ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី៖ ពេលដែលប្រទេសកម្ពុជារងការគំរាមកំហែង ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ
ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា នៅពេលដែលប្រទេសកម្ពុជារងការគំរាមកំហែង ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ យើងនឹងងើបឈរស្មារតីរួមគ្នា គាំទ្ររាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជាតិរបស់យើង ក្នុងការការពារបូរណភាពទឹកដី ការពារប្រយោជន៍ជាតិ និងភាពសុខសាន្តរបស់ខ្មែរ។

នេះជាការថ្លែងឡើងរបស់ឯកឧត្តម ហ៊ុន ម៉ានី នៅចំពោះមុខប្រជាជនកម្ពុជារាប់ម៉ឺននាក់ ដែលបានចូលរួមនៅក្នុងកម្មវិធីការធ្វើដំណើរថ្មើរជើង “ Solidarity March “ ដើម្បីបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៥។ ព្រឹត្តិការណ៍នេះធ្វើនៅរាជធានីភ្នំពេញ ដែលមានការចូលរួម ពីសំណាក់ជាតិសាសន៍ខ្មែរយ៉ាងផុសផុល និងគ្រប់និន្នាការនយោបាយ។ ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា៖«ប្រជាជនខ្មែរនឹងមិននៅស្ងៀមនោះទេ បើសិនជាមានការគំរាមកំហែងណាមួយ និងការប្រមាថណាមួយទៅលើកិត្តិយស និងដែនបូរណភាពទឹកដីរបស់ប្រជាជនកម្ពុជា»។

ទោះជាយ៉ាងណាក្តី ឯកឧត្តមថា កម្ពុជាជ្រើសរើសស្របទៅតាមការណែនាំ និងគោលជំហររបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត គឺដោះស្រាយរាល់បញ្ហារបស់កម្ពុជាដោយសន្តិវិធី និងផ្អែកលើកមូលដ្ឋាននិងច្បាប់ ។ ឯកឧត្តម ហ៊ុន ម៉ានី គូសរំលេចថា៖«ក្នុងស្មារតីនេះ សូមបងប្អូនជនរួមជាតិចងចាំថា ការររួបរួមរបស់យើងនៅថ្ងៃនេះ គឺស្របទៅតាមព្រះរាជបណ្តាំរបស់សម្តេចតា ខ្មែររួបរួមគឺខ្មែរខ្លាំង ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់កម្ពុជាតាំងពីអតីតកាលរហូតដល់ថ្ងៃនេះ និងតទៅអនាគត លើមូលដ្ឋាននៃការរួបរួមគ្នា ដែលយើងត្រូវចេះរៀនរស់ដោយខ្លួនឯង»។

បើតាមឯកឧត្តម ការជួបជុំគ្នានៅក្នុងថ្ងៃនេះ មិនមែនជាការជួបជុំគ្នាដើម្បីបង្ហាញកម្លាំង ឬក៏ការគំរាមកំហែងទៅអ្នកណានោះទេ កម្ពុជាថែរក្សាភាពចាស់ទុំ ដោះស្រាយបញ្ហាដោយសន្តិវិធី ហើយការជួបជុំក្នុងថ្ងៃនេះលក្ខណៈជាមហាគ្រួសារខ្មែរ គឺដើម្បីបង្ហាញនូវមនោសញ្ចេតនាក្នុងការគាំទ្រទៅលើរាជរដ្ឋាភិបាល គាំទ្រលើកងកម្លាំងប្រដាប់អាវុធ និងរាល់វិធានការដោះស្រាយការពារបូរណភាពទឹកដីដោយសន្តិវិធី ។
ឯកឧត្តម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា៖«ការជួបជុំរបស់យើងនៅថ្ងៃនេះមិនមានបំណងការបង្ហាញកម្លាំង និងការគំរាមកំហែងឬក៏មានសារអវិជ្ជមានជូនអ្នកណានោះទេ គោលបំណងរបស់យើងក្នុងនាមជាមហាគ្រួសារខ្មែរ គឺមកជួបជុំគ្នាបង្ហាញនូវការគាំទ្រទឹកចិត្ត និងជឿជាក់លើរដ្ឋាភិបាលកម្ពុជា៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៥ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៥ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន