សន្តិសុខសង្គម
មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ
ក្រុមការងារបច្ចេកទេសជំនាញនៃមន្ទីរសាធារណៈការរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវបេតុងជាប់មាត់ប្រឡាយស្ទឹងមានជ័យ ដែលបានបាក់ស្រុត ធ្វើយ៉ាងណាឲ្យលឿនរហ័ស និងរឹងមាំជាងមុនជូនពលរដ្ឋ។

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុកផែនសាធារណការ រួមជាមួយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានបន្តការចុះពិនិត្យស្ថានភាពកន្លែងមានការបាក់ស្រុត និងការបន្តជួសជុលពីសំណាក់ក្រុមជំនាញ។
មន្រ្តីជំនាញបានលើកឡើងថា តាមការប៉ាន់ស្មានជាបឋម ផ្លូវដែលខូចខាតនេះអាចនឹងប្រើប្រាស់ពេល២ ទៅ៣ខែ ក្នុងការជួសជុលឡើងវិញ តែនេះគ្រាន់ជាការវាយតម្លៃបឋមដោយមិនអាចកំណត់ភាពច្បាស់ការបាននោះឡើយ។ ផ្អែកតាមស្ថានភាពជាក់ស្តែង បច្ចុប្បន្នក្រុមការងារជំនាញបានកំពុងវាយកម្ទេចបេតុងចាស់ដែលបានបាក់ស្រុតចោលសិន រួចនឹងធ្វើការចាក់បំពេញដីខ្សាច់ និងអាចម៍ដីចូលថ្មីបន្ថែម។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បញ្ជាក់ថា ទីតាំងដដែលនេះ ធ្លាប់កើតមានការបាក់២លើកមកហើយ តែមិនធ្ងន់ធ្ងរនោះឡើយ ដោយមានការប្រេះបេតុងផ្អៀងផ្លូវ ហើយក្រុមមន្ត្រីជំនាញក៏បានជួសជុល និងក្រាលបេតុងថ្មីឡើងវិញទៅរកសភាពធម្មតា ដោយឡែកលើកទី៣នេះ ក៏បាក់ស្រុតខ្លាំងតែម្តង។
លោកអភិបាលខណ្ឌបញ្ជាក់ថា ការបាក់ស្រុតនេះ មិនបានបណ្តាលមកពីការកាយអាចម៍ដីនៅក្នុងប្រឡាយស្ទឹងមានជ័យចេញនោះទេ គឺដោយសារសណ្ឋានដីនៅចំណុចកើតហេតុ មានលក្ខណៈជ្រាយ ហើយមុខទឹកគឺហូរបុកមកត្រង់ចំចំណុចនេះតែម្តង ទើបធ្វើឱ្យមានការបាក់ស្រុតតែម្តងទៅ។

សូមបញ្ជាក់ថា កាលវេលាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យជាបន្ទាន់ជុំវិញស្ថានភាព នៃការបាក់ស្រុតផ្លូវបេតុង ស្ថិតនៅជាប់មាត់ប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោកអភិបាលបានធ្វើការពិនិត្យវាយតម្លៃជាក់ស្តែងអំពីបញ្ហាដែលនាំឱ្យមានការបាក់ស្រុត និងបានបញ្ជារផ្ទាល់ដល់ក្រុមការងារបច្ចេកទេសឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការជួសជុលឡើងវិញ ក្នុងរយៈពេលលឿនបំផុតតាមអាចធ្វើទៅបាន ដើម្បីអាចឱ្យប្រជាពលរដ្ឋបានប្រើប្រាស់សម្រាប់ធ្វើដំណើរឡើងវិញជាធម្មតានៅពេលខាងមុខ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីបាក់ស្រុតផ្លូវខាងលើនេះ បានបណ្តាលឱ្យផ្លូវប្រវែង១៤៦ម៉ែត្រ និងទទឹង៥ម៉ែត្រ ត្រូវរងការខូចខាត។ លោកបន្តថា ករណីនេះ បណ្តាលមកពីទឹកបានហូរច្រោះដីផ្នែកខាងក្រោមផ្លូវ ធ្វើឱ្យសណ្ឋានដីត្រូវទន់ជ្រាយ ទើបបង្កឱ្យមានការរអិលទាំងតួថ្នល់ និងបេតុង ចុះមកតែម្តង ។

ប្រធានមន្ទីរដដែល បន្ថែមថា ផ្លូវបេតុងនេះ ទទួលការស្ថាបនាដោយអង្គការ Jica មានកម្រាស់១៥សម ជាប្រភេទបេតុងអារមេ ក្នុងនោះមានប្រវែង៥០ម៉ែត្រ មានតំណសម្រាប់ការរីករួមនៃបេតុង ខណៈផ្លូវទាំងស្រុងមានអាយុកាលប្រមាណ២៤ឆ្នាំកន្លងទៅហើយ គិតតាំងពីនៅជាផ្លូវដី រហូតកកើតជាបេតុង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេបានលឺសម្រឹកបេតុងមានការបាក់ ហើយស្ថានភាពផ្លូវបេតុង ក៏មានការប្រេះដោយអន្លើរៗ នៃចំណុចខ្លះ។ ដោយឃើញដូចនោះ ពលរដ្ឋបានបង្កើនការប្រុងប្រយ័ត្នជាមុន និងបានជួយណែនាំដល់អ្នកដំណើរឱ្យនាំគ្នាផ្អាកការឆ្លងកាត់ផងដែរ៕
អត្ថបទ៖ សុភា


-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌកំបូល បន្តចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និង ណែនាំប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថានតាមដងផ្លូវ
-
សន្តិសុខសង្គម៦ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoវត្តចំណាស់ៗអាយុរាប់រយឆ្នាំនៅតំបន់អង្គរ ត្រូវបានការពារមិនឲ្យរុះរើសង់ថ្មី
-
កីឡា១៧ ម៉ោង agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


