កីឡា
គ្រូខ្មែរ៤រូប គ្រូបរទេស៦រូបប្រជែងលីគកំពូលកម្ពុជារដូវកាលថ្មី
ខេមបូឌានព្រីមៀរលីគរដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ដោយមានក្លិបចំនួន១០ចូលរួមប្រកួតប្រជែង។ ក្នុងចំណោមគ្រូបង្វឹកទាំងនេះ មានគ្រូបង្វឹកជនជាតិខ្មែរ៤រូបដែលត្រូវប្រជែងជាមួយគ្រូបង្វឹកបរទេស៦រូប។
រដូវកាលថ្មីនេះមានក្លិបចំនួន១០គឺម្ចាស់ជើងឯកភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា ណាហ្គាវើលដ៍ បឹងកេត ក្រសួងការពារជាតិ អង្គរថាយហ្គឺរ និងគិរីវង់សុខសែនជ័យ ខណៈក្លិបថ្មីពីរទៀតត្រូវបានដាក់បញ្ចូលឲ្យប្រកួតប្រជែងក្នុងរដូវកាលនេះគឺ អាយអេសអាយ ដង្កោសែនជ័យ និង ខេត្តព្រៃវែង។
លោក Listair Heath គ្រូបង្គោលក្លិបអង្គរថាយហ្គឺរ

ក្លិបដែលមានម្ចាស់ជាជនជាតិជប៉ុននៅខេត្តសៀមរាបបានតែងលោក Alistair Heath ជាគ្រូបង្គោលកាលពីឆ្នាំ២០២១។ លោកជាគ្រូបង្វឹកសញ្ជាតិអង់គ្លេសដែលមានសញ្ញាបត្រ UEFA A- LICENCE ឆ្នាំ២០១៦។ គ្រូវ័យ៣៨ឆ្នាំរូបនេះធ្លាប់ធ្វើជាគ្រូបង្វឹកយុវជនក្លិបអាយុ ១៧ឆ្នាំ និង២៣ឆ្នាំ នៅក្លិប Leicester City F.C. របស់ប្រទេសអង់គ្លេស់ តាំងពីឆ្នាំ ២០១៥ ដល់ ២០២១។ លោកមានព័ត៌មានធ្លាប់ដឹកនាំក្លិបនៅកូរ៉េខាងត្បូង និងថៃផងដែរ។
លោក Clement Teo គ្រូបង្គោលក្លិបបឹងកេត

បឹងកេតបានតែងតាំងលោក Clement Teo ជាគ្រូបង្គោលកាលពីខែមករា ឆ្នាំ២០២៣។ លោកជាគ្រូបង្វឹកដែលមានបទពិសោធច្រើននៅលីគកំពូលសិង្ហបុរីក្នុងនោះដឹកនាំក្លិប Katong FC មុនពេលបន្តដឹកនាំក្លិប Woodlands Wellington FC ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ ក្នុងនាមជាគ្រូជំនួយ។ ឆ្នាំ២០១៣ ដល់២០១៥ លោកបានក្លាយជានាយកបច្ចេកទេសរបស់ក្លិប Tampines Rovers Football Club មុនពេលជាគ្រូបង្គោលក្លិប Houngang United FC ពីឆ្នាំ២០១៨-២០២២។ លោកបានក្លាយជាគ្រូបង្វឹកឆ្នើមឆ្នាំប្រចាំនៅលីគសិង្ហបុរីក្នុងឆ្នាំ២០២១។
លោក John Botioba គ្រូបង្គោលក្លិបអាយអេសអាយ ដង្កោសែនជ័យ

សមាជិកថ្មីនៃខេមបូឌានព្រីមៀរលីគ អាយអេសអាយ ដង្កោសែនជ័យដឹកនាំដោយគ្រូបង្វឹកសញ្ជាតិកាមេរ៉ូន Botiba Bouyaloua Jean ដែលជាក្លិបធំដំបូងសម្រាប់លោកក្នុងនាមជាគ្រូបង្វឹក។ ដើមឡើយលោកបានចូលមកកម្ពុជាក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់ដោយធ្លាប់បានលេងឲ្យក្លិបពាក់កណ្តាលអាជីព Khmer United និងបានធ្វើជាគ្រូបង្វឹកក្រុមតូចៗជាបន្តបន្ទាប់រហូតបានក្លាយជាគ្រូបង្គោលនៅក្លិបធំតែម្តង។
លោក សាប៊ូន វិនតា គ្រូបង្គោលក្លិបគិរីវង់សុខសែនជ័យ

គ្រូបង្វឹកកាន់សញ្ញាប័ត្រ AFC “A” License ត្រូវបានតែងតាំងជាគ្រូបង្គោលក្លិបគិរីវង់សុខសែនជ័យកាលពីដើមឆ្នាំ២០២៣។ ក្នុងនាមជាគ្រូបង្វឹកថ្មី លោកបាននាំគិរីវង់សុខសែនបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខេមបូឌានលីគខាប ឆ្នាំ២០២៣។ លោក សាប៊ូន វិនតា មានបទពិសោធក្នុងអាជីពបណ្តុះបណ្តាលបាល់ទាត់ ក្នុងនោះលោកធ្លាប់ជានាយកបច្ចេកទេសក្លិបបាល់ទាត់ ISI-DSC FC និង នាយកអភិវឌ្ឍយុវជនក្លិបបាល់ទាត់បឹងកេត ព្រមទាំងថ្នាលយុវជននៅសាលាបាល់ទាត់ជាតិបាទី។
លោក ឃីម បូរី គ្រូបង្គោលក្លិបណាហ្គាវើលដ៍

លោក ឃីម បូរី ពិតជាល្អមែនទែនដែលបានចាប់អាជីពជាគ្រូបង្វឹកលើកដំបូងនៅក្លិបធំតែម្តងកាលពីរដូវកាលមុន។ បន្ទាប់ពីលោក មាស ចាន់ណា បានចាកចេញពីតួនាទីជាគ្រូបង្វឹកនៅក្លិបណាហ្គាវើលដ៍ អតីតកីឡាករនៅក្លិបដដែលនេះត្រូវបានផ្តល់ឱកាសឲ្យកាន់តួនាទីជាគ្រូបង្វឹកបណ្តោះអាសន្ន និងបានក្លាយជាគ្រូពេញសិទ្ធតែម្តង។
កាលពីឆ្នាំ២០២២នេះ លោក ឃីម បូរី មិនទាន់មានអាជ្ញាប័ណ្ណ (License) ស្របទៅតាមលក្ខន្តិកៈ បានកំណត់នៃលីគកំពូលកម្ពុជា ដែលបានកំណត់ឱ្យគ្រូបង្គោលទាបបំផុតត្រូវមានអាជ្ញាប័ណ្ណ A-License ដូច្នេះណាហ្គាវើលដ៍បានចាត់តាំងលោក Jose Alves Borges នាយកបច្ចេកទេស ឱ្យធ្វើជាគ្រូបង្គោលតំណាងក្លិបសិន។
លោក Oleg Starynskyi គ្រូបង្គោលក្លិបភ្នំពេញក្រោន

លោក Oleg Starynskyi ជាគ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនដែលមានសញ្ញាប័ត្រកម្រិត UEFA A-License។ បន្ទាប់ពីចូលខ្លួនមកដឹកនាំភ្នំពេញក្រោនជាលើកទី២ កាលពីឆ្នាំ២០២០ លោកបានជួយឲ្យក្លិបឈ្នះពានរង្វាន់៤ក្នុងពីរដូវកាលជាប់គ្នាគឺជើងឯកលីគកំពូលកម្ពុជារដូវកាល២០២១-២២ និង២០២២-២៣ ហើយបានឈ្នះជើងឯកខេមបូឌានលីគខាប់២រដូវកាល២០២១-២២ និង២០២២-២៣។ លោកធ្លាប់ដឹកនាំភ្នំពេញក្រោនលើកទី១ពីឆ្នាំ២០១៦-២០១៧។
លោក Pep Muñoz គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង

លោក Pep Muñoz បានក្លាយជាគ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងកាលពីខែឧសភា ឆ្នាំ២០២៣។ បុរសអាយុ៤៣ឆ្នាំ គឺជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលកាន់អាជ្ញាប័ណ្ណ UEFA Pro-License ដែលមានបទពិសោធជាង១៩ឆ្នាំ។ ចាប់ផ្តើមអាជីពដំបូងនៅក្រុម UE Lleida ក្នុងប្រទេសអេស្ប៉ាញ មុនពេលលោកទៅចូលរួមជាមួយក្លិបយក្ស FC Barcelona។ ចំណាលពេល៤ឆ្នាំជាមួយក្រុមយុវជន U19 និង Barcelona B លោកបានជួយឲ្យក្រុមឈ្នះពានរង្វាន់ U19 UEFA Champion League ម្តង និងឈ្នះពានលីគ២ដង មុនទៅកាន់ប្រទេសចិន ដែលជាកន្លែងលោកចំណាយពេល ៧ឆ្នាំដឹកនាំក្រុមជាច្រើននៅទីនោះដូចជា Huanghai FC, Shandong Fc និងក្រុមជម្រើសជាតិចិន។
លោក ឡុង រិទ្ធា គ្រូបង្គោលក្លិបព្រៃវែងអេហ្វស៊ី

លោក ឡុង រិទ្ធា ដែលជាគ្រូបង្វឹកកាន់សញ្ញាប័ត្រ A-License ធ្លាប់ជាគ្រូបង្វឹកយុវជននៅសាលាបាល់ទាត់ជាតិបាទី មុនពេលចូលដឹកនាំអតីតក្លិបវេស្ទើនជាច្រើនឆ្នាំ។ បន្ទាប់មកលោកបានដឹកនាំក្រុមយុវជនអាយុក្រោម១៥ឆ្នាំរបស់ក្លិបបាល់ទាត់វិសាខា និងចុងក្រោយដឹកនាំក្លិបព្រៃវែងអេហ្វស៊ីរហូតដល់បច្ចុប្បន្ន។
លោក ភា សុភ័ក្ត្រា គ្រូបង្គោលក្លិបក្រសួងការពារជាតិ

លោក ភា សុភ័ក្ត្រា មានសញ្ញាបត្រកម្រិត A-License ដែលមានជំនាញវិភាគ អត្ថាធិប្បាយ និងគ្រូបង្វឹកបាល់ទាត់។ លោកធ្លាប់បានដឹកនាំក្រសួងការពារជាតិម្តងហើយកាលពីឆ្នាំ២០១៨ និងបានវិលមកកាន់តួនាទីនេះវិញនៅឆ្នាំ២០២៣សម្រាប់រដូវកាលថ្មី។ លោកធ្លាប់ដឹកនាំក្រុម Cambodian All Stars និងជាគ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។
លោក Simon McMenemy គ្រូបង្គោលក្លិបវិសាខា

លោក Simon McMenemy ជនជាតិស្កុតឡេន វ័យ៤៥ឆ្នាំជាគ្រូដែលមានបទពិសោធច្រើនមុនពេលចូលខ្លួនមកដឹកនាំក្លិបវិសាខា។ លោកបានជួយក្រុមជម្រើសជាតិហ្វីលីពីន ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងពានរង្វាន់ AFF Championship កាលពីឆ្នាំ ២០១០ និងបានក្លាយជាគ្រូបង្វឹកឆ្នើមនៅលីគកំពូលឥណ្ឌូណេស៊ី Liga 1 ឆ្នាំ២០១៧ ដែលជាពេលលោកឈ្នះជើងឯកលីគកំពូលឥណ្ឌូណេស៊ី Liga 1 ជាមួយក្លិប Bhayangkara FC និងឆ្នាំ២០១៩ដឹកនាំក្រុមជម្រើសជាតិឥណ្ឌូណេស៊ី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៩ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


