ព័ត៌មានជាតិ
អ្នកជំនាញ ផ្តាំឱ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះការឆបោកតាមអនឡាញ មុនបរិច្ចាគប្រាក់ត្រូវពិនិត្យឱ្យបានល្អិតល្អន់
អ្នកជំនាញ២រូប នៃរាជបណ្ឌិត្យសភាកម្ពុជា គឺលោកបណ្ឌិត យង់ ពៅ និងលោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងដូចគ្នាពីក្តីបារម្ភចំពោះករណីបោកប្រាស់តាមអនឡាញ តាមរយៈការរៃអង្គាសប្រាក់ជួយអ្នកក្រខ្សត់ ឬមានទុក្ខលំបាក ហើយលោកទាំងពីរ ក៏សំណូមពរឱ្យពលរដ្ឋពិនិត្យឱ្យបានល្អិតល្អន់ មុននឹងជឿ ឬសម្រេចចិត្តថាបរិច្ចាគឱ្យនរណាម្នាក់។

ការលើកឡើងរបស់អ្នកជំនាញទាំងពីរ បន្ទាប់ពីមួយរយៈចុងក្រោយ នៅលើបណ្តាញសង្គម ហាក់មានច្រើនករណីដែលជនឆបោកមួយចំនួន បានប្រើប្រាស់រូបភាពកម្សត់របស់ប្រជាពលរដ្ឋ ឬទាហាននៅតាមព្រំដែន និងរូបភាព AI ដើម្បីបង្ហោះលើបណ្តាញសង្គម សុំថវិកាដោយមានការភ្ជាប់ជាមួយ QR កូដ។ ជាក់ស្តែង កាលពីពេលថ្មីៗ មានបុរសម្នាក់បានប្រើប្រាស់រូបភាព AI បង្ហោះលើបណ្តាញសង្គមដើម្បីសុំថវិកា ក៏ត្រូវបានមន្ត្រីជំនាញឃាត់ខ្លួនបាននៅខេត្តសៀមរាបផងដែរ។
បណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ កម្ពុជាថ្មី ថា ចំពោះជនខិលខូច ដែលបង្កើតហេតុការណ៍ រូបភាពផ្សេងៗដូចជា AI ជាដើម ដើម្បីអង្គាសប្រាក់នេះ គឺជាអំពើខុសច្បាប់។ ហេតុនេះហើយ លោកសំណូមពរដល់សាធារណជនយល់ឱ្យច្បាស់ពីបញ្ហានេះ និងផ្ទៀងផ្ទាត់ជាមុន និងប្រុងប្រយ័ត្នខ្ពស់លើបញ្ហានេះ ចៀសវាងការចាញ់បោក។ លោកបន្តថា អាជ្ញាធរ មានសមត្ថកិច្ច គួរចាត់វិធានការឱ្យបានទាន់ពេលវេលាលើករណីទាំងអស់នេះ ដើម្បីកុំឱ្យប្រជាពលរដ្ឋចាញ់បោកលើការអង្គាសប្រាក់តាមបណ្តាញសង្គមបន្តទៀត។

