ព័ត៌មានជាតិ
ពលរដ្ឋ៩៨គ្រួសារចាក់ចេញពីច្រាំងស្ទឹងពោធិ៍សាត់ ដើម្បីចាប់ឆ្នោតទទួលយកដីនៅទីតាំងថ្មី
ពោធិ៍សាត់ ៖ ប្រជាពលរដ្ឋប្រមាណ៩៨គ្រួសារ បានព្រមចាក់ចេញពីច្រាំងស្ទឹងពោធិ៍សាត់ ដោយទទួលយកការចាប់ឆ្នោតយកដីនៅទីតាំងថ្មី ដែលមានប្លង់កម្មសិទ្ធិស្របច្បាប់។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ដែលអញ្ជើញជាធិបតីភាព ក្នុងពិធីចាប់ឆ្នោតទទួលយកទីតាំងដីថ្មី បានឱ្យដឹងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ថា ពលរដ្ឋដែលរស់នៅជាបណ្តោះអាសន្នគ្មានប្លង់កម្មសិទ្ធិ មានតាំងពីតាមខ្នងប្រឡាយព្រៃញី និងតាមបណ្តោយប្របមាត់ស្ទឹងពោធិ៍សាត់ និងចំណុចស្ពានថ្ម រហូតដល់ស្ពានអាកាសផ្លូវវាងក្រុង ត្រើយខាងកើតស្ទឹង និងត្រើយខាងលិចស្ទឹង និងចាប់ពីក្បាលហុងរហូតដល់ស្ពានអាកាសដែលជាកន្លែងរស់នៅគ្មានសុវត្តិភាព និងប៉ះពាល់ដល់បរិស្ថាន អនាម័យ ហើយថែមទាំងបាត់បង់សោភណ្ឌភាពក្នុងទីប្រជុំជនខេត្តទៀត ទើបរដ្ឋបាលខេត្តបានសម្រេចរៀបចំការចាប់ឆ្នោតផ្ដល់ដីនៅទីតាំងថ្មី។

លោកបានបន្តថា នេះជាជំហានទី៣ហើយ ដែលរដ្ឋបាលខេត្តពោធិ៍សាត់បានធ្វើការផ្តល់ដីនៅទីតាំងថ្មីជូនដល់ ពលរដ្ឋដែលបានស្ម័គ្រចិត្តព្រមចាក់ចេញពីតាមមាត់ស្ទឹងពោធិ៍សាត់ ដើម្បីឱ្យរដ្ឋបាលខេត្តយកទៅអភិវឌ្ឍន៍រៀបចំជាសួនច្បារ ធ្វើឱ្យក្រុងពោធិ៍សាត់ កាន់តែមានរបៀបរៀបរយ សណ្តាប់ធ្នាប់ សោភណ្ឌភាព បរិស្ថានអនាម័យកាន់តែល្អប្រសើរ។

