Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិបត្តិករសណ្ឋាគារថៃអំពាវនាវឲ្យ​បញ្ចប់សង្រ្គាម ខណៈ​ការកក់បន្ទប់ត្រូវ​លុបចោល​ច្រើន

បានផុស

នៅ

ក្រុម​ប្រតិបត្តិករសណ្ឋាគារក្នុងតំបន់ភាគឦសាន​នៃប្រទេសថៃ កំពុងជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់ការប្រយុទ្ធគ្នាតាមព្រំដែនជាមួយ​កម្ពុជាឲ្យ​បានឆាប់រហ័ស ដោយព្រមានថា ជម្លោះនេះកំពុងបង្ក​ឲ្យ​មានការលុបចោលការកក់បន្ទប់យ៉ាងច្រើន​ និងគំរាមកំហែងដល់វិស័យទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ The Nation)

យោង​តាម​​បាងកក​ប៉ុស្តិ៍ តំណាងឧស្សាហកម្មទេសចរណ៍ថៃ បានលើកឡើងថា ក្តីបារម្ភលើបញ្ហាសន្តិសុខ គឺជាមូលហេតុចម្បងដែលនាំ​ឲ្យ​មានការលុបចោលការកក់បន្ទប់ ជាពិសេសនៅក្នុងខេត្តដែលនៅក្បែរព្រំដែន។ មានសេចក្តីរាយការណ៍ថា រាល់ការកក់សណ្ឋាគារទាំងអស់នៅក្នុងខេត្តជាប់ព្រំដែនចំនួន៤ ត្រូវបានលុបចោលទាំងស្រុង ខណៈដែលផលប៉ះពាល់នេះបានរាលដាលដល់គោលដៅទេសចរណ៍​ផ្សេង​ទៀតដែលមិន​ជាប់​ព្រំដែន រួមទាំងខេត្ត Nakhon Ratchasima ផងដែរ។

លោក Rungroj Santadvanit ប្រធានសមាគមសណ្ឋាគារថៃប្រចាំតំបន់ភាគឦសាន បាន​ប្រាប់​ថា សណ្ឋាគារមួយចំនួនក្នុងខេត្ត Nakhon Ratchasima បានជួបប្រទះការលុបចោលការកក់ក្នុងទ្រង់ទ្រាយធំ បើទោះបីជាស្ថិតនៅឆ្ងាយពីតំបន់ជម្លោះក៏ដោយ។ សណ្ឋាគារធំមួយបានរាយការណ៍ថា មានការលុបចោលបន្ទប់ជាង១២០បន្ទប់ ពីសំណាក់ភ្ញៀវទេសចរដែលបានគ្រោងធ្វើដំណើរឆ្លងកាត់ខេត្តជាច្រើន រួមទាំងតំបន់ព្រំដែនផងដែរ។

លោក Rungroj បានព្រមានថា បើការប្រយុទ្ធគ្នានៅតែបន្តរយៈពេល១ទៅ២សប្តាហ៍ទៀត ទេសចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីអាចនឹងទទួលរងការខូចខាតយូរអង្វែង ដែលមិនត្រឹមតែប៉ះពាល់ដល់សណ្ឋាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការជួញដូរតាមព្រំដែន និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ទៀតផង។ បច្ចុប្បន្ន ប្រតិបត្តិករនានាព្យាករថា អត្រាស្នាក់នៅសម្រាប់ខែធ្នូ នឹងមានត្រឹមតែ៦០-៧០%ប៉ុណ្ណោះ ដែលថយចុះពីអត្រាធម្មតាប្រហែល៨០%។

ថ្នាក់ដឹកនាំផ្នែកទេសចរណ៍ បានសង្កត់ធ្ងន់ថា ការស្តារសន្តិភាពឡើងវិញគឺជាចំណុចសំខាន់ដើម្បីជំរុញទំនុកចិត្តលើការធ្វើដំណើរឡើងវិញ ជាពិសេសនៅពេលដែលសេដ្ឋកិច្ចថៃ​កំពុងជួបការលំបាកដោយសារទឹកជំនន់នៅភាគខាងត្បូង និងការចំណាយរបស់អតិថិជនមានកម្រិតទាប។

ក្រុមសណ្ឋាគារបានលើកឡើង​ដូចៗ​គ្នា​ថា សកម្មភាពច្បាស់លាស់មួយក្នុងទិសដៅបញ្ចប់អរិភាព និងការធានាឲ្យ​មានស្ថិរភាពតាមបណ្តោយព្រំដែន គឺជាកត្តាចាំបាច់បំផុតដើម្បីការពារកុំឲ្យ​មានផលប៉ះពាល់សេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរទៅមុខទៀត៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម