កីឡា
អតីតយុវជនបឹងកេត មឿនលីម សុបញ្ញា ក្លាយជាកីឡាករជឺជីតស៊ូដ៏ឆ្នើម
កីឡាករ មឿនលីម សុបញ្ញា មានបំណងក្លាយជាកីឡាករបាល់ទាត់អាជីព ប៉ុន្តែចុងក្រោយបានក្លាយជាកីឡាករជឺជីតស៊ូតជម្រើសជាតិកម្ពុជាដ៏ជោគជ័យលើឆាកអន្តរជាតិ។
ពីក្មេងស្រឡាញ់បាល់ទាត់ ដល់ធំក្លាយជាកីឡាករជឺជីតស៊ូ
សុបញ្ញា បានរៀបរាបថា ខ្លួនមានកំណើតនៅរាជធានីភ្នំពេញ ប៉ុន្តែឪពុកម្តាយជាអ្នកខេត្តកំពង់ចាម។ កាលពីតូច រូបគេចូលចិត្តបាល់ទាត់ទាំងមើលតាមទូរទស្សន៍ ទៅមើលផ្ទាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក និងលេងបាល់ទាត់។ ចំណង់ចំណូលចិត្តលើបាល់ទាត់បានបើកផ្លូវឲ្យខ្លួនទទួលបានឱកាសហ្វឹកហាត់ត្រឹមត្រូវនៅក្នុងក្រុមយុវជនអាយុ១៥ឆ្នាំរបស់ក្លិបបឹងកេត។

កីឡាករបានប្រាប់ថា ៖«កាលពីក្មេង ខ្ញុំហាត់បាល់ទាត់ រហូតបានជាប់ក្រុមយុវជនបឹងកេត អាយុ ១៥ឆ្នាំ។ នៅពេលនោះ ប៉ារបស់ខ្លួនមិនសូវពេញចិត្តកីឡាបាល់ទាត់ទេ ដោយសារកីឡានេះហានិភ័យខ្ពស់ គាត់ឲ្យខ្ញុំឈប់ពីបាល់ទាត់។ ខ្ញុំស្រឡាញ់បាល់ទាត់ណាស់។ ខ្ញុំចូលចិត្តលេង ហើយមើលតាមទូរទស្សន៍រហូត។ ពេលខ្ញុំបានចូលហ្វឹកហាត់នៅក្រុមយុវជនបឹងកេត គេសរសើរខ្ញុំថា មានបច្ចេកទេសល្អ ធ្វើឲ្យខ្ញុំកាន់តែមានទឹកចិត្តប្រឹងប្រែង តែប៉ារបស់ខ្ញុំអត់ចង់ឲ្យចាប់អាជីពបាល់ទាត់។ គាត់ឲ្យខ្ញុំបោះបង់ចោលបាល់ទាត់ ធ្វើឲ្យខ្ញុំពិបាកចិត្ត សោកស្តាយយ៉ាងខ្លាំង»។
ទោះបីជាដើរចេញពីកីឡាបាល់ទាត់ ក៏យុវជនរូបនេះមិនឃ្លាតទៅណាឆ្ងាយពីកីឡាឡើយ។ នៅដើមឆ្នាំ ២០២២ មឿនលីម សុបញ្ញា បានចាប់អារម្មណ៍នឹងកីឡាជឺជីតស៊ូ។ កីឡាករបានប្រាប់ថា ពេលខ្លួនមើលការប្រកួតកីឡាគុនចម្រុះ រូបគេបានចាប់អារម្មណ៍ពីក្បាច់ប្លែកៗដូចជាក្បាច់ឃ្លេ ចំបាប់ និងជឺជីតស៊ូជាដើម។ ពេលនោះ រូបគេស្គាល់ក្លិបជឺជីតស៊ូមួយឈ្មោះ «គិរី» ហើយក៏បានទៅសុំហ្វឹកហាត់។

សុបញ្ញា បានបន្តរៀបរាប់ថា ៖«ពេលខ្ញុំហាត់កីឡាជឺជីតស៊ូដំបូង គឺពិបាកដែរ ពីព្រោះកីឡានេះមានក្បាច់ បច្ចេកទេសច្រើន ខុសប្លែកពីកីឡាបាល់ទាត់។ បញ្ហាលំបាកជាងគេគឺខ្ញុំបានហាត់កីឡាបាល់ទាត់តាំងពីតូច ដល់មកហាត់កីឡាជឺជីតស៊ូគឺប្លែក»។ ការហ្វឹកហាត់កីឡាជឺជីតស៊ូពីដំបូងៗមិនបានប្រាប់ឪពុកម្តាយឲ្យដឹងឡើយ ដោយសារពួកគាត់មិនចង់ឲ្យចាប់អាជីពកីឡា។ ទាល់តែរូបគេចូលរួមប្រកួតកីឡាជឺជីតស៊ូថ្នាក់ជាតិ ចុងឆ្នាំ ២០២២ ទើបទទួលបានការគាំទ្រលើកទឹកចិត្តពីឪពុក បន្ទាប់ពីរូបគេបានឈ្នះមេដាយប្រាក់ថ្នាក់ជាតិ។
កីឡាករបាននិយាយថា ៖«ប៉ារបស់ខ្ញុំឲ្យរៀន គណនេយ្យ និងហិរញ្ញវត្ថុ ពីព្រោះគាត់ធ្វើការងារផ្នែកនេះ។ គាត់ចង់ឲ្យខ្ញុំធ្វើការផ្នែកនេះដែរ។ គាត់អត់ចង់ឲ្យចាប់អាជីពកីឡាទេ»។