លោកបានឱ្យដឹងថា ប្រជាពលរដ្ឋ ចូលរួមចាប់ឆ្នោត ទទួលយកដីឡូតិ៍លំនៅឋានថ្មី មានប្លង់កម្មសិទ្ធិស្របច្បាប់ត្រឹមត្រូវដោយក្នុងមួយគ្រួសារ ទទួលបានដីមួយឡូតិ៍ ទំហំ៥ គុណនិង ២០ម៉ែត្រ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ ភូមិឋានក្សេមក្សាន្តបឹងយាលើផ្ទៃដី១០ហិកតា ក្រោមគំនិតផ្ទួចផ្តើមពី លោកផ្ទាល់ និងទទួលបានការគ្រាំទ្រពី លោក កែវ រតនៈ ប្រធានក្រុមការងារចុះជួយខេត្តពោធិ៍សាត់ ដែលមានទីតាំងក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្តៀង ដែលមានចម្ងាយប្រមាណតែ៣គីឡូម៉ែត្រពីទីប្រជុំជនក្រុងពោធិ៍សាត់។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានអរគុណប្រជាពលរដ្ឋទាំង៩៨គ្រួសារ ដែលព្រមប្រគល់ដីច្រាំងស្ទឹង និងដីមាត់ប្រឡាយឱ្យរដ្ឋវិញ ដើម្បីរដ្ឋបាលខេត្តធ្វើការអភិវឌ្ឍ ពោលគឺឈ្នះឈ្នះទាំងអស់គ្នា ហើយការផ្តល់ដីនៅទីតាំងថ្មីជូនដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាក់ចេញ គឺមិនមែនជាសំណងនោះទេ តែវាកើតចេញពីបេះដូងនិងក្តីស្រលាញរបស់លោកផ្ទាល់ រួមនិងលោករដ្ឋមន្ត្រី កែវ រតនៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ចំពោះបងប្អូនប្រជាពលរដ្ឋ ហើយក្នុងនាមជាអភិបាលខេត្តនិងជាអ្នកខេត្តពោធិ៍សាត់ផងដែរនោះ លោកបានប្តេជ្ញា ថានឹងធ្វើឱ្យខេត្តពោធិ៍សាត់ក្លាយជាទីក្រុងដ៏មនោរម្យ ដ៏មានតម្លៃសម្រាប់ប្រជាជនខេត្តពោធិ៍សាត់ ដោយត្រូវរៀបចំឱ្យមានសោភ័ណភាព អនាម័យ បរិស្ថាន ការរស់នៅប្រកបដោយផាសុកភាព និងមានសណ្តាប់ធ្នាប់ល្អ ។ ចំពោះដីឡូតិ៍លំនៅឋានថ្មីនេះ គឺមានប្លង់កម្មសិទ្ធិស្របច្បាប់ មានប្រព័ន្ធលូ ប្រព័ន្ធទឹក ភ្លើងនិងគ្រោងបង្កើតឱ្យផ្សារលក់ដូរនៅទីនេះថែមទៀតផង។

លោកអភិបាលខេត្តបានបន្តថា ការខិតខំប្រឹងប្រែងរៀបចំ របៀបរៀបរយ សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព បរិស្ថានអនាម័យក្នុងខេត្តពោធិ៍សាត់ ឱ្យកាន់តែល្អប្រសើរ គឺដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងអ្នកវិនិយោគជិតឆ្ងាយ ចូលមកទស្សនាកម្សាន្ត និងចង់បណ្តាក់ទុនក្នុងខេត្តយើងឱ្យកាន់តែច្រើនឡើង ជាពិសេសបង្កលក្ខណៈ និងត្រៀមទទួលទេសចរណ៍ ចូលរួមក្នុងពិធីបុណ្យទន្លេ ដែលខេត្តពោធិ៍សាត់ គ្រោងនឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំ ក្នុងឆ្នាំ២០២៦ខាងមុខ ។
ក្នុងឱកាសនេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការថែរក្សា និងពង្រឹងជីវភាពប្រជាជន ដោយផ្តល់ដំណោះស្រាយជាក់ស្តែងក្នុងបញ្ហាដីធ្លី និងទីលំនៅ។

ព្រមទាំងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់ដីដែលបានចែកជូនឱ្យកើតប្រយោជន៍អតិបរមា និងសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការអភិវឌ្ឍសហគមន៍ថ្មី។

ជាមួយគ្នានោះដែរប្រជាពលរដ្ឋ ដែលបានចូលរួមចាប់ឆ្នោតទទួលយកដីឡូតិ៍ បានសម្តែងនូវទឹកចិត្តរីករាយ និងថ្លែងនូវអំគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្ត ស្រុក ក្រុងនិងស្ថាប័នពាក់ព័ន្ធតែងតែយកចិត្តទុកដាក់គិតគូរសុខទុក្ខប្រជាពលរដ្ឋ៕
ដោយ ៖ លាន គ្រន



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


