Connect with us

កីឡា

Breaking News: កម្ពុជា​បាន​សម្រេច​ដក​ខ្លួន​ពី​​កីឡា​ស៊ីហ្គេម នៅ​ថៃ​ គ្រប់​ប្រភេទ​កីឡា

បានផុស

នៅ

កម្ពុជា បាន​សម្រេច​ដក​ខ្លួន​​​ពី​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ ២០២៥ នៅ​ប្រទេស​ថៃ ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​​បាន​ចូល​រួម​ក្នុង​ពិធី​បើក​ជា​ផ្លូវ​ការ​នា​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្ពុជា​បាន​សម្រេច​បញ្ជូន​កីឡា​ចំនួន ១២ ប្រភេទ​ទៅ​ចូល​រួម​ប្រកួត​ស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ។

ថ្នាក់​ដឹក​នាំ ១៣ នាក់ និង​​កីឡាករ កីឡាការិនី គ្រូ​បង្វឹក​ចំនួន ៥១​នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​ថៃ​ចន្លោះ​​នៅ​ថ្ងៃ​ទី​៨ ដល់ ទី៩ ខែ​ធ្នូ ឆ្នាំ ២០២៥។ ប្រតិភូ និង​អត្តពលិក​កម្ពុជា​បាន​ចូល​រួម​ពិធី​​គោរព​ទង់​ជាតិ​ជា​ផ្លូវ​ការ​នៅ​រសៀល​ថ្ងៃ​ទី​៨ ខែ​ធ្នូ និងបាន​ចូល​រួម​ពិធីបើក​ជា​ផ្លូវ​ការ​នៅ​យប់​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ ២០២៥។

តាម​ការ​គ្រោង​ទុក​កីឡា​ចំនួន ៦​ប្រភេទ​ត្រូវ​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១១ ថ្ងៃទី​១៤ និង​ថ្ងៃ​ទី​១៦ ខែ​ធ្នូ  ឆ្នាំ ២០២៥។

ទោះ​បី​ជា​យ៉ាងណា ដោយសារ​បារម្ភ​ពីហានិភ័យ​នៃ​សុវត្ថិភាព​កាន់​តែ​ខ្ពស់ ខណៈ​ជម្លោះ​ព្រំ​ដែន​កាន់​តែ​អាក្រក់ ដូច្នេះ​ថ្នាក់​ដឹក​នាំ​ប្រតិភូ​កីឡា​កម្ពុជា​ដែល​មាន​លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ដាក់​លិខិត​ជា​ផ្លូវ​ការ​ទៅ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ពី​ការ​ដក​ខ្លួន​គ្រប់​គ្រប់​ប្រភេទ​​កីឡា​ពី​ការ​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ ២០២៥។

ការ​សម្រេច​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ គឺ​ក្នុង​នាម​ជា​សមាជិក​នៃ​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ និង​ដើម្បី​បំពេញ​កាតព្វកិច្ចលើ​ឆាក​អន្តរជាតិ​​ស្រប​តាម​គោលការណ៍​របស់​អូឡាំពិក​ដែល​កីឡា​ជា​ទូត​នាំ​មក​នូវ​សាមគ្គីភាព មិត្តភាព និង​ការ​រួប​រួម។ តាមរយៈ​​ការ​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ក្នុង​ពិធី​គោរព​ទង់​ជាតិ​នៃ​ប្រទេស​ទាំង ១១​ និង​ពិធី​បើក​ជា​ផ្លូវ​ការ​ គឺ​មាន​ន័យ​ថា កម្ពុជា​បាន​បំពេញ​ភារកិច្ចហើយ ហើយ​ក៏​គ្មាន​ស្ថាប័ន​កីឡា​អន្តរជាតិ​ណា​ចោទ​លើ​កម្ពុជា​ថា គ្មាន​ស្មារតី​ជា​អ្នក​កីឡា​ដែរ។

ការ​សម្រេច​ចិត្ត​ដក​ខ្លួន​នេះ​ទទួល​បាន​សាទរ​ពី​មហាជន​កម្ពុជា ដោយសារ​ពួក​គាត់បារម្ភ​ពី​សុវត្ថិភាព​ជា​ចម្បង​របស់​ប្រតិភូ និងអត្តពលិក​ដែល​ស្ថិត​នៅ​ប្រទេស​ថៃ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម