កីឡា
ប្រវត្តិប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តាំងពីបង្កើតផ្លូវការ
សហព័ន្ធកីឡាប្រដាល់ខ្មែរស្ម័គ្រចិត្តត្រូវបានបង្កើតឡើងជាផ្លូវការនៅឆ្នាំ១៩៩៦ រហូតដល់ពេលនេះមានរយៈពេល២៨ឆ្នាំ។ សហព័ន្ធនេះគ្រប់គ្រងលើកីឡាប្រដាល់សកល និងកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ។
នៅឆ្នាំ២០១៦ សហព័ន្ធកីឡាប្រដាល់ខ្មែរស្ម័គ្រចិត្តត្រូវបានបំបែកចេញជាពីរផ្សេងគ្នាគឺ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងសហព័ន្ធកីឡាប្រដាល់សកលកម្ពុជារហូតដល់បច្ចុប្បន្ន។

គិតចាប់តាំងពីឆ្នាំ១៩៩៦រហូតដល់ឆ្នាំ២០២៤ មានបុគ្គល៤រូបបានកាន់តួនាទីជាប្រធាន។ ជាទូទៅ១អាណត្តិមានរយៈពេល៤ឆ្នាំ។ លោកព្រឹទ្ធាចារ្យ ព្រំ ភិច បានធ្វើជាប្រធានអាណត្តិទី១ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០០។
ឧកញ៉ា អ៊ុំ យូរ៉ាន់ បានធ្វើជាប្រធាន២អាណត្តិគឺពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៨។ ក្រោយមក លោក តែម ម៉ឺន បានធ្វើជាប្រធាន៤អាណត្តិគឺពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៤។ លោកបានកាន់តួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរយូរជាងគេបំផុតគិតត្រឹមឆ្នាំ២០២៤។
លោក តែម ម៉ឺន បានលាឈប់ពីប្រធាននៅចុងខែមីនា ឆ្នាំ២០២៤ ក្នុងពេលអាណត្តិទី៧មិនទាន់ចប់ និងបានតែងតាំងលោក ខូវ ឆាយ ធ្វើជាប្រធាននៅថ្ងៃទី២៩ ខែមីនា ដើម្បីបន្តដឹកនាំរហូតចប់អាណត្តិទី៧ (២០២១-២០២៥)។ ក្នុងចំណោមប្រធាន៤រូប លោក ខូវ ឆាយ ជាប្រធានវ័យក្មេងជាងគេបំផុត។
ក្នុងអាណត្តិទី១របស់លោកព្រឹទ្ធាចារ្យ ព្រំ ភិច កីឡាប្រដាល់ក្បាច់គុនខ្មែរបានចាប់ផ្តើមរៀបចំឲ្យលក្ខន្តិកៈ គោលការណ៍ និងច្បាប់ត្រឹមត្រឹមត្រូវ ប៉ុន្តែនៅមិនទាន់មានសកម្មភាពសុះសាយខ្លាំងទេ ពីព្រោះជាដំណាក់កាលកំពុងកសាងធនធានមនុស្ស។

អាណត្តិទី២ និងទី៣ ក្រោមការដឹកនាំរបស់ឧកញ៉ា អ៊ុំ យូរ៉ាន់ កីឡាប្រដាល់គុនខ្មែរចាប់ផ្តើមមានសកម្មភាពប្រកួតកាន់តែច្រើន។ តាមសង្វៀនប្រដាល់ទូរទស្សន៍ក្នុងស្រុកមានការប្រកួតមិត្តភាពជាតិ និងអន្តរជាតិច្រើនដែលត្រូវបានគេមើលឃើញមានការប្រកួតមិត្តភាពអន្តរជាតិ២ទៅ៣ខែម្តង និងមានចេញទៅប្រកួតនៅក្រៅប្រទេស។
សម្រាប់អាណត្តិទី៤ដល់ទី៧ ក្រោមការដឹកនាំរបស់លោក តែម ម៉ឺន ប្រដាល់គុនខ្មែរទទួលបានការចាប់អារម្មណ៍ពីមហាជនខ្លាំង។ ការប្រកួតមិត្តភាពអន្តរជាតិធ្វើឡើងជារៀងរាល់សប្តាហ៍ កីឡាករបរទេសមកប្រកួតដណ្តើមខ្សែក្រវាត់ ពានរង្វាន់នៅក្នុងស្រុកកាន់តែផុលផុស ហើយកីឡាករគុនខ្មែរបានចេញទៅប្រកួតនៅក្រៅប្រទេសញឹកញាប់។
ជាពិសេស កីឡាករគុនខ្មែរ២រូបបានឈ្នះខ្សែក្រវាត់ ISKA ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ កីឡាករគុនខ្មែរបានឈ្នះមេដាយមាសស៊ីហ្គេម។ កីឡាគុនខ្មែរត្រូវបានបង្កើតសហព័ន្ធគុនខ្មែរអន្តរជាតិដែលមានសមាជិកជាង៥០ប្រទេស។ កីឡាគុនខ្មែរបានចូលជាធរមានក្នុងធម្មនុញ្ញកីឡាស៊ីហ្គេម កម្មវិធីប្រកួតកាន់តែច្រើន និងកម្លាំងចលករគាំទ្រយ៉ាងខ្លាំងពីមហាជន ក៏ដូចជាសំបូរម្ចាស់ឧបត្ថម្ភកាន់ ប្រាក់រង្វាន់កាន់តែច្រើន។

សម្រាប់ចុងអាណត្តិទី៧ លោក ខូវ ឆាយ កាន់តែយល់ច្បាស់ពីស្ថានភាពប្រដាល់គុនខ្មែរស្របតាមនិន្នាការគាំទ្រពេញនិយមតាមបណ្តាញសង្គម។ លោកបានតាំងចិត្តនាំគុនខ្មែរឲ្យរីកចម្រើនឈានដល់កម្រិតពិភពលោក និងមិនឲ្យចាញ់ប្រទេសជិតខាង។

ប្រវត្តិប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
- លោកព្រឹទ្ធាចារ្យ ព្រំ ភិច៖ អាណត្តិទី១ ឆ្នាំ១៩៩៦-២០០០
- ឧកញ៉ា អ៊ុំ យូរ៉ាន់៖ អាណត្តិទី២ ៣ ឆ្នាំ២០០០-២០០៤, ឆ្នាំ២០០៤-២០០៨
- លោក តែម ម៉ឺន៖ អាណត្តិទី៤ ៥ ៦ ៧ គឺ ឆ្នាំ២០០៨-២០១២, ឆ្នាំ២០១២-២០១៦, ឆ្នាំ២០១៦-២០២១, ឆ្នាំ២០២១-២០២៥
- លោក ខូវ ឆាយ៖ បន្តអាណត្តិទី៧ ឆ្នាំ២០២៤-២០២៥




អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


