ព័ត៌មានជាតិ
វេទិកាសាធារណៈបង្កប់នូវអត្ថន័យ គន្លឹះ២ គឺការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងបំណងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌបានបង្កប់នូវអត្ថន័យ គន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់។ តាមរយៈការផ្សព្វផ្សាយ បានបង្ហាញនូវសមិទ្ធផលជាច្រើន ដែលគណៈអភិបាលខណ្ឌសម្រេចបាន និងបញ្ហាប្រឈមនានាក្នុងការអនុវត្តផែនការសកម្មភាពនាពេលកន្លងមក ក្នុងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋានខណ្ឌ។

នេះជាការលើកឡើងរបស់លោក ឱម យិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌទួលគោក អាណត្តិទី៤ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។

លោក ឱម យិនទៀង បានមានប្រសាសន៍លើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខណ្ឌនាថ្ងៃនេះ បានបង្កប់នូវអត្ថន័យនៃពាក្យគន្លឹះ២ គឺការផ្សព្វផ្សាយ និងការពិគ្រោះយោបល់។ ការពិភាក្សា និងពិគ្រោះយោបល់ប្រឹក្សាខណ្ឌ សង្កាត់ ប្រជាពលរដ្ឋ សង្គមស៊ីវិល បានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលខណ្ឌ យកទៅដោះស្រាយ កែលម្អក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ការចូលរួមផ្តល់មតិយោបល់ និងការលើកឡើងនូវសំណើ និងសំណូមពរបានឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលខណ្ឌយកទៅកែលម្អឡើងវិញ ឱ្យសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានមានប្រសាសន៍លើកឡើងពីសមិទ្ធផលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៥ និងផែនការអភិវឌ្ឍន៍មូលដ្ឋានបន្តរបស់រដ្ឋបាលខណ្ឌទួលគោក។ លោកបានបន្តថា ទន្ទឹមនឹងសមិទ្ធផលការងាររយៈពេលប្រាំមួយខែនេះ រដ្ឋបាលខណ្ឌទួលគោកក៏បានជួបប្រទះបញ្ហាប្រឈមក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនផងដែរ។

ដូច្នេះដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រដ្ឋបាលខណ្ឌបានដាក់ទិសដៅការងារសំខាន់ៗមួយចំនួនដូចជា បន្តជំរុញការអនុវត្តគោលនយោបាយ “ភូមិ សង្កាត់ មានសុវត្ថិភាព” បន្តស្ថាបនា និងស្តាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ លូ ប្រឡាយនៅមូលដ្ឋាន បន្តរៀបចំសណ្តាប់ធ្នាប់សាធារណៈ និងអនាម័យបរិស្ថាននៅតាមដងផ្លូវបន្តចុះត្រួតពិនិត្យសំណង់មិនរៀបរយ និងសំណង់មិនមានលិខិតអនុញ្ញាតសាងសង់ ពង្រឹងការផ្តល់សេវាផ្តល់សេវាសាធារណៈតាមច្រកចេញចូលតែមួយឱ្យកាន់តែ ល្អប្រសើរ៕
អត្ថបទ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


