ព័ត៌មានជាតិ
ផ្សិតដុះតាមព្រៃភ្នំ ជាបន្លែដ៏ពេញនិយម និងយកធ្វើម្ហូបដ៏ឆ្ងាញ់ពិសាររបស់ជនជាតិដើមភាគតិចក្នុងខេត្តរតនគិរី
ផ្សិតរងាដុះនៅតាមដើមឈើដែលពុកផុយ គឺជាអាហារប្រចាំឆ្នាំរបស់ជនជាតិដើមភាគតិច ខេត្តរតនគិរី។ បន្លែផ្សិតនេះ គឺជនជាតិដើមភាគតិចនិយមហូបតាំងពីយូរយារណាស់មកហើយ វាជាអាហារពិសេសនៅរដូវភ្លៀងសម្រាប់ហូបនៅគ្រប់ក្រុមគ្រួសារនៅតាមទីជនបទចុងកាត់មាត់ញក រស់នៅតាមព្រៃភ្នំ។

ផ្សិតមានរូបរាងតូចៗទាំងនេះ ដុះនៅមុនផ្សិតកាចូតាមដើមឈើ។ ចំណែក ផ្សិត កាចូ ផ្សិតក្ងោក ផ្សិតអាចមន៍ក្របី ជាទូទៅដុះនៅរដូវក្តៅខ្លាំងនៅរដូវប្រាំងស្ងួតហួតហែងមិនមានភ្លៀងធ្លាក់អស់ជាច្រើនខែ ហើយស្រាប់តែគៀកដល់រដូវវស្សាមានភ្លៀងធ្លាក់ខ្លាំងជោគជាំដីជាលើកទី១ នៅពាក់កណ្ដាលខែមេសា ផ្សិតទាំងនេះ ក៏ដុះនៅតាមតាមដើមឈើដែលគេកាប់រំលំទុកចោលយូរឆ្នាំហើយពុកផុយ មានដូចជា ដើមផ្ចឹក ដើមសុក្រំ ដើមចន្ទី ដើមស្នោរជាដើម។

ផ្សិតដែលដុះជាប់នឹងដើមឈើទាំងនោះ មាន២ពណ៌ គឺពណ៌ស និងពណ៌ក្រម៉ៅ មានកម្ពស់៥ សង់ទីម៉ែត្រ។ ពណ៌ផ្សិតទាំងនេះ មានលក្ខណៈខុសគ្នា គឺយោងទៅតាមដើមឈើដែលវាដុះ។ សម្រាប់ពណ៌ស មានដូចជា ដើមចន្ទី និងដើមស្នោរ ចំណែក ពណ៌ក្រម៉ៅវិញ ដុះនៅតាមដើមសុក្រំ ដើមផ្ចឹក។ ដើមឈើងាប់ពុកផុយទាំងនេះ ត្រូវទឹកភ្លៀង២ ទៅ ៣ដង ក៏ដុះចេញជាផ្សិតរយៈពេល១ ថ្ងៃ ទៅ ២ថ្ងៃ អាចទៅដកយកមកធ្វើម្ហូបអាហារ ទើបផុយល្អមិនស្វិត។ ប៉ុន្តែ បើវាដុះលើសពី៣ថ្ងៃ ផ្សិតទាំងនេះចាស់ ហើយនៅពេលយកទៅស្ល ឬឆា មិនផុយល្អសម្រាប់បរិភោគនោះទេ។ នៅខែភ្លៀងដើមឆ្នាំនេះ ជនជាតិដើមភាគតិចនៅតាមភូមិនីមួយៗ ក្នុងខេត្តរតនគិរី បានបបួលគ្នាស្ពាយកាផា ទៅដកផ្សិតនៅតាមព្រៃភ្នំ និងបេះត្រួយរុក្ខជាតិ ទើបលូតលាស់ថ្មី។

ជនជាតិដើមភាគតិចមួយរូបនៅក្នុងខេត្តរតនគិរី គឺអ្នកស្រី គី បានប្រាប់ឱ្យដឹងថា គាត់សប្បាយចិត្តជាមួយទឹកភ្លៀងធ្លាក់ដើមឆ្នាំនេះ ពីព្រោះផ្សិតចាប់ផ្តើមដុះនៅតាមឈើពុក គាត់នាំកូនរបស់គាត់ទៅដកយកមកធ្វើម្ហូប។ គាត់បន្តថា ផ្សិតនេះឆា ឬធ្វើសម្ល មានរសជាតិឆ្ងាញ់។ មិនត្រឹមតែធ្វើម្ហូបអាហារនោះទេ គាត់ក៏វេចខ្ចប់ដាក់ក្នុងថង់ប្លាស្ទិកដោយ១ថង់ គាត់លក់បានតម្លៃ២ ០០០រៀល បើបានចំនួន១កាផា គាត់យកទៅលក់ឱ្យអ្នកភូមិ ឬលើសពី១កាផា គាត់យកទៅលក់នៅផ្សារវើនសៃ៕

ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


