ព័ត៌មានជាតិ
កម្ពុជាចុះអនុស្សរណៈយោគយល់គ្នា នាំចេញដំឡូងមីស្ងួត ៥០០ ០០០ តោនទៅប្រទេសចិន
ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន COFCO Biotechnology នៃសាធារណៈរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦។
ពិធីចុះហត្ថលេខាយោគយល់គ្នាក្នុងការនាំចេញដំឡូងមីស្ងួតចំនួន ៥០០ ០០០ តោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦ បានធ្វើឡើងនារសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែសីហា ឆ្នាំ២០២៥ ម្សិលមិញនេះនៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមវត្តមានលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងប្រតិភូជាន់ខ្ពស់មកពីតំបន់ស្វយ័តក្វាងស៊ី និងតំណាងក្រុមហ៊ុន COFCO Biotechnology។


លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានថ្លែងថា អនុស្សរណៈនៃការយោគយល់គ្នានេះឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុក ពង្រីកនិងធ្វើពិពិធកម្មទីផ្សារ ព្រមទាំងការចូលរួមពង្រឹងសមត្ថភាពផលិតកម្ម និងកែច្នៃឱ្យស្របតាមស្តង់ដារគុណភាពអន្តរជាតិក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់។
អនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំទ្បូងមីស្ងួត ៥០០ ០០០ តោន ទៅប្រទេសចិនបន្ថែមពីលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ការនាំចេញដំទ្បូងមីស្ងួតចំនួន ២០០ ០០០ តោន ដែលបានចុះហត្ថលេខាក្នុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដែលនេះបង្ហាញឱ្យឃើញពីវឌ្ឍនភាពនិងការកើនឡើងនូវទំនុកចិត្តលើផលិតផលកសិកម្មកម្ពុជា និងជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-ចិន។
បើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម នៅឆមាសទី១ ឆ្នាំ ២០២៥ កម្ពុជាទទួលបានប្រាក់ចំណូលពីការនាំចេញដំឡូងមីបានប្រមាណ ៤៤៥ លានដុល្លារ ធ្លាក់ចុះ ១០,៩២% បើប្រៀបធៀបរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ដែលមានទឹកប្រាក់ជិត ៥០០ លានដុល្លារ។

លោក ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងថា ការនាំចេញកសិផលនៅឆមាសទី ១ ឆ្នាំនេះ មានកំណើន ប៉ុន្តែការនាំចេញផលិតផលដំឡូងមីស្រស់ថយចុះ ដោយសារប្រជាកសិករបំប្លែងពីដំឡូងមីស្រស់ទៅក្រៀម និងកែច្នៃជាម្សៅ ដើម្បីអាចរក្សាទុកបានយូរនិងមានតម្លៃខ្ពស់។
លោក ងិន ឆាយ បានបញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ ២០២៥ ការនាំចេញដំឡូងមីស្រស់សម្រេចបាន ១,៥៨ លានតោន ធ្លាក់ចុះ ៥,៤៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈចំណិតដំឡូងមីក្រៀមសម្រេចបានជិត ១,៣ លានតោន កើនឡើង ៥៧,៧៧%។
តម្លៃទីផ្សារដំឡូងមីនៅតែជាបញ្ហាចោទសម្រាប់កសិករ។ តម្លៃដំឡូងមីស្រស់ដាំក្បាលចុះរហូតមានតម្លៃ ១២០ រៀលក្នុងមួយគីឡូក្រាម ខណៈដំឡូងមីស្ងួតអាចលក់បាន ៥២០ រៀល ក្នុងមួយគីឡូក្រាម។
លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានបញ្ជាក់ថា មានកត្តាជាច្រើនបានធ្វើឱ្យតម្លៃដំឡូងមីធ្លាក់ចុះ កាលពីឆ្នាំ ២០២៤ ដោយសារប្រែប្រួលអាកាសធាតុកម្ដៅកើនឡើងខ្លាំងបានធ្វើឱ្យទិន្នផល និងគុណភាពដំឡូងធ្លាក់ចុះ។
បន្ថែមពីនេះ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានលើកឡើងថា កំណើននៃការដាំដុះនៅប្រទេសអាស៊ានចំនួន ៤ (ថៃ ឥណ្ឌូនេស៊ី វៀតណាម កម្ពុជា) បានធ្វើឱ្យបរិមាណកើនឡើងលើសតម្រូវការ ខណៈទីផ្សារម្សៅមីលើសកលលោកធ្លាក់ចុះ បានធ្វើឱ្យតម្លៃដំឡូងមីធ្លាក់ចុះផងដែរ។
យោងតាមក្រសួងកសិកម្ម នៅក្នុងឆ្នាំ២០២៤ កម្ពុជានាំចេញដំឡូងមីស្រស់ជាង ៣ លានតោន (៣ ៤៤៣ ៧៦០), ចំណិតដំឡូងមីក្រៀមជិត ១ លានតោន (៩៦៤ ៦៨១) និងម្សៅដំឡូងមីចំនួន ៦០ ៥២៤ តោន គិតជាទឹកប្រាក់ប្រមាណ ៧២៨ លានដុល្លារ។
កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី ១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០ ម៉ឺនហិកតាទៅ ៨០ ម៉ឺន ហិកតា។
យោងតាមធនាគារ ARDB ក្នុងមួយឆ្នាំៗ ដំឡូងមីកម្ពុជាត្រូវបានដាំដុះដោយកសិករលើផ្ទៃដីប្រមាណជាង ៨៤ ម៉ឺនហិកតា។ ដំឡូងមីត្រូវបានដាំដុះនាដើមរដូវចាប់ពីខែមីនា និងប្រមូលផលជាបន្តបន្ទាប់ចាប់ពីខែកក្កដា ជារៀងរាល់ឆ្នាំ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


