ព័ត៌មានជាតិ
សម្ដេចតេជោប្រាប់បក្សប្រឆាំងថា ប្រឆាំងក៏ប្រឆាំងចុះ តែត្រូវយល់ និងធ្វើអ្វីដែលផ្ដល់ជាប្រយោជន៍រួមដល់ជាតិ
“យើងមិនចាំបាច់មានទស្សនដូចគ្នាទាំងស្រុងទេ ទោះបីក្នុងបក្សមួយ ឬ ក្នុងគ្រួសារមួយ ក៏មិនអាចមានទស្សនដូចគ្នាទាំងស្រុងបានដែរ។ ក៏ប៉ុន្តែ យើងត្រូវយល់អ្វីដែលដូចគ្នា និង ខុសគ្នា។ ដូចគ្នា គឺ ផលប្រយោជន៍ជាតិ រីឯ ខុសគ្នា គឺ ការគិត និង ធ្វើសកម្មភាពខុសគ្នា គឺជារឿងធម្មតា។”។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ប្រាប់ទៅកាន់លោក សុក ហាច, លោក សេង ម៉ារឌី និងលោក គង់ មុនីកាសមាជិកព្រឹទ្ធសភា៣រូប មកពីគណបក្សឆន្ទៈខ្មែរ ដែលចូលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសម្ដេច នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៥។

នៅចំពោះមុខសម្ដេច លោក សុខ ហាច សមាជិកគណបក្សឆន្ទៈខ្មែរ បញ្ជាក់ជូនសម្តេចតេជោ ថា គណបក្សឆន្ទៈខ្មែរ តែងតែប្រកាន់យកមាគ៌ា និងគោលការណ៍ប្រឆាំងគំនិត ក៏ប៉ុន្តែ មិនប្រឆាំងចំពោះផលប្រយោជន៍ជាតិ ដោយយកមតិសម្របសម្រួល និងដាក់ចិត្តចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយបញ្ហាតំបន់ និងសកល ជាផលប្រយោជន៍របស់ជាតិ។ ក្នុងករណីស្ថានភាពប្រទេសជាតិ ជួបប្រទះបញ្ហាលំបាកខាងសេដ្ឋកិច្ច ជាជំហររបស់គណបក្សលោក គឺមិនធ្វើឱ្យរាជរដ្ឋាភិបាលពិបាកទេ។

លោក បានលើកឡើងថា ប្រទេសកម្ពុជារស់នឹងកសិកម្ម ដូចនេះ ត្រូវអភិវឌ្ឍសក្តានុពលកសិកម្ម ឱ្យបានខ្លាំងក្លា។ ជាមួយគ្នានេះដែរ កម្ពុជាគួរ កសាងមូលដ្ឋានគ្រឹះនៅក្នុងវិស័យអចលនទ្រព្យ ដែលយើងកំពុងរងផលប៉ះពាល់ និងត្រូវពង្រឹងភាពប្រកួតប្រជែងរបស់យើង ជាពិសេស វិស័យទឹក ភ្លើង ការដឹកជញ្ជូន។

លោក សុខ ហាច គូសបញ្ជាក់ថា សម្តេចធិបតី បានខិតខំប្រឹងប្រែងណាស់ក្នុងការពង្រឹងការប្រកួតប្រជែងនេះ ជាពិសេស ការពង្រឹងការគ្រប់គ្រងមន្ត្រីស្អាតស្អំ។ លោក បានបន្តថា សម្តេចតេជោ និង ខាងគណបក្សលោកយល់គ្នា នៅលើផ្លូវតែ១ និងបន្តដំណើរទៅមុខទៀត។

ចំណែកលោក សេង ម៉ារឌី មានការកោតស្ញើបស្ងែង និងកោតសរសើរ ចំពោះបទពិសោធរបស់សម្តេចក្នុងរយៈពេលជាង ៤០ឆ្នាំចុងក្រោយនេះ សម្តេចតែងតែរកផ្លូវចេញបានរហូត មិនដែលមានការទល់ច្រក និង បរាជ័យទេ។លោក សេង ម៉ារឌី បានបន្តថា ស្ថានការណ៍បច្ចុប្បន្នជុំវិញបញ្ហាសេដ្ឋកិច្ច គឺដូចជា ការជូនពរ ពីលើមេឃ (Blessing in the sky) ដែលមើលរូបភាព មិនសូវល្អទេ ក៏ប៉ុន្តែ អាចជាកាលានុវត្តន៍ភាព។លោកក៏ជូនជាទស្សនយល់ឃើញថា ប្រទេសកម្ពុជាគួរឈានដល់ចំណុចមួយដែលត្រូវផ្លាស់ប្តូរ នោះការចេញពីវិស័យកាត់ដេរ … និង គួរវិនិយោគលើវិស័យមួយដែលគេមិនទាន់ធ្វើ គឺ ឧស្សាហកម្ម អមមនុស្សចាស់ ឬ សេវាថែទាំ និងមនុស្សចាស់ជរា ដោយផ្ទាល់ ឬ ពីចង្ងាយ អាចតាមប្រព័ន្ធអនឡាញ។

