Connect with us

កីឡា

លោកគ្រូ​ ភុំ សារ៉ាយ ថា ការ​ឲ្យ​ ឌឹម សារុំ ប៉ះ មហាម៉ាត់ ​ហាក់​ដូច​​ជា​លឿន​បន្តិច

បានផុស

នៅ

អតីតអ្នកប្រដាល់គុនខ្មែរស៊េរីចាស់ និងធ្លាប់ជាអតីតគ្រូបង្វឹកនៅក្លិប KKIF លោក ភុំ សារ៉ាយ បានបង្ហាញក្តីព្រួយបារម្ភ​ចំពោះ​អតីតកូនសិស្សខ្លួន ឌឹម សារុំ ដែលនឹងត្រូវប្រកួតតទល់នឹងកីឡាករ អាហ្វហ្គានីស្ថាន ហាត់គុនខ្មែរ មហាម៉ាត់។

លោកភុំ សារ៉ាយ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមដំណឹងផ្លូវការ គឺឌឹម សារុំ នឹងត្រូវជួបជាមួយ មហាម៉ាត់ នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ដោយភាគីកីឡាករទាំង ២ បានចុះកិច្ចសន្យារួចរាល់ ប៉ុន្តែអ្វីដែលមិនទាន់ប្រកាសនៅពេលនេះ គឺអ្នកទាំង ២ នឹងត្រូវជួបគ្នាក្នុងលក្ខខណ្ឌអ្វី និងនៅសង្វៀនមួយណា។

យ៉ាងណា មុនការប្រកួតនេះមកដល់ លោក ភុំ សារ៉ាយ បានបញ្ចេញទស្សនៈ​ផ្ទាល់ខ្លួន​អំពីជំនួបនេះ។ លោកហាក់ព្រួយបារម្ភខ្លះៗ អំពីកីឡាករ​វ័យ​ក្មេង ឌឹម សារុំ ដែលជាអតីតកូនសិស្សរបស់លោក។ លោកយល់ថា ការឱ្យ ឌឹម សារុំ ឡើងមកជួប មហាម៉ាត់ ហាក់​ដូច​ជា លឿនពេក។ តាមចិត្តរបស់លោកចង់ឱ្យ សារុំ ជួបកីឡាករខ្មែរក្នុង​ប្រភេទ​ទម្ងន់​នេះ​ឲ្យ​បាន​ច្រើន​ប្រកួត​​ជា​មុន​សិន។

លោកបានចាត់ទុក មហាម៉ាត់ ជាកីឡាករមិនធម្មតាម្នាក់នាពេលបច្ចុប្បន្ន ហើយលោកមើលឃើញកូនសិស្សលោកគ្រូសេន ប៊ុនថេន មានប្រៀបលើ សារុំ ផ្នែក​កាយ​សម្បទា​។ នេះជាចំណុចព្រួយបារម្ភធំបំផុតរបស់លោក។ ទោះបីជាយ៉ាងណា នៅចុងវីដេអូលោកក៏បានបញ្ជាក់ដែរ ថា លោកជឿជាក់លើ សារុំ នឹងអាចតស៊ូបាន ហើយលោកដាក់ក្តីរំពឹងខ្ពស់លើលោកគ្រូ សំអាង ឌុន នឹងអាចជួយកែខៃ សារុំ ឱ្យបានល្អសម្រាប់ការប្រកួតដ៏ធំមួយនេះ។

កីឡាករ មហាម៉ាត់ និង ឌឹម សារុំ

កីឡាករ ឌឹម សារុំ និង មហាម៉ាត់ បច្ចុប្បន្នសុទ្ធតែជាកីឡាករវ័យក្មេងកំពុងឡើងកូដដូចគ្នា ប៉ុន្តែបើមើលតថភាពជាក់ស្តែង គឺ មហាម៉ាត់ ហាក់មានតែមជាងត្រង់ ថា កីឡាកររបស់ក្លិបប៉ែនកាក់គុនខ្មែរ មានមាឌធំ ហើយរូបគេក៏មានបទពិសោធការប្រកួតច្រើនជាងផងដែរ។ ការប្រកួតទាំងអស់នោះរូបគេមិនដែលបរាជ័យឡើយ និងឈ្នះសុទ្ធតែកីឡាករជើងខ្លាំងរបស់ កម្ពុជា ក្នុងទម្ងន់ ៥១ គីឡូក្រាម។

ចំណែក ឌឹម សារុំ វិញ ដ្បិតកំពុងឡើងកូដដូចគ្នាក៏ពិតមែន ប៉ុន្តែបទពិសោធហាក់ក្មេងខ្ចីជាង។ មួយរយៈចុងក្រោយនេះ រូបគេក៏មិនសូវមានការប្រកួតច្រើនដែរ បើធៀបជាមួយនឹង មហាម៉ាត់។ ទោះបីយ៉ាងណា សារុំ ក៏មានចំណុចខ្លះមិនអាចមើលរំលងបានដែរ ដោយរូបគេជាកីឡាករម្នាក់ ដែលឆ្លងកាត់ការហ្វឹកហាត់តាំងពីក្មេង ហើយធ្លាប់ទៅហ្វឹកហាត់នៅក្លិបរបស់កំពូលអ្នកប្រដាល់ Manny Pacquiao ថែមទៀត។ ការប្រកួតចុងក្រោយ ដែលធ្វើឱ្យរូបគេទទួលការចាប់អារម្មណ៍បំផុត គឺបានយកឈ្នះលើកីឡាករ ពេជ្រ សិង្ហៈ ដែលធ្លាប់ប្រកួតយ៉ាងតឹងតែងជាមួយ មហាម៉ាត់៕

លោក ភុំ សារ៉ាយ និងឌឹម សារុំ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម