Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញបង្ក្រាបការនាំចូលពងមាន់ខុសច្បាប់ជាង២​ម៉ឺន​៥​ពាន់គ្រាប់ពីប្រទេសវៀតណាម

បានផុស

នៅ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានប្រដេញចាប់ឃាត់រថយន្ដក្រុមឈ្មួញនាំចូលពងមាន់ខុសច្បាប់ជាង២ម៉ឺន៥ពាន់គ្រាប់ពីប្រទេសវៀតណាម យកមកចែកចាយក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រត្តិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចខាងមុខបុរីភ្នំពេញថ្មី រ៉េឌាន ផាក ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មន្ត្រីជំនាញបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានឃាត់រថយន្ដមួយគ្រឿងម៉ាក SSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើរ ពាក់ស្លាកលេខ(ប្រើស្លាកលេខ២ផ្សេងគ្នា) គឺស្លាកលេខខាងមុខភ្នំពេញ ២J-៤៧៨៧ និងស្លាកលេខខាងក្រោយ តាកែវ ២C-៧៨១២។ បើតាមមន្ត្រីជំនាញ រថយន្ដនេះបានដឹកពងមាន់សរុប ២៥ ៣២០គ្រាប់ ចេញពីប្រទេសវៀតណាម តាមច្រកព្រំដែន ភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ យកទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។

មន្ត្រីបន្ថែមថា ក្នុងពេលប្រតិបត្តិការ ឈ្មួញនាំចូលបានព្យាយាមបើករថយន្ដរត់គេចតាំងពីចំណុចភ្លើងស្តុបបាគូ រហូតដល់ខាងមុខបុរីភ្នំពេញថ្មី រ៉េឌាន ផាក ក្នុងមូលដ្ឋានសង្កាត់ព្រៃស ទើបអាចឃាត់រថយន្តខាងលើបាន។

បច្ចុប្បន្នពងមាន់ទាំងអស់ ត្រូវបានក្រុមការងារយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម