ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អេដស៍ ណែនាំយុវវ័យកុំឆាប់ប្រឡូករឿងស្នេហា ត្រូវផ្ដោតលើការសិក្សាដើម្បីអនាគតល្អប្រសើរ
នៅក្នុងឱកាសទិវា នៃក្តីស្រលាញ់ ១៤ កុម្ភៈ មន្ត្រីជាន់ខ្ពស់ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានណែនាំដល់យុវវ័យ កុំឆាប់ប្រឡូកក្នុងរឿងស្នេហា ត្រូវផ្តោតសំខាន់ទៅលើការសិក្សា ដើម្បីអនាគតផ្ទាល់ខ្លួន គ្រួសារ និងប្រទេសជាតិ។

លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ១៣ កុម្ភៈ នេះថា «ខ្ញុំសូមយកឱកាសដ៏មានតម្លៃនេះ សំណូមពរដល់យុវវ័យយើង ត្រូវខិតខំសិក្សារៀនសូត្រឱ្យមានចំណេះដឹង និងជំនាញខ្ពង់ខ្ពស់សម្រាប់អនាគតផ្ទាល់ខ្លួន សម្រាប់គ្រួសារ និងសម្រាប់ប្រទេសជាតិ សូមកុំឆាប់ប្រឡូកក្នុងរឿងស្នេហា និងត្រូវសិក្សាស្វែងយល់ពីបញ្ហាសុខភាព ជាពិសេសសុខភាពបន្តពូជ ដើម្បីបង្ការខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺអេដស៍ និងកាមរោគ»។

ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានអំពាវនាវសូមកុំមានការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ និងប្រជាជនគន្លឹះដែលរួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នកបម្រើក្នុងសេវាកម្សាន្ត និងក្រុមអ្នកប្រើប្រាស់គ្រឿងញៀនជាដើម និងសូមយុវវ័យចៀសឱ្យឆ្ងាយពីគ្រឿងញៀន។

លោកអគ្គលេខាធិការ បានណែនាំទៀតថា ក្នុងករណីដែលមានការប្រព្រឹត្តថ្លោះធ្លោយដោយប្រការណាមួយប្រឈមនឹងការឆ្លងមេរោគអេដស៍ សូមប្រញាប់ប្រញាល់ទៅធ្វើតេស្តដើម្បីឆាប់ទទួលបានការព្យាបាល និងមានសុខភាពល្អ និងសូមចូលរួមបញ្ចប់អេដស៍ តាមរយៈការចូលរួមជួយផ្សព្វផ្សាយបន្តពីការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ដល់មិត្តភ័ក្ដិ និងសហគមន៍។

លោកអគ្គលេខាធិការ បានបន្ថែមថា យោងតាមទិន្នន័យការឆ្លងថ្មី នៃមេរោគអេដស៍ថ្មីនៅឆ្នាំ ២០២៣ មានអ្នកឆ្លងថ្មីចំនួន ១.២០០ ករណី ក្នុងនោះ ៤៣ ភាគរយ ជាយុវវ័យ មានវ័យពី ១៥-២៤ ឆ្នាំ។ ចំណែកការយល់ដឹងទូលំទូលាយអំពីមេរោគអេដស៍ និងជំងឺអេដស៍ក្នុងចំណោមយុវវ័យមានការធ្លាក់ចុះ។ ការណ៍នេះ យើងក៏បាន និងកំពុងធ្វើការអប់រំផ្សព្វផ្សាយជាប់ជាប្រចាំផងដែរ។
លោកអគ្គលេខាធិការ បានបញ្ជាក់ថា សម្រាប់អំឡុងទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសហការជាមួយមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល រួមជាមួយអង្គការដៃគូ នឹងរៀបចំកម្មវិធីផ្សព្វផ្សាយការយល់ដឹងអំពីមេរោគអេដស៍ និងជំងឺអេដស៍ដល់យុវវ័យនៅទីធ្លាកោះនរារាជធានីភ្នំពេញ ក្នុងវិធានការទប់ស្កាត់ការឆ្លងថ្មី នៃមេរោគអេដស៍ ជាពិសេសក្នុងចំណោមយុវវ័យ គឺ «គ្រប់ពេលវេលា និងគ្រប់ទីកន្លែង សូមឱ្យយុវវ័យយកចិត្តទុកដាក់ ប្រយ័ត្នប្រយែង និងការពារខ្លួនកុំឱ្យឆ្លងមេរោគអេដស៍ ព្រោះថាអេដស៍មិនទាន់ចប់នៅឡើយ»។
លោកអគ្គលេខាធិការ ប្រកាសគាំទ្រចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញសេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវា នៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង ចេញសេចក្ដីអំពាវនាវដល់យុវជនឱ្យប្រើប្រាស់ «ថ្ងៃទី ១៤ កុម្ភៈ ឬ ទិវា នៃក្តីស្រឡាញ់» ឱ្យស្របតាមគន្លងប្រពៃណីដ៏ត្រកាលរបស់ខ្មែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


