កីឡា
ព្រឹត្តិការណ៍កីឡាអន្តរជាតិ ២ សម្រាប់អ្នកគាំទ្រកម្ពុជាតាមដានចុងខែនេះ
បន្ទាប់ពីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនខែក្នុងឆ្នាំ ២០២៥ នៅចុងខែតុលានេះមានព្រឹត្តិការណ៍កីឡាអន្តរជាតិ ២ ដែលអ្នកគាំទ្រនឹងទន្ទឹងរង់ចាំមើលលទ្ធផល។
កីឡាយុវជនទ្វីបអាស៊ី
ក្រុមកីឡាករ កីឡាការិនីអាយុក្រោម ១៨ ឆ្នាំរបស់កម្ពុជានឹងទៅចូលរួមប្រកួតកីឡាយុវជនទ្វីបអាស៊ី លើកទី៣ ចាប់ពីថ្ងៃទី២២ ដល់ទី ៣១ ខែតុលា ឆ្នាំ ២០២៥។ កម្ពុជាបានសម្រេចបញ្ជូនកីឡាចំនួន ១៤ ប្រភេទ គឺ កីឡា ហែលទឹក អត្តពលកម្ម វាយសី បាល់បោះ៣ទល់៣ ជឺជីតស៊ូ យូដូ គុនខ្មែរ យុទ្ធគុនចម្រុះ តេក្វាន់ដូWT វាយកូនឃ្លីលើតុ បាល់ទាត់លើតុ លើកទម្ងន់ ចំបាប់ និងបញ្ចស៊ីឡាត់ ដែលមានកីឡាករ កីឡាការិនីចំនួន ៥៣នាក់ត្រូវប្រកួតប្រជែងដណ្តើមមេដាយ។

កីឡាករ កីឡាការិនីតំណាងឲ្យជាតិដើម្បីស្វែងរកឧត្តមភាព និងមេដាយជូនជាតិ ដូច្នេះពិតជាសំខាន់ណាស់ដែលអ្នកគាំទ្រនៃប្រភេទកីឡារៀងៗខ្លួនត្រូវទន្ទឹងរង់ចាំមើល។ ក្រៅពីការប្រកួតដណ្តើមមេដាយ កម្ពុជាមានភារកិច្ចសិក្សាស្វែងយល់ពីការរៀបចំដើម្បីយកចំណេះជំនាញមករៀបចំនៅឆ្នាំ ២០២៩ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ។ ជាមួយគ្នានេះ មានអ្នកសិល្បៈចំនួន ៤៥នាក់ត្រូវសម្តែងពីសក្តានុពលរបស់កម្ពុជាក្នុងពិធីបិទដើម្បីទទួលទង់កីឡាយុវជនទ្វីបអាស៊ីជាផ្លូវការ។
AFC Challenge League សន្សំពិន្ទុក្នុងពូល D
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជម្រុះពូល D ពានរង្វាន់ក្លិបទ្វីបអាស៊ី AFC Challenge League ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតទី១ ព្រះខ័នរាជស្វាយរៀង ប៉ះ SP Falcons របស់ប្រទេសម៉ុងហ្គោលី វេលាម៉ោង៤:០០រសៀល ថ្ងៃទី២៦ ខែតុលា និងការប្រកួតទី២ ប៉ះក្រុមជើងឯកលីគឡាវ Ezra FC វេលាម៉ោង ៧:០០យប់ថ្ងៃទី២៩ ខែតុលា ហើយចុងក្រោយប៉ះក្រុមហ្វីលីពីន Manila Digger វេលាម៉ោង ៧:០០យប់ ថ្ងៃទី១ ខែវិច្ឆិកា។
ជឿជាក់ថា អ្នកគាំទ្ររបស់ក្លិបព្រះខ័នរាជស្វាយរៀង បានកំពុងត្រៀមខ្លួនរួចរាល់ហើយដើម្បីទៅទស្សនាផ្ទាល់រួមចំណែកបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ក្លិប ទាំងលក្ខខណ្ឌចំនួនអ្នកគាំទ្រ និងលទ្ធផលរបស់ក្លិបលើឆាកអន្តរជាតិ។

ដូចគ្នានេះ ក្រុមភ្នំពេញក្រោន ត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌូណេស៊ី ដើម្បីប្រកួតសន្សំពិន្ទុក្នុងពូល E នៃពានរង្វាន់ដូចព្រះខ័នរាជស្វាយរៀងដែរ។ ភ្នំពេញក្រោន ត្រូវធ្វើការធ្ងន់តែម្តងសម្រាប់ការប្រកួតទី១ដោយត្រូវជួបក្រុមខ្លាំងឥណ្ឌូណេស៊ី Dewa United ដែលជាម្ចាស់ផ្ទះ នៅថ្ងៃទី២៦ ខែតុលា ហើយបន្ទាប់មកជួបក្រុមរបស់មីយ៉ាន់ម៉ា Shan United នៅថ្ងៃទី២៩ ខែតុលា និងចុងក្រោយជួបក្រុមឆាយនីសតៃប៉ិ Tainan City នៅថ្ងៃទី១ ខែវិច្ឆិកា។
ក្រុមព្រះខ័នរាជស្វាយរៀង និង ភ្នំពេញក្រោន ជាក្រុមគួរឲ្យចាប់អារម្មណ៍នៅក្នុងពូលទាំងពីរ ហើយពួកគេប្តេជ្ញាឆ្លងឲ្យផុតវគ្គសន្សំពិន្ទុក្នុងពូល ដើម្បីឡើងទៅកាន់វគ្គ ៤ ក្រុមចុងក្រោយប្រចាំតំបន់អាស៊ីខាងកើត។
កុំភ្លេចចូលទស្សនា និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា និងក្លិបទាំងពីរឲ្យបានច្រើនកុះករ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


