Connect with us

នយោបាយ

កម្ពុជា-វៀតណាមបញ្ជាក់ពីការពង្រឹង​ជំនឿទុកចិត្ត​ផ្នែកនយោបាយ

បានផុស

នៅ

ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេច​តេជោ ហ៊ុន សែន និង​អគ្គលេខាធិការ​បក្សកុំមុយនីស្តវៀតណាម​លោក តូ ឡឹម បាន​បញ្ជាក់​ពី​កា​រប្ដេជ្ញាចិត្តពង្រឹង​ការ​ទុក​ចិត្ត​ផ្នែក​នយោបាយ បង្កើន​ទំនាក់ទំនងរវាង​ប្រជាជន​ និង​ប្រជាជន ព្រមទាំង​រំលឹក​ពី​ការ​ទប់ស្កាត់​មិន​ឱ្យ​មាន​កម្លាំង​ណាមួយប្រើប្រាស់​ទឹក​ដី​បំផ្លាញប្រយោជន៍​ប្រទេស​មួយទៀត។ នេះ​បើតា​មការ​ចុះ​ផ្សាយរបស់សារព័ត៌មាន​វៀតណាម Nhadan.vn។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ចុះ​ផ្សាយ​នេះទាំង​សម្ដេច​តេជោ ហ៊ុន សែន និង​លោក តូ ឡឹម បាន​បង្ហាញ​នូវ​ការ​ប្ដេជ្ញា​ពង្រឹង​ទំនាក់ទំនង​រវាង​បក្សនៃ​ប្រទេស​ទាំង​ពីរ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ​ដើម្បី​ជា​ប្រយោជន៍​ដល់​ប្រជាជន សន្ដិភាព និង​ការ​រីក​ចំរើន។

គួរឱ្យ​ដឹង​ផងដែរថា​ប្រធានព្រឹទ្ធសភា​កម្ពុជាសម្ដេច​តេជោ ហ៊ុន សែន បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​២ថ្ងៃ​នៅថ្ងៃទី១ និង​ទី២ ខែកញ្ញានេះនៅ​ប្រទេស​វៀតណាម​ដើម្បីចូលរួម​ខួប​៨០​ឆ្នាំ​នៃ​បុណ្យ​ឯករាជ្យ​វៀតណាម។ ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​សម្ដេច​បាន​អញ្ជើញ​ជួប​ប្រធានសភា​វៀតណាម​លោក ជិន ថាញ់​មិន ផងដែរ។

ក្នុង​ជំនួប​ជាមួយ​ប្រធាន​សភាវៀតណាម​នោះសម្ដេច​តេជោបាន​ចាត់​ទុកបដិវត្តន៍ខែសីហា នាឆ្នាំ១៩៤៥ គឺជាផ្នែកមួយដ៏សំខាន់ និងមានអត្ថន័យសម្រាប់ប្រទេសវៀតណាម ហើយក៏កត្តានាំឲ្យមានចលនាតស៊ូប្រឆាំងអាណានិគមក្នុងការទាមទារឯករាជ្យនៅក្របខ័ណ្ឌតំបន់ និងពិភពលោក។

សម្ដេចតេជោ ក៏បានបង្ហាញនូវការពេញចិត្តចំពោះទំនាក់ទំនងកម្ពុជា និងវៀតណាម ដែលមាននាពេលកន្លងមក និងពេលបច្ចុប្បន្ន ដែលប្រទេសទាំងពីរបានបង្ហាញនូវជំហរទំនាក់ទំនងដ៏រឹងមាំ ទាំងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ក្របខ័ណ្ឌនីតិប្រតិបត្តិ និងក្របខ័ណ្ឌគណបក្ស និងគណបក្ស ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ពីអ្នក​នាំពាក្យ​ប្រធាន​ព្រឹទ្ធសភាលោក ជា ធីរិទ្ធ។

ដោយ​ឡែក​បើតាម​ការ​ចុះផ្សាយ​របស់ Vietnamnews វិញក្នុង​ពេល​ជួប​ជាមួយ​លោក ជិន ថាញ់មិន សម្ដេចតេជោបាន​ចាត់​ទុកខួប​៨០​ឆ្នាំ​នៃ​ឯករាជ្យ​វៀតណាម​ជានិមិត្ត​រូប​មួយ​ដែល​មិន​មែន​សម្រាប់​វៀតណាម​ទេ តែ​សម្រាប់​កម្ពុជា ឡាវ និង​ពិភពលោក​ផងដែរ​នូវ​ការ​តស៊ូ​ដើម្បី​សេរីភាព និង​ការ​អភិវឌ្ឍន៍។ ក្នុង​នោះ​សម្ដេច​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​វៀតណាមក្នុង​ការ​ជួយ​រំដោះ​កម្ពុជាពី​របប​ខ្មែរ​ក្រហម​ផងដែរ។

លោក ជិន ថាញ់មិន បាន​អបអរសាទរ​កម្ពុជា​ចំពោះ​សមិទ្ធផលនៃ​ការ​អភិវឌ្ឍ និង​ថា​សភា​វៀតណាម និង​ប្រជាជន​វៀតណាមនឹង​បន្តគាំទ្រ​ដល់​ការ​រីកចម្រើន​របស់​កម្ពុជា ខណៈប្រទេសទាំងពីរសម្រេចបានគោលដៅពាណិជ្ជកម្ម ១០ពាន់លានដុល្លារក្នុងមួយឆ្នាំ ហើយកំពុងជំរុញសម្រេចគោលដៅឲ្យបាន២០ពាន់លានដុល្លារ ក្នុងពេលខាងមុខ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម