Connect with us

ព័ត៌មានអន្ដរជាតិ

អនុទីនចេញមុខសុំទោស​ពលរដ្ឋ ក្រោយ​និយាយថា «ថៃ​រំលោភបំពាន​លើ​កម្ពុជា»

បានផុស

នៅ

លោក អានុទីន ឆានវីរៈគុល បានសុំទោសចំពោះការលើកឡើង​មួយ​ដែល​ថា ប្រទេសថៃក៏​បាន«រំលោភបំពានមកលើកម្ពុជាផងដែរ» ដែល​​ឃ្លា​នេះ​បង្ក​ឲ្យ​ពលរដ្ឋ​ថៃ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ជា​ខ្លាំង និង​បង្ហាញ​ពី​ការ​ខឹង​សម្បារ​ចំពោះ​នាយករដ្ឋមន្ត្រី​រូប​នេះ។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្ដិ៍​នា​ថ្ងៃ​ចន្ទ​ទី​៣​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥។

លោក អានុទីន ឆានវីរៈគុល (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អនុទីន​សន្យាថានឹង​ប្រយ័ត្ន​មាត់​កាន់តែខ្លាំងនៅក្នុងសេចក្តីថ្លែងការណ៍នាពេលអនាគតស្តីពីបញ្ហាទ្វេភាគីដ៏រសើប​នេះ។ បន្ទាប់ពីត្រឡប់ពីកិច្ចប្រជុំកំពូល Apec លើកទី​៣២​នៅប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រី​វ័យ​៥៩​ឆ្នាំ​ បាន​បញ្ជាក់​កាល​ពីយប់​ថ្ងៃ​សៅរ៍​ថា «ទាក់ទងនឹងការអត្ថាធិប្បាយរបស់ខ្ញុំអំពីការលុកលុយតាមព្រំដែន ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះប្រជាជនថៃទាំងអស់»។ លោក​អនុទីន បាន​ប​ន្ថែម​ថា «ខ្ញុំបន្ទោសខ្លួនឯងចំពោះកំហុសរបស់ខ្ញុំ និងចំពោះការខកខានក្នុងការប្រាស្រ័យទាក់ទងច្បាស់លាស់។ ខ្ញុំនឹងប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីការពារកំហុសនាពេលអនាគត។ ខ្ញុំសុំទោសដែលបណ្តាល​ឲ្យ​មានការព្រួយបារម្ភ និងការយល់ច្រឡំ»។

លោក​បានសង្កត់ធ្ងន់ថា ប្រទេសថៃនឹងមិនបាត់បង់ទឹកដី ឬអធិបតេយ្យភាពណាមួយឡើយ ហើយរដ្ឋាភិបាលនឹងប្រើប្រាស់«រាល់វិធានការដែលមាន» រួមទាំង គណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មការព្រំដែន ចម្រុះថៃ-កម្ពុជា (JBC) និង គណៈកម្មាធិការព្រំដែនតំបន់ (RBC) ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។

ទន្ទឹម​នោះ លោក​ក៏​បាន​អះអាង​ដែរ​​ថា ការ​សម្រេច​ចិត្ត​ណា​មួយ​ក្នុង​ការ​​បើក​ច្រក​ព្រំដែន​ឡើង​វិញ ​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​​បាន​ពិគ្រោះ​យោបល់​ជា​សាធារណៈ ​ដោយ​និយាយ​ថា ​ដំណើរការ​នឹង​ធានា​បាន​នូវ«ភាព​ច្បាស់លាស់ និង​ការ​ឯកភាព​ជាតិ»។

ការសុំទោសរបស់លោក​អានុទីន បានធ្វើឡើងបន្ទាប់ពីការរិះគន់ជុំវិញការលើកឡើងរបស់លោកក្នុងអំឡុង​កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧​នៅទីក្រុងកូឡាឡាំពួរ ដោយលោក​​បាន​និយាយ​ថា «មានតំបន់ដែលកម្ពុជាបានទន្ទ្រានមកលើយើង ហើយយើងក៏ត្រូវតែទទួលស្គាល់ថាមានតំបន់ដែលថៃបានរំលោភលើទឹកដីរបស់ពួកគេដែរ»។

ការ​លើក​ឡើង​នេះ​ បាន​ជំរុញ​ឲ្យ​មាន​ការ​រិះគន់​នៅ​ក្នុង​ប្រទេស​ ដោយ​​​​​​​ចោទ​​​ថា ​វា​​បង្កប់​ន័យ​ថា ​ប្រទេស​ថៃ​​បាន​ទទួល​ខុស​​ចំពោះ​ភាព​តានតឹង​ព្រំដែន​ថ្មីៗ​នេះ។ យ៉ាណា លោក​អនុទីន ក្រោយមកបានបំភ្លឺថា ចេតនារបស់លោកគឺចង់សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ និងតម្លាភាពរវាងប្រជាជាតិទាំងពីរ មិនមែនដើម្បីទទួលកំហុសនោះទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម