ព័ត៌មានជាតិ
លោក ឃួង ស្រេង ជម្រាបជូនពីការឈ្លានពានរបស់ទាហានថៃមកលើកម្ពុជា និងសូមការគាំទ្រពីបារាំងក្នុងការប្ដឹងទៅតុលាការអន្តរជាតិ ICJ
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានជម្រាបទៅ លោក Frédéric VALLIER អគ្គប្រតិភូ នៃសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF ពីការឈ្លានពានបូរណភាពទឹកដីពីសំណាក់ទាហានថៃ រហូតបាញ់មកលើកម្ពុជា បង្កឱ្យមានជម្លោះប្រដាប់អាវុធនៅតាមព្រំដែន ដោយទាហានថៃបានប្រើយន្តហោះទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទថែមទៀត និងសូមឱ្យបារាំងគាំទ្រកម្ពុជា ក្នុងការប្ដឹងទៅតុលាការអន្តរជាតិ ICJ។

ការលើកឡើងរបស់ លោក ឃួង ស្រេង បានធ្វើឡើង កាលពីព្រឹកថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Frédéric VALLIER នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង មានប្រសាសន៍ថា ដោយសារថៃមានមហិច្ឆតាចង់បានប្រាសាទនានារបស់កម្ពុជាមកធ្វើជារបស់ខ្លួន ថៃបានបង្កឱ្យមានជម្លោះនៅតាមព្រំដែន រហូតបាញ់មកលើកម្ពុជា ធ្វើឲ្យកម្ពុជាប្រើសិទ្ធិការពារខ្លួនបាញ់តបវិញ ដើម្បីការពារបូរណភាពទឹកដីពីចោរឈ្លានពាន។

លោក ឃួង ស្រេង បន្តថា ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ តែត្រូវបានអ្នកជិតខាងបង្កជាជម្លោះ ដែលជម្លោះនេះ គឺដោយសារតែភាគីថៃ មិនគោរពតាមកិច្ចព្រមព្រៀង ដោយបានរំលោភបំពានបូរណភាពទឹកដីកម្ពុជា រហូតបង្កឱ្យមានការផ្ទុះអាវុធដាក់គ្នាកាលពីម្សិលមិញ។ លើសពីនេះ ភាគីថៃ បានពង្រីកបញ្ហាព្រំដែននេះឱ្យប៉ះពាល់ទៅដល់វិស័យពាណិជ្ជកម្មថែមទៀត តាមរយៈការបិទច្រកព្រំដែនរវាងប្រទេសទាំងពីរ។

លោក ឃួង ស្រេង បន្តទៀតថា អ្វីដែលជាការហួសចិត្ត និងនឹកស្មានមិនដល់សោះនោះ គឺប្រទេសថៃ ជាអរិយៈប្រទេសគួរឱ្យកត់សម្គាល់មួយដែរ មិនគួរដល់ថ្នាក់ប្រើយន្តហោះចម្បាំងទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញប្រាសាទដែលបានចុះបញ្ជីជាបេតិកភណ្ឌពិភពលោកនោះទេ។ តាមរយៈសកម្មភាពឈ្លានពានរបស់ប្រទេសថៃនេះ លោកសង្ឃឹមថា ប្រទេសបារាំង នឹងគាំទ្រកម្ពុជា ដោយជំរុញឱ្យភាគីថៃអនុវត្តទៅតាមកិច្ចព្រមព្រៀងបារាំង-ថៃ ដែលមានកន្លងមក ជៀសវាងការប្រើប្រាស់ផែនទីដែលគូសដោយឯកតោភាគី។ ជុំវិញការដោះស្រាយបញ្ហាព្រំដែនតាមរយៈការប្ដឹងទៅតុលាការអន្តរជាតិ ICJ លោកសង្ឃឹមថា បារាំង នឹងគាំទ្រកម្ពុជា។

ជុំវិញការលើកឡើងរបស់ លោក ឃួង ស្រេង ក្នុងជំនួបនោះ លោក Frédéric VALLIER បានមានប្រសាសន៍លើកឡើងថា មិនមែនក្នុងនាមប្រទេសបារាំងនោះទេ តែក្នុងនាមជាតំណាងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF ជម្លោះប្រដាប់អាវុធរវាងប្រទេសថៃ និងប្រទេសកម្ពុជា លោកពិតជាសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង លោកសង្ឃឹមថា ជម្លោះដ៏តានតឹងនេះ នឹងវិលត្រឡប់ទៅរកភាពប្រក្រតីដូចដើមវិញ។ ប្រទេសកម្ពុជា និងថៃ នឹងរកដំណោះស្រាយបានដ៏ល្អនៅថ្ងៃអនាគត។ មកដល់សតវត្សទី ២១ ហើយ មិនគួរនិងកើតឡើងនូវជម្លោះដណ្ដើមប្រាសាទគ្នានោះទេ។ គេពិតជាបានដឹងហើយថា ប្រាសាទទាំងនោះនៅក្នុងទឹកដីអ្នកណា។

បន្ថែមពីនេះទៀត ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង ក៏បានលើកឡើងទៀតថា ការអភិវឌ្ឍរាជធានីភ្នំពេញ គឺពិតជាមានការចូលរួមពីប្រទេសបារាំងផងដែរ តាមរយៈការផ្ដល់នូវបច្ចេកទេស ការផ្ដល់នូវប្រឡាយ លូ ជាដើម។ សមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF បានជួយរាជធានីភ្នំពេញទៅលើការកសាងស្ថានីយប្រព្រឹត្តិកម្មសំណល់ ភក់បង្គន់ ក្នុងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ផងដែរ។ រដ្ឋបាលរាជធានីក្នុងនាមជាអនុប្រធានសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF នឹងធ្វើកិច្ចការងារឱ្យបានច្រើនថែមទៀតសម្រាប់សកម្មភាព AIMF ជាមួយនឹងការជំរុញឱ្យការកសាងស្ថានីយប្រព្រឹត្តិកម្មសំណល់ ភក់បង្គន់ ឱ្យបានទៅតាមគម្រោង ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ។

ជាមួយគ្នានេះដែរ លោក Frédéric VALLIER ក៏ថ្លែងនូវការអរគុណចំពោះការប្តេជ្ញាចិត្តរបស់រាជធានីភ្នំពេញ ក្នុងការគាំទ្រចំពោះសកម្មភាពរបស់ AIMF។ រាជធានីភ្នំពេញ ធ្លាប់ធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ AIMF។ ការមកភ្នំពេញលើកនេះ AIMF មានបំណងស្វែងយល់អំពីសមិទ្ធផលនានា ដែលសម្រេចបាន ហើយក៏បានថ្លែងនូវការអរគុណផងដែរចំពោះការទទួលឱ្យមានទីស្នាក់ការរបស់សមាគម AIMF នៅរាជធានីភ្នំពេញ៕
អត្ថបទ ៖ ស្រីរ័ត្ន


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


