ព័ត៌មានជាតិ
សម្តេចតេជោ ប្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរីឱ្យជំរុញថៃទៅដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជានៅតុលាការអន្តរជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរីលោក ឡ រ៉េនវ៉ុង ឱ្យជួយជំរុញភាគីថៃទៅដោះស្រាយបញ្ហាព្រំដែនរសើបទាំង៤ជាមួយកម្ពុជានៅតុលាការយុត្តិធម៌អន្តរជាតិនៅទីក្រុងឡាអេ។ នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ស្រង់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងពេលអនុញ្ញាតឱ្យនាយករដ្ឋមន្ត្រីសិង្ហបុរី ដែលមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី០២ ខែកក្កដា នេះ។

អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ឱ្យដឹងដែរថា នៅក្នុងជំនួប សម្ដេចតេជោ ហ៊ុន សែន ប្រាប់លោក ឡ រ៉េនវ៉ុង ថាមូលហេតុដែលកម្ពុជា-ថៃ មានវិវាទព្រំដែនជាមួយគ្នា គឺព្រោះតែកាលពីថ្ងៃទី២៨ ខែឧសភា ទាហានថៃបានចូលមកបាញ់សម្លាប់ទាហានកម្ពុជា និងថៃបានបិទព្រំដែនជាឯកតោភាគី និងការគំរាមកំហែងផ្សេងៗជាច្រើនទៀត។

សម្ដេចតេជោ ហ៊ុន សែន ក៏បន្តប្រាប់នាយករដ្ឋមន្ត្រីសិង្ហបុរីទៀតថា ជាបន្តបន្ទាប់ ថៃ បានប្រមាថលើកម្ពុជា តាមរយៈការគំរាមកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី និងអ៊ីនធឺណិត ប្រមាថលើពលករខ្មែរ គំរាមឱ្យឈប់ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រមាថមកលើថ្នាក់ដឹកនាំកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត និងសម្ដេចតេជោផ្ទាល់។ នេះបើតាមលោក ជា ធីរិទ្ធ។

សម្ដេចបានបញ្ជាក់ថា ថ្នាក់ដឹកនាំកម្ពុជាទាំងសម្ដេចធិបតី និងសម្ដេចផ្ទាល់សោកស្ដាយ មិនចង់មានបញ្ហាសង្គ្រាមជាមួយប្រទេសជិតខាងនោះទេ និងមិនចង់ឱ្យតំំបន់អាស៊ានកើតមានបញ្ហានេះទេ ពោលគឺចង់ឃើញអាស៊ានរួមសាមគ្គីគ្នា មិនបង្កបញ្ហានាំឱ្យប្រធានអាស៊ានឈឺក្បាលឡើយ។
ជាការឆ្លើយតប លោកនាយកដ្ឋមន្រ្ដីសិង្ហបុរី អរគុណចំពោះសម្ដេចតេជោ ដែលបានពន្យល់អំពីបញ្ហាព្រំដែន និងគោលបំណងនៃការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់កម្ពុជា។ លោកសង្ឃឹមថា ភាគីទាំងពីរនឹងដោះស្រាយបញ្ហាដោយសន្ដិវិធី ដោយឈរលើគោលការច្បាប់អន្តរជាតិ។

ជាការកត់សម្គាល់នេះ មិនមែនជាលើកទី១ឡើយ ដែលសម្ដេច ហ៊ុន សែន តែងប្រាប់ពីជំហររបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ជាពិសេសប្រាប់ឱ្យបរទេសជួយជំរុញថៃ ទៅដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិជាមួយកម្ពុជា ទៅកាន់ឥស្សរជននៃបណ្ដាប្រទេសជាមិត្ត។ តួយ៉ាងសម្ដេចតេជោ បានប្រាប់ជប៉ុន និងម៉ាឡេស៊ីជាដើម៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