លោកបណ្ឌិត យង់ ពៅ មានប្រសាសន៍ថា៖ “អ៊ីចឹង សូមមានការប្រុងប្រយ័ត្នខ្ពស់ទៅលើបញ្ហាហ្នឹង ពីព្រោះឥឡូវនេះ ខណៈដែលសេដ្ឋកិច្ចកំពុងតែមានបញ្ហាផង ហើយយើងទៅចាញ់បោកការរៃអង្គាសអ៊ីចឹងទៀត។ ហើយបញ្ជាក់ឡើងវិញ ថានេះជាអំពើខុសច្បាប់ អាចនឹងជាប់ទោសទណ្ឌតាមស្ថានទម្ងន់ទោសដែលប្រព្រឹត្តរបស់អ្នកប្រព្រឹត្តឆបោកនោះ”។
ចំណែក បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា ក៏បានប្រាប់មក កម្ពុជាថ្មី មិនខុសពីបណ្ឌិត យង់ ពៅ ដែរ។ លោកលើកឡើងថា សម័យបច្ចុប្បន្នជាសម័យជឿនលឿន មានបច្ចេកវិទ្យាខ្ពស់ ជាសម័យ AI ដែលអាចបំបេញតម្រូវការមនុស្សបានល្អ និងឆាប់រហ័ស តែក៏ជាអាវុធមុខពីរ ដែលហុចផលល្អ និងអាក្រក់មកដល់មនុស្សដូចគ្នា ហេតុនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់លើបញ្ហាទាំងនេះ។ លោកបណ្ឌិត បន្តថា ក្នុងសម័យកាលនេះ ត្រូវមានការផ្សព្វផ្សាយឱ្យបានច្រើន ដើម្បីឱ្យពលរដ្ឋបានយល់ដឹងថាអ្វីជា AI ចៀសវាងការចាញ់បោកពីជនឆបោកប្រើប្រាស់រូបភាពទាំងនេះបោកបញ្ឆោតប្រជាជន។ លោកបណ្ឌិត ក៏បញ្ជាក់ដែរថា ករណីទាំងនេះកើតឡើងយូរមកហើយ មិនមែនទើបតែកើតឡើយនោះទេ ហេតុនេះ ពលរដ្ឋត្រូវយល់ឱ្យបានច្បាស់ និងប្រុងប្រយ័ត្នខ្ពស់។

ពាក់ព័ន្ធករណីខាងលើ លោកបណ្ឌិតថា មនុស្សមិនអាចគេចផុតពីបច្ចេកវិទ្យាទំនើបបានឡើយ ហេតុនេះត្រូវរៀនសូត្រ ស្វែងយល់ពីបច្ចេកវិទ្យាទាំងនេះ ទើបជាការប្រសើរ។ បន្ថែមពីនេះ សមត្ថកិច្ចជំនាញត្រូវយល់ដឹងបញ្ហានឹងឱ្យបានខ្ពស់ និងចាត់វិធានការណ៍ឱ្យបានទាន់ពេលវេលា ដើម្បីការពារពលរដ្ឋកុំឱ្យចាញ់បោកគេ។ មួយវិញទៀត ករណីដែលមនុស្សធម៌ លោកបណ្ឌិត ឈត ប៊ុនថង ថា គួរបន្តឱ្យមានការធ្វើមនុស្សធម៌ជាបុគ្គលបន្តទៀត ឬគួរមានមូលនិធិមួយដែលត្រឹមត្រូវ និងមានការចូលរួមពី អាជ្ញាធរក្នុងការអង្គាសប្រាក់។
បណ្ឌិត ឈត ប៊ុនថង និយាយថា៖ “គួរបញ្ឈប់ការរៃអង្គាសសុំជំនួយដោយគ្មានការចូលរួមពីអាជ្ញាធរជាដើម ពុំដូច្នោះទេ បងប្អូនយើងអ្នកដែលប្រើប្រាស់អារម្មណ៍ មនោសញ្ចេតនា ការងាណិតអាសូរសប្បុរសធម៌ហ្នឹង គឺអាចបន្តរងគ្រោះតទៅទៀត តាមរយៈការបង្កើត AI បង្កើតជាព្រឹត្តិការណ៍ផ្សេងៗដើម្បីសុំជំនួយ សុំលុយកាក់ជាដើម”។

ជុំវិញករណីឆបោកតាមអនឡាញនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកខាងលើ និងចូលរួមប្រើប្រាស់វិធីសាស្រ្តមួយចំនួន ដូចខាងក្រោម៖
១. កុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គម
២. កុំចុចតំណភ្ជាប់នានា ដែលគ្មានប្រភពច្បាស់លាស់
៣.សូមរាយការណ៍មកកាន់សមត្ថកិច្ចជំនាញ ដែលនៅជិតលោកអ្នកបំផុត
៤. សូមកុំចែករំលែកបន្ត ( Share ) នៅលើគណនីបណ្តាញសង្គមរបស់លោកអ្នក
៥.សូមចូលរួមរាយការណ៍ទៅកាន់ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម (Report) ដូចជា Facebook, Telegram, TikTok សម្រាប់ករណីក្លែងក្លាយខាងលើ៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ២០ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះចំនួន២ក្នុងពេលតែមួយ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៩កក្កដា