ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តឱ្យកម្មករ-និយោជិតជិះឡានក្រុងរបស់រដ្ឋ ត្រឡប់ទៅស្រុក នាឱកាសបុណ្យចូលឆ្នាំថ្មី ដើម្បីសុវត្ថិភាព
មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកទឹកចិត្តឱ្យកម្មករ-និយោជិតទាំងអស់ដែលកំពុងធ្វើការនៅរាជធានីភ្នំពេញ ប្រើប្រាស់រថយន្តក្រុងរបស់រដ្ឋជាមធ្យោបាយសម្រាប់ធ្វើដំណើរទៅស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់នៅថ្ងៃទី ១៤ , ១៤ និង ១៦ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០៧ មេសា នេះថា «ខ្ញុំសូមអំពាវនាវដល់បងប្អូនកម្មករ-និយោជិត និងក្រុមគ្រួសារដែលនឹងត្រូវទៅស្រុកកំណើត ដើម្បីទៅចូលរួមពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខាងមុខនេះ សូមលើកទឹកចិត្តធ្វើដំណើរដោយរថយន្តក្រុង ដោយសាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងប្រមាណជិត ៦០០ គ្រឿង ដឹកបងប្អូនទៅស្រុកកំណើតពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្តនានា។ ការជិះរថយន្តក្រុងជួយធានាសុខសុវត្ថិភាព និងផាសុកភាព និងមិនចំណាយថវិកាក្នុងការធ្វើដំណើរ។ បងប្អូនអាចមើលតម្រាយផ្លូវដែលសាលារាជធានីភ្នំពេញបានប្រកាសពីភ្នំពេញទៅតាមខេត្តដែលជាស្រុកកំណើតរបស់បងប្អូន ដើម្បីសុវត្ថិភាពទាំងអស់គ្នា»។

លោកបានបន្តថា ការប្រើប្រាស់រថយន្តក្រុងដោយឥតគិតថ្លៃរបស់រដ្ឋនេះគឺដើម្បីជួយកាត់បន្ថយថ្លៃចំណាយរបស់កម្មករ-និយោជិតចំពោះថ្លៃធ្វើដំណើរដោយរថយន្តតាក់ស៊ី។ ជាងនេះទៅទៀត ការធ្វើដំណើរតាមរថយន្តក្រុងដោយឥតគិតថ្លៃដែលរៀបចំដោយរាជរដ្ឋាភិបាលនេះ គឺមានភាពងាយស្រួលធ្វើដំណើរ មិនចង្អៀតណែន ហើយមានសុវត្ថិភាពខ្ពស់។

លោកបន្តទៀតថា ការរៀបចំឱ្យមានរថយន្តក្រុងឥតគិតថ្លៃសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតអំឡុងពេលចូលឆ្នាំថ្មីនេះធ្វើឡើងរៀងរាល់ឆ្នាំ និងបង្ហាញពីការយកចិត្តទុកដាក់បន្ថែមទៀតរបស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលកម្ពុជាដល់ពលរដ្ឋ ក៏ដូចជាកម្មករ-និយោជិតទាំងអស់ ក្នុងការជួយកាត់បន្ថយចំណាយលើថ្លៃរថយន្តធ្វើដំណើរទៅលេងស្រុកកំណើតនាឱកាសពិធីបុណ្យចូលឆ្នាំ។

លោក កត្តា អ៊ន បានជូនពរពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សូមទេវតាឆ្នាំថ្មីបីបាច់ថែរក្សាពួកគាត់ឱ្យទទួលបានសុខភាពល្អសុភមង្គលគ្រប់ក្រុមគ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ពិសេសធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពគ្រប់ទីកន្លែង។

គួរបញ្ជាក់ថា នៅឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងបញ្ចេញរថយន្តក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈដោយមិនបង់ប្រាក់រយៈពេល ០៦ ថ្ងៃ ចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ដើម្បីជួយសម្រួលដល់ការចំណាយរបស់ប្រជាពលរដ្ឋទាំងអស់ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូន ក្រុមគ្រួសារ និងទៅកម្សាន្តសប្បាយ សង្ក្រាន្តឆ្នាំថ្មី នៅតាមបណ្តាខេត្តនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


