ព័ត៌មានជាតិ
ពីវេទិកាពិគ្រោះយោបល់ ពលរដ្ឋនៅខណ្ឌបឹងកេងកង ស្នើអាជ្ញាធរបង្កើនបង្គោលបំភ្លឺផ្លូវ ស្តារលូ និងទប់ស្កាត់ចោរកម្ម
ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែតុលាឆ្នាំ២០២៥នេះ ប្រជាពលរដ្ឋនៅសង្កាត់បឹងកេងកង បានលើកឡើងបញ្ហាពាក់ព័ន្ធវិស័យសាធារណការ ដោយស្នើសុំជំនួយពីអាជ្ញាធររាជធានីភ្នំពេញក្នុងការដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវ ជួសជុលប្រព័ន្ធលូដែលមានស្រាប់ និងដំឡើងបណ្តាញលូថ្មី។
លើសពីនេះ ប្រជាពលរដ្ឋបានស្នើឱ្យមានវិធានការដោះស្រាយកង្វល់នានាចំពោះអ្នកដឹកជញ្ជូនម្ហូបអាហារ និងទំនិញមួយចំនួនមិនគោរពច្បាប់ចរាចរណ៍ បើកបរលឿន ព្រមទាំងទប់ស្កាត់ចោរកម្មជាដើម។
វេទិកានេះ ត្រូវបានធ្វើឡើងនៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ក្រោមអធិបតីលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ។

នាឱកាសនោះ លោក ហួត ហៃ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ មានសំណើរនិងសំណូមពរ ផ្ទាល់មាត់ចំនួន ៨នាក់ និងសំណើរជាលាយលក្ខណ៍អក្សរចំនួន២០ បញ្ហា ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ ៤១៦ នាក់។ លោកថ្លែងថា៖«បញ្ហាដែលពលរដ្ឋលើកឡើងក្នុងវេទិកានេះ ភាគច្រើនពាក់ព័ន្ធនឹងវិស័យសាធារណការ ដូចជាសុំជួយដាក់បង្គោលភ្លើងបំភ្លឺភ្លើងសាធារណៈ ការស្តារលូ ដាក់បណ្តាញលូថ្មី និងការសុំមានវិធានការជុំវិញ ម៉ូតូដឹកទំនិញនិងម្ហូបអាហារ បើកបរលឿន ជ្រែគេឯង និងមើលទូរស័ព្ទពេលបើកបរ ធ្វើឱ្យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ»។

លោកបន្តថា អាជ្ញាធររាជធានីនឹងពន្លឿនការដោះស្រាយបញ្ហាទាំងអស់នេះ ដើម្បីឆ្លើយតបទៅនឹងសំណើរនិងសំណូមពរដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋ។ ចំពោះបញ្ហាមិនទាន់ដោះស្រាយបាន រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តពិភាក្សាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីពន្លឿនការដោះស្រាយជួនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ លោកបញ្ជាក់ថា វេទិកានេះ បានរកឃើញនូវបញ្ហាសំខាន់ៗជាអាទិភាព សម្រាប់ឱ្យរដ្ឋបាលរាជធានីភ្នំពេញ យកទៅធ្វើការពិចារណា កែលម្អ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។
ការចូលរួមផ្តល់មតិយោបល់ សំណូមពររបស់ប្រជាពលរដ្ឋ គឺពិតជាបាននាំមកនូវសក្តានុពលដ៏ធំធេង និងធ្វើឱ្យរដ្ឋបាលរាជធានីភ្នំពេញ អាចឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត ចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឱ្យគណៈអភិបាលរាជធានីភ្នំពេញ យកទៅពិចារណាធ្វើការកែលម្អឡើងវិញឱ្យបានសមស្របតាមសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននីមួយៗ។

ជាមួយគ្នានេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្ទីរនឹងចាត់វិធានការភ្លាមៗចំពោះសំណើសុំជំនួយក្នុងការដំឡើងបង្គោលភ្លើងសាធារណៈ ជួសជុលប្រព័ន្ធលូដែលមានស្រាប់ និងដាក់ប្រព័ន្ធលូថ្មី។ ទោះជាយ៉ាងនេះក្តី ពាក់ព័ន្ធនឹងគម្រោងសាងសង់លូថ្មីលើផ្លូវលេខ ៣៩២ ត្រង់ចំណុចផ្សារបឹងកេងកង មន្ទីរនឹងដាក់សំណើទៅអភិបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័ស។

ចំណែកលោក ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ នឹងផ្តល់ជូនដល់ប្រជាពលរដ្ឋក្នុងការចូលរួមដំណើរការអភិបាលកិច្ចល្អ និងជាឧបករណ៍មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ក្នុងដំណើរការពិនិត្យមើលលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ ក្នុងគោលបំណងដើម្បីធានាថារាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ ដោះស្រាយ និងឆ្លើយតប ។

គួរជម្រាបថា តាមរយៈវេទិកានេះ ពលរដ្ឋលើកឡើងនូវបញ្ហាមួយចំនួនទៀតរួមមាន បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែងស៊ីសង ចោរលួច ប្លន់ និងបានជំរុញអាជ្ញាធរអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព៕
ដោយ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


