ព័ត៌មានជាតិ
នាវាចិនមួយគ្រឿង ចូលចតនៅផែរាម ដើម្បីត្រៀមសមយុទ្ធជាមួយកម្ពុជា
នៅព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាវាកងទ័ពជើងទឹកចិនមួយគ្រឿង បានបង្ហាញវត្តមាននៅកំពង់ផែនៃមូលដ្ឋានសមុទ្ររាម ក្នុងខេត្តព្រះសីហនុ សម្រាប់ត្រៀមចូលរួមសមយុទ្ធយោធារួមគ្នាកម្ពុជា-ចិន ដែលនឹងចាប់ផ្តើមនៅក្នុងសប្ដាហ៍នេះ។

ការមកដល់របស់នាវាចម្បាំងចិននៅព្រឹកថ្ងៃនេះ មានវត្តមានទទួលស្វាគមន៍ពីលោកឧត្តមសេនីយ៍ទោ ប៉ែន សុក្រិតវិទ្យា នាយកទីចាត់ការហ្វឹកហ្វឺន និងជាប្រធានក្រុមការងារដឹកនាំសមយុទ្ធ និងលោកឧត្តមនាវីទោ ឆុង ស៊ីដេត មេបញ្ជាការរង និងជានាយសេនាធិការមូលដ្ឋានសមុទ្ររាម។
នាវាចិនមួយគ្រឿងនេះ ជាប្រភេទនាវាពហុមុខងារ Type-071 ដឹកនាំដោយលោកឧត្តមនាវីទោ LYU GUANGKUN ឧបការីនាយសេនាធិការតំបន់យោធភូមិភាគខាងត្បូង នៃកងទ័ពជើងទឹកចិន ដែលមានលក្ខណៈបច្ចេកទេសនាវាលេខ ៩៨៩ ទម្ងន់ផ្ទុក ២៥០០០តោន បណ្ដោយ ២១០ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក ៧ម៉ែត្រ និងល្បឿន ២៥ knots។

វត្តមានរបស់នាវាចិននៅដែនសមុទ្រកម្ពុជាពេលនេះ គឺដើម្បីត្រៀមចូលរួមសមយុទ្ធរួមគ្នា កម្ពុជា-ចិន ឆ្នាំ២០២៥ ដែលគេឱ្យឈ្មោះថា សមយុទ្ធនាគមាស។ ក្នុងសមយុទ្ធនានេះ មានទំហំធំជាងមុន ដោយមានបំពាក់សព្វាវុធទំនើបៗហើយក្នុងនោះក៏មានការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ថែមទៀតផង។
បើតាមនាយឧត្ដមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ គឺភាគីចិន នាំយកនាវា៣គ្រឿង ឧទ្ធម្ភាគចក្រជំនាន់ថ្មី Z-20 ចំនួន ២គ្រឿង ដ្រូន ២០គ្រឿង រ៉ូបូត ឆ្កែយន្ត រថយន្តគ្មានមនុស្សបើក រថយន្តបញ្ជា។ ចំណែកភាគីកម្ពុជា នឹងប្រើឧទ្ធម្ភាគចក្រ រថក្រោះ និងអាវុធជាច្រើនផ្សេងទៀត។

ត្បិតថា ធំជាង និងទំនើបជាងមុន តែសមយុទ្ធនេះគ្មានចេតនាគំរាមកំហែងប្រទេសណាមួយឡើយ។ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត អះអាងបែបនេះ ហើយលោកបញ្ជាក់ថា «សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិននេះ ក៏ដូចជាសមយុទ្ធកន្លងមក គឺធ្វើឡើងដើម្បីដកបទពិសោធន៍ពីគ្នាទៅវិញទៅមក ពង្រឹងសន្តិសុខ ទប់ស្កាត់អំពើភេរវកម្ម ហើយមិនមានបំណងគំរាមកំហែង ឬធ្វើឱ្យប៉ះពាល់ដល់ប្រទេសណាមួយឡើយ»។
គួរជម្រាបថា កងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ខាងមុខ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៩ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៨ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


