ព័ត៌មានជាតិ
បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង
កូនដើមកោងកាងប្រមាណជា៥ពាន់ដើម ត្រូវបានដាំលើផ្ទៃដីចំនួន៣ហិកតា នៅក្នុងពិធី«បុណ្យកោងកាងសន្តិភាព» ក្នុងភូមិសាស្ត្រភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដើម្បីជាផ្នែកមួយការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ ក្នុងតំបន់ឆ្នេររបស់ប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត ដឹកនាំមន្រ្តីរាជការក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តកោះកុង, អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្រុមយុវជនអ្នកស្រឡាញ់បរិស្ថាន អង្គការមេត្តាធម្មជាតិ និងប្រជាសហគមន៍ ជាច្រើននាក់ បាននាំគ្នាដាំដើមកោងកាងនេះក្នុងពិធីបុណ្យកោងកាងសន្តិភាព ដែលរៀបចំឡើង នៅថ្ងៃទី២៨ ខែកុម្ភៈ ដល់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃព្រៃកោងកាងដែលជាប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់បរិស្ថាន និងសង្គម ដូចជាការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះ និងជាប្រភពចំណូលសម្រាប់សហគមន៍មូលដ្ឋាន។

លោក អ៊ាង សុផល្លែត ថ្លែងថា ព្រៃកោង កាងជួយទប់លំនឹងដី និងការពារឆ្នេរសមុទ្រពីការហូរច្រោះ និងការបាក់ដី បន្ថែមពីនេះបានជួយកាត់បន្ថយ និងការពារគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ។ ជាមួយគ្នានេះ ក៏ដើរតួជាតម្រងធម្មជាតិ ដោយត្រងសារធាតុបំពុល និងកាកសំណល់ចេញពីទឹក ជាពិសេសជួយកែលម្អគុណភាពទឹក និងរក្សាលំនឹងបរិស្ថានទឹក ព្រមទាំងជាជម្រកដ៏សំខាន់ម្រាប់ពពួកមច្ឆជាតិ និងសត្វសមុទ្រជាច្រើនប្រភេទ ជាពិសេសជាកន្លែងបន្តពូជពង កូន និងលូតលាស់ដ៏ល្អប្រសើរសម្រាប់ជីវិតសត្វសមុទ្រគ្រប់ប្រភេទ ដែលជាការទ្រទ្រង់ដល់សេដ្ឋកិច្ចប្រជានេសាទ និងសន្តិសុខស្បៀង។

តាមរដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រៃកោងកាងមានសមត្ថភាពខ្ពស់ក្នុងការស្រូបយកកាបូនឌីអុកស៊ីត (CO2) ពីបរិយាកាស ជាឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ និងលើសពីនេះទៀត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរបាំងទៅនឹងការប្រែប្រួលអាកាសធាតុ និងបានផ្តល់នូវប្រភពចំណូល និងការងារដល់សហគមន៍មូលដ្ឋាន តាមរយៈការងារកសិកម្ម ការនេសាទ ការចិញ្ចឹមសត្វ ការរៀបចំទេសចរណ៍ធម្មជាតិ និងផលិតផលព្រៃឈើផ្សេងៗទៀត។

ប្រធានអង្គការមេត្តាធម្មជាតិ លោក ម៉េង ហេង បានសំណូមពរប្រជាសហគមន៍ និងអ្នកពាក់ព័ន្ធចូលរួមការពារនិងអភិរក្សធានធម្មជាតិ ដើម្បីប្រយោជន៍រួម សម្រាប់អនាគត។ ប្រទេសកម្ពុជា មានព្រៃកោងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ៦ម៉ឺនហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុង ក្នុងនោះខេត្តកោះកុងមានទំហំធំជាងគេ គឺប្រមាណជាង៤ម៉ឺនហិកតា ស្មើនឹង៨០%ភាគរយ នៃផ្ទៃដីព្រៃកោងកាងនៅកម្ពុជា។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅ នៅទូទាំងខេត្តកោះកុងបានដាំស្ដារព្រៃកោងការឡើងវិញបានជាងចំនួន៥៤.៨០០ដើម។បច្ចុប្បន្ន មន្ទីរបរិស្ថានខេត្ត បានបន្តបណ្តុះដើមកោងកាងបានចំនួន២៨.០០០ដើម សម្រាប់ត្រៀមទុកយកទៅដាំនៅកន្លែងផ្សេងៗទៀត៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៦ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