ចំណែកឯលោក គង់ ម៉ូនីកា បានបន្ថែមថា សម្តេចតេជោ បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអារ៉ាប់ និងបានផ្សព្វផ្សាយ និង ទាក់ទាញវិនិយោគមកកម្ពុជា។ លោកយល់ឃើញថាគួរជម្រុញបន្ថែមនូវការអភិវឌ្ឍសេដ្ឋកិច្ចផ្នែក កសិ-ទេសចរណ៍ ដូចជា ទេសចរបរទេស មកលេងចំការ និង បេះផ្លែឈើ ដូចនៅប្រទេសមួយចំនួន។

នៅក្នុងជំនួបជាការឆ្លើយតបសសម្តេច ហ៊ុន សែន បានបន្ថែមថា រាជរដ្ឋាភិបាល បានបញ្ជូនពលករទៅជប៉ុន និង កូរ៉េ ដែលធ្វើការងារជួយមើលមនុស្សចាស់។ ប្រទេសទាំងនេះ កំពុងបើកសាលាបណ្តុះបណ្តាលពលករ រួចបញ្ជូនទៅធ្វើការនៅស្រុកគេ។ ជាមួយគ្នានេះដែរ កម្ពុជាត្រូវរៀបចំជាប្រព័ន្ធឱ្យបានច្បាស់លាស់ កុំឱ្យមានការកេងប្រវ័ញ្ច។ទន្ទឹមនឹគ្នានេះដែរ កម្ពុជាកំពុងត្រូវការកម្លាំងពលកម្មនៅក្នុងស្រុក ដូចនេះ កម្ពុជាកំពុងពង្រឹងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការបណ្តុះបណ្តាលជំនាញទៅតាមតម្រូវការ។

រាជរដ្ឋាភិបាលកម្ពុជា មានបទពិសោធ ដោយបានធ្វើអន្តរាគមន៍ ពេលវិបត្តិសេដ្ឋកិច្ចសកលនៅ ២០០៨ ដោយផ្តល់ការបណ្តុះបណ្តាលជំនាញថ្មីដល់កម្មករដែលបាត់បង់ការងារដោយសារការបិទរោងចក្រ និង ចាត់វិធានការជាច្រើនទៀត។ សម្តេច សង្កត់ធ្ងន់ថា កម្ពុជាបានឆ្លងកាត់ការលំបាកជាច្រើនដង និងដឹងភាពធន់របស់កម្ពុជា ។ វិបត្តិមួយ តែងបង្កប់កាលានុវត្តន៍ភាព។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ កម្ពុជាបានពង្រឹងភាពធន់ ដោយបានបង់ពន្ធលើទំនិញដែលនាំចេញទៅប្រទេសជាច្រើន និងកាត់បន្ថយការពឹងលើប្រព័ន្ធអនុគ្រោះពន្ធ។

សម្តេចតេជោ យល់ស្របនឹង លោកសុខ ហាច ថាការគ្រប់គ្រងមន្ត្រីស្អាតស្អំ ការពង្រឹងសមត្ថភាពរបស់មន្ត្រី ធនធានមនុស្ស ប្រកបដោយគុណធម៌ សំខាន់ណាស់។ ទន្ទឹមនឹងនេះដែរ កម្ពុជាត្រូវពង្រឹងសមត្ថភាព និងការប្រកួតប្រជែងនៅក្នុងក្របខណ្ឌសេដ្ឋកិច្ចដែលខ្លួនមាមាន រួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយ ចិន កូរ៉េខាងត្បួង និង អេម៉រ៉ាតអារ៉ាប់រួម និងនៅក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន អាស៊ាន-ចិន RCEP …។
សម្តេច ហ៊ុនសែន ប្រាប់សមាជិកបក្សឆន្ទៈខ្មែរថា÷”យើងបន្តដំណើរជាមួយគ្នា នៅក្នុងព្រឹទ្ធសភាពហុបក្ស ក្រោមម្លប់នៃសន្តិភាព និង ស្ថិរភាពនយោបាយ។ យើងប្រឹងមួយដង្ហើមទៀត ពីពេលនេះ ទៅឆ្នាំ២០២៩ ក្នុងការចាកចេញ ពីលក្ខន្តិកៈប្រទេសអភិវឌ្ឍន៍តិចតួច (LDC) និង ឈានដល់ ប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០“។
នេះគឺជាការជួបគ្នាលើកទី ២ រវាងសម្ដេចតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា ជាមួយនឹងសមាជិកគណបក្សឆន្ទៈខ្មែរដែលជាសមាជិកព្រឹទ្ធសភាក្នុងនីតិកាលទី ៥ នៅក្រោមដំបូលព្រឹទ្ធសភា៕
ដោយ÷ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


