ព័ត៌មានជាតិ
កម្ពុជា-ឡាវ ឯកភាពបង្កើនល្បឿនបង្ក្រាបគ្រឿងញៀន ការជួញដូរមនុស្ស បទល្មើសអនឡាញឆ្លងដែន និងការផ្ទេរទណ្ឌិត
ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែមីនា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ បង្កើនល្បឿនបន្ថែមលើការបង្ក្រាបគ្រឿងញៀនឆ្លងដែន ការប្រឆាំងការជួញដូរមនុស្ស ការការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន និងការចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបការឆបោកតាមអនអឡាញ និងបទល្មើសបច្ចេកវិទ្យាព័ត៌មាន ការផ្ទេរទណ្ឌិត។

នេះបើតាម លោក រ៉េន រតនៈអ្នកនាំពាក្យឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ប្រាប់ក្រុមអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ នាថ្ងៃទី២៦ ខែមីនា។

លោក រ៉េន រតនៈ បញ្ជាក់ពីលទ្ធផលនៃកិច្ចប្រជុំបែបនេះ៖« ជាមួយនឹងការបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត និង ឯកឧត្ដមនាយឧត្តមសេនីយ៍ បានចុះ ហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០២៥ រួមមាន កិច្ចសហប្រតិបត្តិការការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ការត្រួតពិនិត្យគ្រឿងញៀន ការប្រឆាំងការជួញដូរមនុស្ស ការការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ព្រំដែន និងការចេញ-ចូលឆ្លងកាត់ព្រំដែន ការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើឆបោកតាមប្រព័ន្ធទូរគមនាគមន៍ និងបទល្មើសបច្ចេកវិទ្យា ព័ត៌មាន ការផ្ទេរទណ្ឌិត ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ច និងកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល »។

អ្នកនាំពាក្យឱ្យដឹងថា នៅក្នុងកិច្ចប្រជុំពេញអង្គ, លោក ស សុខា និងលោក វិល័យឡា ខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ វាយតម្លៃថា កាលពី២០២៤ កន្លង អាជ្ញាធរពាក់ព័ន្ធគ្រប់កម្រិត ជាពិសេសរដ្ឋបាលខេត្តជាប់ព្រំដែនដែលបានសហការគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរួមគ្នាដោះស្រាយបាតុភាពផ្សេងៗប្រកបដោយស្មារតីយោគយល់ រួមចំណែកពង្រឹងទំនាក់ទំនងក្នុងនាមជាប្រទេសភូមិផងឱ្យ កាន់តែប្រសើរជាលំដាប់។

យ៉ាងណាក៏ដោយ ភាគីទាំងពីរ ក៏កត់សម្គាល់ឃើញថាក្នុងឆ្នាំកន្លងទៅ ចំណុចព្រមព្រៀងមួយចំនួនអាជ្ញាធរប្រទេសទាំងពីរពុំទាន់បានអនុវត្តពេញលេញឡើយ ក្នុង ដូចជាការផ្លាស់ប្តូរទស្សនកិច្ចដកស្រង់បទពិសោធរបស់បណ្តាអង្គភាពជំនាញ របស់រដ្ឋបាលខេត្តជាប់ព្រំដែន ការផ្លាស់ប្តូរព័ត៌មាន និងការបណ្តុះបណ្តាលធនធានមនុស្ស ជាដើម។

អ្នកនាំពាក្យឱ្យដឹងថា នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោក ស សុខា ក៏បានអញ្ជើញ លោក នាយឧត្តមសេនីយ៍ វិល័យ ឡាខាំហ្វង បំពេញទស្សនកិច្ចចូលរួមកិច្ចប្រជុំដូចគ្នានៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្របនា ឆ្នាំ២០២៦ ផងដែរ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