ការប្រកួតលើឆាកអន្តរជាតិ
កីឡាករ មឿនលីម សុបញ្ញា ត្រូវបានកោះហៅចូលជម្រើសជាតិជឺជីតស៊ូកម្ពុជា និងទទួលបានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសជាច្រើនលើក ក្រោយហ្វឹកហាត់ និងបានចូលរួមប្រកួតថ្នាក់ជាតិ។ រូបគេមិនបានចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូងទេ។ ទោះបីជាយ៉ាងណា ចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៥ រូបគេបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើនទាំងកម្រិតអាស៊ាន អាស៊ី និងតំបន់។ ជាក់ស្តែង កីឡាទ្វីបអាស៊ី Asian Games ឆ្នាំ ២០២៣ នៅប្រទេសចិន។ ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ាន ការប្រកួតកីឡាជឺជីតស៊ូជើងឯកអាស៊ីថ្នាក់តំបន់ ឆ្នាំ ២០២៤ និង ២០២៥។
កាលពីដើម ឆ្នាំ ២០២៥ មឿនលីម សុបញ្ញា បានចេញទៅហ្វឹកហាត់នៅសហរដ្ឋអាមេរិករយៈពេល ៣ ខែ។ នៅទីនោះ រូបគេក៏បានចូលរួមប្រកួតក្នុងកម្មវិធីមួយចំនួនដោយបានឈ្នះមេដាយមាស ២គ្រឿង ថែមទៀតផង។

សមិទ្ធផល
គិតត្រឹមខែកក្កដា ឆ្នាំ ២០២៥ កីឡាករ មឿនលីម សុបញ្ញា បានឈ្នះមេដាយអន្តរជាតិមិនក្រោម ២០ គ្រឿងឡើយ ទាំងការប្រកួតតំណាងឲ្យក្លិប និងតំណាងជាតិ។ នៅឆ្នាំ ២០២៥ រូបគេបានឈ្នះមេដាយមាស ៤ និងប្រាក់ ២ ពីព្រឹត្តិការណ៍អន្តរជាតិផ្សេងដូចជា SEA Ju-Jitsu Championship, Asian Ju-Jitsu Championship និងការប្រកួតនៅសហរដ្ឋអាមេរិក Nationals Jiu-Jitsu Open។
ឆ្នាំ ២០២៤ រូបគេបានឈ្នះមេដាយមាស ៨ ប្រាក់ ១ និងសំរិទ្ធ ១ ពីព្រឹត្តិការណ៍អន្តរជាតិនានាដូចជា ASIAN Regional Championship Southeast Asia, AFG OPEN International និង Ju-Jitsu Thailand Championship ព្រមទាំងព្រឹត្តិការណ៍អន្តរជាតិមួយចំនួនទៀតដែលរូបគេចាំមិនអស់។

កីឡាករបានលើកឡើងថា ៖«គោលដៅសំខាន់របស់ខ្ញុំគឺចង់ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ធំផ្លូវការគឺកីឡាស៊ីហ្គេម កីឡាទ្វីបអាស៊ី និងមេដាយមាសពិភពលោកជូនជាតិ»។
កីឡាផ្តល់ឲ្យស្មារតីរឹងមាំ
កាលពីកុមារភាព មឿនលីម សុបញ្ញា មិនសូវមែនចេះនិយាយច្រើន ឬប្រាស្រ័យទំនាក់ល្អជាមួយអ្នកដទៃឡើយ ប៉ុន្តែការចាប់អាជីពកីឡាបានផ្តល់ឲ្យរូបគេមានសុខភាពល្អ ស្មារតីល្អ និងទំនាក់ទំនងល្អជាមួយអ្នកដទៃ។
កីឡាករបានលើកឡើងថា ៖«បច្ចុប្បន្ន ខ្ញុំជឿជាក់លើខ្លួនឯង និងចេះគោរពមនុស្សជុំវិញខ្លួនល្អ។ កាលពីមុន ខ្ញុំអៀនច្រើន មិនចង់និយាយ ខ្លាច ខ្មាសអៀនពេលនិយាយជាមួយដទៃ»។
សព្វថ្ងៃ កីឡាករ មឿនលីម សុបញ្ញា ជានិស្សិតជំនាញ«គណនេយ្យ និងហិរញ្ញវត្ថុ»នៅសាលា CamEd ក្នុងរាជធានីភ្នំពេញ។ កីឡាករសូមអរគុណដល់អ្នកមានគុណ និងក្រុមគ្រួសារដែលជួយទំនុកបម្រុង គាំទ្រ និងលើកទឹកចិត្តរូបគេ។ ជាមួយគ្នានេះ រូបគេក៏សូមអរគុណដល់លោកគ្រូ Jasper Paas និងគ្រូនៅសាលាដែលបានឧបត្ថម្ភលើកទឹកចិត្ត ព្រមទាំងថវិកាសម្រាប់ការហ្វឹកហាត់រហូតមក៕







អត្ថបទ៖ វីរបុត្រ
រូបភាពរបស់សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


