នយោបាយ
គណបក្សហ៊្វុនស៊ិនប៉ិច កំណត់យកថ្ងៃទី ៩ កុម្ភៈ ដើម្បីរៀបចំសមាជ ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំ
គណបក្សហ៊្វុនស៊ិនប៉ិច ក្រុមខាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានកំណត់យកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២២ខាងមុខ នៅព្រះរាជដំណាក់ ស្ថិតក្នុងសង្កាត់វាលស្បូវ ដើម្បីរៀបចំសមាជវិសាមញ្ញ ជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស និងធ្វើវិសោធនកម្មប្រការមួយចំនួន នៃលក្ខន្តិកៈគណបក្ស ព្រមទាំងកំណត់យុទ្ធសាស្ត្រនយោបាយ គណបក្ស។
លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ការរៀបចំធ្វើសមាជវិសាមញ្ញនេះ ដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំ ជំនួសសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ដែលបានយាងចូលទិវង្គត់។ លោកថា របៀបវារៈនៅក្នុងអង្គសមាជ គឺទីមួយ យាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ហើយនិងធ្វើវិសោធនកម្មលក្ខន្តិកៈ គណបក្សមួយចំនួន ព្រមទាំងការប្រកាស សមាសភាពថ្នាក់ដឹកនាំមួយចំនួនទៀត និងអនុម័តគោលនយោបាយគណបក្សផងដែរ។
ប៉ុន្តែគម្រោងនេះ ត្រូវបានក្រុមមួយទៀត អះអាងថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ គ្មានសិទ្ធិគ្រប់គ្រាន់ ដើម្បីធ្វើការងារនេះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ការិយាល័យអ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាក្រុមខាងលោក សាយ ហាក់, លោក ហេង ចន្ថា, លោក ញ៉េប ប៊ុនជិន និងលោក ផាន់ សិទ្ធីជាដើម។
សេចក្តីប្រកាសព័ត៌មាននេះ បានលើកឡើង ៣ចំណុច៖ ទី១. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ពុំដែលបានតែងតាំង ជាសមាជិកគណៈកម្មាធិការ នាយកស្របតាមលក្ខន្តិកៈ គណបក្សហ៊្វុនស៊ិនប៉ិចឡើយ។ ដោយឡែក សេចក្តីសម្រេចតែងតាំង ព្រះអង្គជាអនុប្រធានគណបក្ស ទោះបីស្របតាមលក្ខន្តិកៈប្រកាល៥៩ ថ្មី។ ប៉ុន្តែ ស្ថិតក្នុងការសង្ស័យ នៃការក្លែងបន្លំប្រើប្រាស់ព្រះហស្តលេខា សម្ដេចក្រុមព្រះ។
ទី២. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ គ្មានសិទ្ធិកោះប្រជុំគណៈកម្មាធិការនាយក ស្របតាមលក្ខន្តិកៈឡើយ មានតែគណៈកម្មាធិការនាយក ដែលនៅសុពលភាពជាធរមាន ក្នុងបញ្ជីតម្កល់ទុកនៅក្រសួងមហាផ្ទៃប៉ុណ្ណោះ ដែលមានសិទ្ធិកោះប្រជុំ និងចូលរួមប្រជុំក្នុងករណី ដែលគណបក្សជួបវិបត្តិគ្មានប្រធានដឹកនាំ។ វៀលែងតែសមាជិករូបណាមួយ ត្រូវបាត់បង់សមាជិកភាព ស្របតាមលក្ខន្តិកៈគណបក្ស និងបញ្ញត្តិនៃច្បាប់ ស្ដីពី គណបក្សនយោបាយ។
ទី៣. ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ពុំមាននីត្យានុកូលភាព ជាប្រធានស្ដីទីគណបក្ស ពីព្រោះលិខិតផ្ទេរសិទ្ធិចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលមានស្នាមផ្ដិតមេដៃ សម្ដេចក្រុមព្រះ មានសភាពមិនប្រក្រតី ហើយក្រសួងមហាផ្ទៃ មិនបានទទួលស្គាល់។
សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាងចូលព្រះទិវង្គត នៅថ្ងៃអាទិត្យ ទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។
ក្រោយយាង ចូលព្រះទិវង្គត់របស់សម្តេចក្រុមព្រះ បានធ្វើផ្ទៃក្នុងគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលតែងតែមានភាពប្រេះស្រាំស្រាប់នោះ បានឈានទៅបែកបាក់កាន់តែធ្ងន់ធ្ងរ ដោយថ្នាក់ដឹកនាំបានបែកចេញជាពីរក្រុម គឺទីមួយ ក្រុមខាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រារបស់សម្តេចក្រុមព្រះ ហើយមួយក្រុមទៀត គឺក្រុមលោក សាយ ហាក់, លោក ហេង ចន្ថា, លោក ញ៉េប ប៊ុនជិន និងលោក ផាន់ សិទ្ធី ជាដើម (ក្រុមនេះគ្រោងយាងព្រះអង្គម្ចាស់ នរោតម អរុណ រស្មី ធ្វើជាប្រធានបក្ស)៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


