ព័ត៌មានជាតិ
អ្នកស្រុកតំបន់អង្គរ បន្ដធ្វើពិធីចាប់ត្រីរួមគ្នាតាមទំនៀមទម្លាប់ពីដូនតា សម្រាប់ប្រារព្ធពិធីឡើងមាឃ
ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាទំនៀមទម្លាប់មួយដែលពលរដ្ឋអ្នករស់នៅតំបន់អង្គរបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន តែងតែរួមគ្នាប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។

ពិធីចាប់ត្រីនោះធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានប្រជាពលរដ្ឋចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នាដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រីនៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាឱ្យចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ដោយមានអ្នកចូលរួមមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ។

លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ ដែលត្រូវបានអភិរក្ស ថែរក្សាដោយគណៈកម្មាការក្នុងភូមិ សម្រាប់យកធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកនៅក្នុងពិធីឡើងមាឃនោះ ប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណមកមិនដែលខកខានឡើយ។

លោកថា ពិធីចាប់ត្រីរួមគ្នានៅឆ្នាំ២០២៥នេះ មិនខុសប្លែកពីរាល់ៗឆ្នាំប៉ុន្មានឡើយ ដោយទឹកនៅក្នុងបឹងសហគមន៍សម្រាប់ឆ្នាំនេះហាក់សំបូរត្រីច្រើនជាងឆ្នាំមុន ព្រោះកាលពីរដូវវស្សាកន្លងមក អាជ្ញាធរបានលែងត្រីជាច្រើនប្រភេទប្រមាណ១ម៉ឺនក្បាលនៅក្នុងបឹង ដែលធ្វើឱ្យអ្នកចូលរួមចាប់ត្រីពីក្នុងបឹងសហគមន៍នេះ មានភាពសប្បាយរីករាយ។
លោកបន្តថា ឆ្នាំនេះមានភាពកុះករជាងឆ្នាំមុនៗ ដោយបើកឱ្យចាប់ត្រីជាសាធាណៈ ដោយមិនគិតថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឬមកពីទីជិតឆ្ងាយនោះទេ គឺពួកគាត់អាចរកត្រីបានដូចគ្នា ដោយប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ រួមមានដូចជា ឈ្នាង អង្រុត និងសំណាញ់ជាដើម។ លោកបន្ថែមថា សម្រាប់ទិន្នផលត្រីឆ្នាំនេះ មានប្រហាក់ប្រហែលឆ្នាំមុន ប៉ុន្តែអ្នកចូលរួមមានចំនួនច្រើនជាងឆ្នាំមុនៗ។ លោកបន្ថែមថា ប្រជាពលរដ្ឋនឹងបន្ដថែរក្សាប្រពៃណីដូនតាចាប់ត្រីនេះជារៀងរហូត ដើម្បីទាក់ទាញអ្នកទេសចរទៅកម្សាន្ដ ដោយពួកគាត់ នឹងអភិរក្សត្រីក្នុងបឹងសហគមន៍មួយនេះនៅឆ្នាំក្រោយៗទៀត។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តសៀមរាប បានឲ្យដឹងថា បឹងសហគម៍មួយនេះ ត្រូវបានលែងកូនត្រីប្រមាណមួយម៉ឺនក្បាលកាលពីរដូវវស្សាកន្លងមក ហើយបានអភិរក្សបានយ៉ាងល្អ ដែលធ្វើឱ្យក្នុងបឹងរក្សាបានកំណើនត្រីច្រើនគួរឱ្យកត់សំគាល់។ លោកបន្ថែមថា ពិធីចាប់ត្រីសហគមន៍ឆ្នាំនេះ មានមនុស្សចូលរួមច្រើន ដោយសារអាជ្ញាធរបានប្រកាសចាប់ត្រីប្រពៃណីនេះជាសាធារណៈដោយមិនប្រកាន់អ្នកមកពីទីជិតឆ្ងាយឡើយ។

លោកបានបន្តថា ពិធីនេះមានសារៈសំខាន់ណាស់ ទី១ រក្សាបានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ដូនតាយើង ទី២ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យពួកគាត់មកឃើញអំពីទំនៀមទម្លាប់ និងអ្វីដែលយើងបានអភិរក្សនេះ ព្រោះស្រុកប្រាសាទបាគង ជាស្រុកមរតកវប្បធម៌ និងទី៣នៅពេលគេស្គាល់កន្លែងយើងច្រើន ប្រជាសហគមន៍ និងទទួលបានចំណូល ហើយក៏មានការអភិវឌ្ឍនៅមូលដ្ឋានយើងជាបន្តបន្ទាប់ផងដែរ។

លោកបានបន្តថា កាលពីមុនពិធីចាប់ត្រីនេះ អ្នកមកចូលរួមគឺមានតែអ្នកភូមិបង្កោងប៉ុណ្ណោះ ប៉ុន្តែឥឡូវដោយមានការផ្សព្វផ្សាយបានទូលំទូលាយ ធ្វើឱ្យមានការចូលរួមច្រើនមកពីគ្រប់ទិសទី មានទាំងភ្ញៀវទេសចរបរទេសផងដែរ។ ដូចនេះអាជ្ញាធរមានគម្រោងបន្តលេងកូនត្រីនៅក្នុងបឹងនេះបន្ថែម ហើយដល់ខែទឹកឡើងដាក់ព្រួលការពារកុំឱ្យត្រី នៅក្នុងបឹងនេះចេញទៅខាងក្រៅ ជាពិសេសនោះ គឺអាជ្ញាធរមានគម្រោងរៀបចំធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះទទួលបានចំណូលដោយផ្ទាល់ផងដែរ៕
អត្ថបទ៖ ជុន កុសល

-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


