជីវិតជនរងគ្រោះមកវិញបានក៏ដោយ។

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសផ្ដន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារ៣១ឆ្នាំ និងបង្គាប់ឱ្យសងសំណងដល់គ្រួសារជនរងគ្រោះដែលស្លាប់ចំនួន២នាក់ក្នុងមួយគ្រួសារ១លានដុល្លារ និងសំណងចំនួន ៥០ម៉ឺនដុល្លារដល់អ្នករងរបួសចំនួន២នាក់។
ថ្លែងក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូននិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សំណុំរឿងបាញ់ប្រហារប្រព្រឹត្តដោយទណ្ឌិត ស្រី ស៊ីណា ជាករណីដំបូងហើយ ដែលសំណងទឹកប្រាក់មានដល់ ២លានដុល្លារ។ សម្ដេចធិបតី ថា៖ «ជាការសោកស្ដាយរឿងបាត់បង់ជីវិត រឿងលុយមិនអាចយកអាយុជីវិតមនុស្សមកវិញបានទេ ប៉ុន្តែអ្វីនៃការកាត់ក្ដីនេះ គឺបង្ហាញអំពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដ៏ម៉ឺងម៉ាត់ ត្រឹមត្រូវ ជាពិសេសទោះបីជាងារជាឧកញ៉ាក៏ដោយ ក៏នៅតែទទួលខុសត្រូវ»។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា ការផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ ត្រូវតែធ្វើឱ្យបានហ្មត់ចត់ ដោយធ្វើយ៉ាងណាធានាបាននូវយុត្តិធម៌សង្គម ហើយសម្ដេចធិបតី សង្ឃឹមថា តាមរយៈការកាត់ទោសទណ្ឌិត ស្រី ស៊ីណា ជាសារដ៏សំខាន់សម្រាប់មនុស្សទាំងអស់ កុំឱ្យប្រព្រឹត្តអំពើបែបនេះតទៅទៀត។

គួរជម្រាបថា សំណុំរឿងរបស់ទណ្ឌិត ស្រី ស៊ីណា គឺត្រូវបានតុលាការបែកជា ៣សំណុំរឿង ដែលសំណុំរឿងទី១. ពីបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំណុំរឿងទី២. ពីបទ ប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយ គ្មានការអនុញ្ញាត និងសំណុំរឿងទី៣. ពីបទ រំលោភលើលំនៅឋាន។ សំណុំរឿងព្រហ្មទណ្ឌនេះ គឺបន្ទាប់ពី ស្រី ស៊ីណា បានប្រព្រឹត្តសកម្មភាពបាញ់ប្រហារជាច្រើនគ្រាប់ទៅលើអ្នកជិតខាង ដោយសារតែទំនាស់ពាក្យសម្ដី ដែលបានបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង និងអ្នករងរបួសចំនួន២នាក់៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១១ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


